Connect with us

កីឡា

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការ​វាស់​ស្ទង់​សមត្ថភាព និង​ដុស​ខាត់​មន្ត្រី​ប្រតិបត្តិ​ឆ្ពោះទៅ​ធ្វើម្ចាស់ផ្ទះការប្រកួត​អន្តរជាតិធំៗ ៣

ការរៀបចំ និងគ្រប់គ្រងកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ គឺ​ជា​ការ​វាស់​ស្ទង់ស​មត្ថភាព និងជាការដុសខាត់មន្ត្រីប្រតិបត្តិការដ៏សំខាន់បំផុត ដើម្បី​រៀប​ចំ​ខ្លួន​ឆ្ពោះ​ទៅ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន៣ រួមមាន៖ ការ​ប្រកួត​កីឡា​សាកល​វិទ្យាល័យ​អាស៊ាន ឆ្នាំ២០២៨, ការប្រកួត​កីឡាអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩, និង​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី​ ឆ្នាំ២០៣១។

នៅក្នុងកិច្ចប្រជុំគណៈកម្មការរួម នៃការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦ នៅ​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា នៅសាលប្រជុំមជ្ឈមណ្ឌហ្វឹកហ្វឺនកីឡា មានការ​អញ្ជើញ​ចូលរួម​ជា​គណៈ​អធិបតី​ពី​ឯក ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឧត្តម កែ ប៊ុន ខៀង និង​ឯកឧត្តម​ សាមីឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ។

ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា ការរៀបចំ និងគ្រប់គ្រងកីឡាជាតិឆ្នាំ២០២៦ នេះ ​គឺ​ជា​ការ​សម្រួច​គោ​លដៅឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន៣ ដូចជា៖

១-ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ (23rd ASEAN University Games 2028)

២-ការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ (Asian Youth Para Games 2029) ជាមួយការបន្តលើកកម្ពស់វិស័យកីឡាជនពិការកម្ពុជាលើឆាកអន្តរជាតិ។

៣-ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ (Asian Youth Games 2031) ដែលជា ព្រឹត្តិការណ៍កីឡា យុវជនកម្រិតទ្វីបដ៏ធំ ក្នុងប្រវត្តិសាស្រ្តកីឡាកម្ពុជា។

ហេតុនេះ ការបំពេញភារកិច្ចរបស់គណៈ កម្មការរួមនាពេលនេះ គឺជាការសាងសង់មូលដ្ឋានគ្រឹះរឹងមាំសម្រាប់កិត្តិយស និងកិត្យានុភាព ជាតិនាពេលអនាគត។

ក្នុងនាមក្រសួងអបរំ ឯកឧត្តមបានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗមួយចំនួន ដើម្បីជំរុញឱ្យការរៀបចំព្រឹត្តិការណ៍ដ៏ធំរៀងរាល់២ឆ្នាំម្តងមួយនេះដំណើរការដោយរលូន និងជោគជ័យ។

ព្រឹត្តិការណ៍ឆ្នាំនេះត្រូវបានរៀបចំឡើងក្រោមបុព្វបទ «កីឡាដើម្បី ឯកភាពជាតិ» ស្របតាមទិសស្លោកដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា គឺ«យុវជនម្នាក់លេងកីឡាយ៉ាងតិច មួយប្រភេទប្រចាំជីវិត» ព្រមទាំងស្មារតី «កីឡារស់ក្នុងសន្តិភាព»។

បើតាមរបាយការណ៍របស់លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាបានឲ្យដឹងថា ការប្រកួតកីឡាជាតិមាន៣២ប្រភេទកីឡាស្មើនឹង ២៥៨វិញ្ញាសា ខណៈការប្រកួតកីឡាជនពិការមាន១០ប្រភេទកីឡាស្មើនឹង ៤៦វិញ្ញាសា ដោយត្រូវដំណើរការប្រកួតចាប់ពីថ្ងៃទី០៥-១៣ ខែវិច្ឆិកា នៅភ្នំពេញ ស្វាយរៀង កំពង់ឆ្នាំង និងខេត្តកែប៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia