Connect with us

កីឡា

ប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ

ភ្នំពេញ៖ ប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ។

នៅអាកាសយាន្តដ្ឋានតេជោ ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការចូលរួមលើកនេះ គឺជាបទពិសោធន៍ដ៏សំខាន់មួយសម្រាប់ក្រុមអត្តពលិកនគរបាលកម្ពុជា ក្នុងការវាស់ស្ទង់សមត្ថភាព និងស្វែងយល់ពីកម្រិតបច្ចេកទេសរបស់អត្តពលិកមកពីបណ្តាប្រទេសផ្សេងៗ ជាពិសេសប្រទេសដែលមានសមត្ថភាពខ្ពស់។លោកអគ្គលេខាធិការ បានបញ្ជាក់បន្ថែមថា ការចូលរួមប្រកួតនេះ ក៏ទទួលបានការស្វាគមន៍ និងការកោតសរសើរពីសំណាក់ប្រទេសម្ចាស់ផ្ទះ ព្រមទាំងគណៈកម្មមាធិការរៀបចំការប្រកួតផងដែរ។ ទន្ទឹមនឹងនេះលោកបានជំរុញឱ្យអត្តពលិកទាំងអស់យកបទពិសោធន៍ពីការប្រកួតលើកនេះ មកពិនិត្យ និងកែលម្អចំណុចខ្វះខាតរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពបច្ចេកទេស និងត្រៀមខ្លួនឱ្យបានល្អសម្រាប់ការប្រកួតអន្តរជាតិនាពេលខាងមុខ។

សូមបញ្ជាក់ថា ការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ (The 4th USIP World Police Games 2026)បានប្រព្រឹត្តទៅនៅទីក្រុង Santo Domingo សាធារណរដ្ឋដូមីនីក ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ដោយមានប្រទេសចំនួន ៣២ ចូលរួមប្រកួតប្រជែង។

ហើយ ក្រុមអត្តពលិកកីឡាក្រសួងមហាផ្ទៃដណ្តើមបានមេដាយ៤គ្រឿងដោយ កីឡាករ នុត សេរីរដ្ឋា ឈ្នះមេដាយសំរិទ្ធលើប្រភេទកីឡាយូដូក្នុងវិញ្ញាសាប្រភេទទម្ងន់ក្រោម៦៦គីឡូក្រាម កីឡាករ ស៊ន់ បញ្ញាវឌ្ឍន៍ ឈ្នះមេដាយសំរិទ្ធយូដូក្នុងប្រភេទទម្ងន់ក្រោម៨១គីឡូក្រាម កីឡាការិនី សុខ វរល័ក្ខណ ឈ្នះមេដាយសំរិទ្ធមួយគ្រឿងលើវិញ្ញាសាហែលរបៀបកង្កែប៥០ម (Woman 50m Breaststroke) និងប្រភេទកីឡាបាល់ទះលើឆ្នេរខ្សាច់ ទទួលបានមេដាយប្រាក់ ធ្វើបានដោយកីឡាករ ធី ម៉េងហួង និងកីឡាករ មឿន ម៉េងឡាយ ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia