Connect with us

ព័ត៌មាន

ក្រុម AOT-KH ចុះសង្កេតការណ៍ និងរាយការណ៍ នៅស្ពានស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង

ពោធិ៍សាត់៖នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវេលាម៉ោង ០៨:១៥នាទីព្រឹកមិញនេះ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅស្ពានស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា ស្ពានស្ទឹងមេទឹក បានរងការវាយប្រហារដោយយន្តហោះចម្បាំងទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាកាសរបស់ថៃ បណ្តាលឱ្យខូចខាត និងដាច់ទាំងស្រុងមិនអាចចរាចរណ៍ទៅមកបាន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ស្ពាននេះ គឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ ដែលមានទីតាំងស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថ្លែងថា កម្ពុជានៅតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia