Connect with us

ព័ត៌មាន

រដ្ឋផ្តល់ស្រូវពូជ និងស្បៀង ដល់ពលរដ្ឋក្នុងខេត្តពោធិ៍សាត់ជាង១ម៉ឺនគ្រួសារ ដើម្បី​ជួយ​សម្រួល​ជីវភាព​ប្រចាំ​ថ្ងៃ និងស្តារផលិតកម្មស្រូវឡើងវិញ

ភ្នំពេញ៖​ រដ្ឋាបាលខេត្តពោធិ៍សាត់បាននាំយកពូជស្រូវ និងស្បៀង ទៅចែកជូនប្រជាពលរដ្ឋជាង ១ម៉ឺន​គ្រួសារ ដែលរងប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងកាលពីថ្មីៗនេះ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទ ៥ ខែវិច្ឆិកា ឆ្នាំ​២០២៦​នេះ។​

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងក្នុងពិធីចែកពូជស្រូវ និងកញ្ចប់ស្បៀង នៅព្រឹកនេះថា ជាការពិត ក្នុងរយៈពេលកន្លងមកនេះ ខេត្តពោធិ៍សាត់បានទទួលរងឥទ្ធិពលភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបង្កឱ្យមានទឹកជំនន់នៅតំបន់មួយចំនួន និងបានប៉ះពាល់ដល់ការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិត ព្រមទាំងសកម្ម​ភាពផលិតកម្មកសិកម្មរបស់ប្រជាពលរដ្ឋ ជាពិសេស ការធ្វើស្រែចម្ការ និងការរក្សាទុកស្បៀងសម្រាប់បំពេញតម្រូវការប្រចាំថ្ងៃ។

ឯកឧត្តមបន្តថា ក្នុងនោះ ជំនន់ទឹកភ្លៀង បានបង្កឱ្យមានផលប៉ះពាល់ដល់ ក្រុង/ស្រុកចំនួន៦, ឃុំ សង្កាត់ចំនួន ២៦ ស្មើនឹង ១៦១ភូមិ និងផ្ទះចំនួន ២.៥០០ខ្នង និងប៉ះពាល់ដំណាំស្រូវចំនួន ៥.៦៦៤ហិកតា លើផ្ទៃដីសរុបជាង ១៥ម៉ឺនហិកតា (១៥៦.៩៣១ហិកតា) និងដំណាំឧស្សាហកម្មចំនួន ៣៦៣ហិកតា ព្រមទាំង ប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀត ដូចជា សាលារៀន និងផ្លូវថ្នល់ ជាដើម។​

ឯកឧត្តមបានបញ្ជាក់ថា មានប្រជាពលរដ្ឋរងផលប៉ះពាល់សរុបចំនួន១១.០០០ គ្រួសារ មកពី ៥ ស្រុក និង ១ ក្រុង ក្នុងខេត្តពោធិ៍សាត់ ដែលត្រូវទទួលបាន ស្រូវពូជ និងស្បៀង។ ក្នុងនោះ ប្រជាពលរដ្ឋចំនួន ១.៥៧៩ គ្រួសារទទួលបានស្រូវពូជ ដើម្បីជួយស្តារផលិតកម្មកសិកម្ម និងបង្កើតលទ្ធភាពឱ្យបងប្អូនប្រជាកសិករអាចបន្តការធ្វើស្រែចម្ការ និងបង្កបង្កើនផលឡើងវិញ និងប្រជាពលរដ្ឋចំនួន ៩.៤២១ គ្រួសារ ទទួលបានស្បៀង ដើម្បីជួយសម្រួលដល់តម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ និងកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារដែលរងផលប៉ះពាល់។

ឯកឧត្តមមានប្រសាសន៍ថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានជំរុញអាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធ ឱ្យពន្លឿនការជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតឡើងវិញ។ ជាមួយគ្នានេះ បានណែនាំប្រជាពលរដ្ឋឱ្យប្រើប្រាស់ស្រូវពូជ និងស្បៀងអាហារដែលទទួលបានពីជំនួយ ឱ្យចំគោលបំណង ខណៈអាជ្ញាធរនឹងបន្តតាមដាន និងដោះស្រាយបញ្ហាប្រឈមតាមលទ្ធភាព។

សូមបញ្ជាក់ថា ដោយសារប្រទេសកម្ពុជាបានរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាប់ៗគ្នា បាននាំឱ្យខេត្តចំនួន១០ នៅទូទាំងប្រទេស ត្រូវបានទទួលរងទឹកជំនន់ទឹកភ្លៀង ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋសរុបជាង ៤ម៉ឺនគ្រួសារ (៤៤.៨៨៩គ្រួសារ) និងផ្ទះសម្បែងជាង ៤ម៉ឺនខ្នង (៤០.៣៨៤ខ្នង) ព្រមទាំង ប៉ះពាល់ផ្ទៃដីបង្កបង្កើនផលស្រូវប្រមាណ ៥ម៉ឺនហិកតា (៤៩.៩២៥ហិកតា)។ ខេត្តទាំង១០នោះ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ប៉ៃលិន ពោធិ៍សាត់ ព្រះវិហារ និងឧត្តរមានជ័យ៕ អត្ថបទ​៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia