ព័ត៌មាន
សភា និងរាជរដ្ឋាភិបាលកម្ពុជា រួមគ្នាកំណត់ទិសដៅ «ថវិកាជាតិឆ្នាំ២០២៧» ជាឧបករណ៍នយោបាយយុទ្ធសាស្ត្រ ដើម្បីការពារអធិបតេយ្យ និងរក្សាលំនឹងសង្គម-សេដ្ឋកិច្ច
វិមានរដ្ឋសភា៖ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា (គណៈកម្មការទី២) នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះបាន សហការជាមួយអគ្គលេខា
ធិការដ្ឋានរដ្ឋសភា រៀបចំសិក្ខាសាលាសភា ស្តីពី «ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧» នៅសាលបន្ទាយស្រី វិមានរដ្ឋសភា។
ពិធីបើកសិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ រួមមាន ធនាគារពិភពលោក (World Bank), កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), ការិយាល័យអង្គការសហប្រជាជាតិ (UN), មជ្ឈមណ្ឌលសភានៃអាស៊ី (PC Asia) និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum)។
ថ្លែងបើកអង្គសិក្ខាសាលា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានគូសបញ្ជាក់ថា ការរៀបចំថវិកាជាតិមិនត្រឹមតែជាការកំណត់ចំណូល និងចំណាយរបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែគឺជាឧបករណ៍នយោបាយដ៏មានសារៈសំខាន់ក្នុងការកំណត់ទិសដៅអភិវឌ្ឍន៍ ការបែងចែកធនធាន និងការសម្រេចគោលដៅសេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមបានបន្តថា វេទិកានេះជាកាលានុវត្តភាពដ៏សំខាន់ក្នុងការបង្កើតកិច្ចសន្ទនា និងបង្កើនអន្តរកម្មរវាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងដៃគូពាក់ព័ន្ធ ដើម្បីឈ្វេងយល់ឱ្យកាន់តែច្បាស់ពីស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ច និន្នាការហិរញ្ញវត្ថុសាធារណៈ ព្រមទាំងបញ្ហាប្រឈមនានា សំដៅធានាឱ្យសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៧ មានមូលដ្ឋានច្បាប់រឹងមាំ និងឆ្លើយតបចំតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានលើកឡើងពីកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៧-២០២៩ ដោយផ្តោតលើអាទិភាពគន្លឹះចំនួន ៣ រួមមាន៖
ទី១. ការជំរុញប្រសិទ្ធភាព និងតម្លាភាពថវិកា ដើម្បីធានាចីរភាពហិរញ្ញវត្ថុសាធារណៈ
ទី២. ការពង្រឹងភាពធន់សង្គម-សេដ្ឋកិច្ច ក្នុងការឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះវិបត្តិដែលអាចកើតមានឡើង
ទី៣. ការបំពេញតម្រូវការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ដើម្បីជំរុញសន្ទុះកំណើនជាតិប្រកបដោយចីរភាព។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញទិន្នន័យជាក់ស្តែងផ្អែកលើលទ្ធផលរយៈពេល ៩ខែ ដើមឆ្នាំ២០២៦ ថា សេដ្ឋកិច្ចកម្ពុជាត្រូវបានវាយតម្លៃថានឹងអាចសម្រេចបានកំណើនក្នុងរង្វង់ ៤% ក្នុងឆ្នាំ២០២៦ និងបន្តកើនដល់ ៤,៨% ក្នុងឆ្នាំ២០២៧។
អត្រានេះស្ថិតក្នុងកម្រិតទាបជាងការព្យាករទុក ដោយសារកម្ពុជាបន្តរងសម្ពាធពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ការឡើងថ្លៃប្រេងឥន្ធនៈ ,បទល្មើសបច្ចេកវិទ្យា និងបញ្ហាប្រឈមពីការបិទខ្ទប់ច្រកព្រំដែនគោកកម្ពុជា-ថៃ។
ទោះជាយ៉ាងណា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនៅតែប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ក្រោមគោលការណ៍ «សង្ឃឹមសម្រាប់ស្ថានភាពប្រសើរ តែត្រៀមខ្លួនសម្រាប់ស្ថានភាពអាក្រក់»។ ហេតុនេះ គម្រោងថវិកាជាតិឆ្នាំ២០២៧ ត្រូវបានរៀបចំឡើងក្រោមជំហរគោលនយោបាយហិរញ្ញវត្ថុសាធារណៈគាំពារកំណើនចំគោលដៅ ដើម្បីរក្សាលំនឹងសង្គម-សេដ្ឋកិច្ច ឬប្រសិទ្ធនាមថាជា «ថវិកាដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី, រក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងគាំពារកំណើនចំគោលដៅ ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្ពស់» សំដៅធានានូវសមត្ថភាពឆ្លើយតបគ្រប់ជ្រុងជ្រោយ និងរក្សាចីរភាពហិរញ្ញវត្ថុសាធារណៈយូរអង្វែង។
នៅក្នុងអង្គសិក្ខាសាលានេះដែរ អង្គពិធីបានស្តាប់បទបង្ហាញបច្ចេកទេសស្តីពី «ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧» ដោយ ឯកឧត្តម អ៊ុង លុយណា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និង ឯកឧត្តម ហាវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា។
ជាកិច្ចបញ្ចប់ អង្គសិក្ខាសាលាបានស្តាប់របាយការណ៍បូកសរុបដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា ព្រមទាំងសុន្ទរកថាបិទសិក្ខាសាលាជាផ្លូវការរបស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា ប្រកបដោយស្មារតីសាមគ្គីភាព និងទទួលបានផ្លែផ្កាជាទីមោទនៈ។










-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា