Connect with us

ព័ត៌មាន

ភូមិហ្រ្វង់កូហ្វូនី នៅសួនវត្តបុទុមវតី សម្រេច​ការសាងសង់បានប្រមាណ ៨០ភាគរយហើយ

ភ្នំពេញ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំ នឹង​ឈាន​ចូល​មក​ដល់​នៅ​ក្នុងសប្តាហ៍ក្រោយនេះ ។ សម្រាប់ភូមិហ្វ្រង់កូហ្វូនី ដែលជាព្រឹត្តិការណ៍អម នៃកិច្ច​ប្រជុំ​កំពូល​នោះ រហូតមកដល់ពេលនេះ បានសាងសង់សម្រេចបានប្រមាណ៨០ភាគរយ ហើយ​នឹង​ពន្លឿន​ការ​សាងសង់ឲ្យហើយរួចរាល់ នៅថ្ងៃទី១១ ខែវិច្ឆិកានេះ។

នៅថ្ងៃទី៥ ខែវិច្ឆិកានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចុះត្រួត​ពិនិត្យ​ការដ្ឋាន​សាង​សង់ភូមិហ្វ្រង់កូហ្វូនី នៅសួនវត្តបុទុមវតី និងជំរុញណែនាំ​ឲ្យ​ក្រុម​ការ​ងារ​ពន្លឿន​ការ​សាង​សង់ ​រៀបចំរចនា តុបតែងបង្ហាញអត្តសញ្ញាណខ្មែរឲ្យបានស្អាតឥតខ្ចោះ ឲ្យហើយមុន​ថ្ងៃ​ទី​១១ ​ខែវិច្ឆិកានេះ ខណៈកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំ នឹ​ង​ឈាន​ចូលមកដល់ថ្ងៃទី១៤ ខែវិច្ឆិកាសប្តាហ៍ក្រោយនេះ។

តាមការឲ្យដឹងពី ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយក អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និង​សហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ថ្លែងថា ដំណើរការសាងសង់ភូមិហ្រ្វង់កូហ្វូនី រហូត​មកដល់ពេលនេះ សាងសង់សម្រេចបាន៨០ភាគរយ ហើយនៅក្នុងអំឡុងពេលនេះ គឺនៅ​សល់​ការងារ​ដំឡើង និងការរចនា ការតុបតែង ការសម្អាតឲ្យបានស្អាតល្អឥតខ្ចោះ ហើយការ​ងារ​នេះ ​នឹងខិតខំធ្វើឲ្យហើយមុន ថ្ងៃទី១១ខែវិច្ឆិកា ដើម្បីឲ្យស្ថាប័ន ក្រុមហ៊ុន អង្គការ សមាគម ស្ថាន​ទូត ​និងតំណាងប្រទេសចូលរួមនានា រៀបចំតាំងផលិតផល សេវាកម្ម របស់គេ មុនពិធី​បើក​សម្ពោធ​ផ្លូវ​ការ ភូមិហ្វ្រង់កូហ្វូនី នៅថ្ងៃទី១៣ ខែវិច្ឆិកាឈានចូលមកដល់។

ឯកឧត្តម បណ្ឌិត បន្តថា ភូមិហ្វ្រង់ហ្វូកូនី បាននិងកំពុងសាងសង់ឡើងចំនួន៥ទីតាំងធំៗ រួមមាន៖ រៀបចំទីតាំងពន្លាជាតិជូនបណ្តាប្រទេសប្រមាណ៤០ រៀបចំទីតាំងស្តង់ពិព័រណ៍ទូទៅ និងទីតាំងភូមិម្ហូបអាហារ ប្រមាណជាង១៥០ស្តង់ រៀបចំទីតាំងឆាកប្រគំតន្ត្រី សម្តែងសិល្បៈវប្បធម៌ កម្ពុជា និងតាមប្រទេសជាសមាជិកហ្វ្រង់កូហ្វូនី និងរៀបចំទីតាំងសាលសន្និសិទ្ធប្រជុំតភ្ជាប់ដៃគូពាណិជ្ជកម្មផ្សេងៗ ដែលនឹងមានប្រទេសជាង៦០បានចូលរួមរៀបចំស្តង់ពិព័រណ៍ផងដែរ។

ឯកឧត្តមបណ្ឌិត ជុក ជំនោរ បន្តថា ភូមិហ្រ្វង់កូហ្វូនី នឹងបើកដំណើររយៈពេល៥ថ្ងៃ ចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយនឹងបើកឲ្យមហាជនចូលទស្សនាដោយសេរី ហើយភ្ញៀវជាតិ អន្តរជាតិ ដែលចូលទស្សនា នឹងទទួលបានឱកាសសិក្សាស្វែងយល់ទំនាក់ទំនងកម្ពុជា និងពិភពហ្វ្រង់កូហ្វូនី ក៏ដូចទទួលបានឱកាស និងបទពិសោធន៍ភ្លក់រសជាតិម្ហូបអាហារប្រពៃណីខ្មែរ និងអន្តរជាតិ ទស្សនាការសម្ដែងសិល្បៈ និងវប្បធម៌ជាតិ និងអន្តរជាតិ និងការបង្ហាញទស្សនីយភាពចំរុះជាតិសាសន៍នានាទៀត ចាប់ពីម៉ោង១០ព្រឹក រហូតដល់ពេល៨យប់ ។

ឯកឧត្តម បន្តថា ព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» ដែលជាបេះដូងវប្បធម៌នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នឹងផ្ដល់ឪកាសមាសសម្រាប់កម្ពុជាក្នុងការបង្ហាញអត្តសញ្ញាណជាតិ ប្រពៃណី សិល្បៈ និងផ្សព្វផ្សាយគោលដៅទេសចរណ៍សក្តានុពលតំបន់បេតិកភណ្ឌ និងផលិតផល ទេសចរណ៍ថ្មីៗ ទៅកាន់ គណៈប្រតិភូជាន់ខ្ពស់ និងភ្ញៀវអន្តរជាតិមកពីជាង ៩០ ប្រទេស ហើយក៏នឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច ការពង្រីកទីផ្សារផលិតផលក្នុងស្រុក តភ្ជាប់ដៃគូរវាងសហគ្រិន សិប្បករ ផលិតករ និងសិល្បករកម្ពុជាទៅកាន់បណ្តាប្រទេសហ្វ្រង់កូហ្វនី៕ អត្ថបទ ស៊ុម សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia