Connect with us

ព័ត៌មាន

ក្រុមគ្រូពេទ្យខែ្មរ-បារាំង នឹងផ្តល់ជូនការពិនិត្យ ពិគ្រោះ ព្យាបាល និងវះកាត់ជំងឺសួត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

មណ្ឌលឯកទេសជំងឺសួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យ មកពីប្រទេសបារាំង AIR Khmer នឹងផ្តល់ជូនការពិនិត្យ ពិគ្រោះ ព្យាបាល និងវះកាត់ជំងឺសួត (វិបត្តិផ្លូវដង្ហើម ស្ទះដង្ហើមពេលគេង រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ដុំសាច់ក្នុងសួត) ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ។

ថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃទី៥ ខែវិចិ្ឆកា ឆ្នាំ២០២៦នេះ លោកវេជ្ជបណ្ឌិត វ៉ា ម៉េង ប្រធានមជ្ឈមណ្ឌលឯកទេសជំងឺសួត និងផ្លូវដង្ហើម នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថា បេសកកម្មមនុស្សធម៌ដ៏មានសារសំខាន់ខាងលើនេះ តែងតែប្រព្រឹតិ្តឡើងចំនួន២ដង ក្នុង១ឆ្នាំ។ កម្មវិធីនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ក៏ដូចជាការជ្រោមជ្រែងយ៉ាងសស្រាក់សស្រាំពី ឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងការប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្ររវាងកម្ពុជា និងបារាំង។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា នៅខាងភាគីប្រទេសបារាំង សមាគម AIR Khmer តែងតែជួយជ្រោមជ្រែងគ្រប់លក្ខខណ្ឌទាំងអស់ ទាំងផ្នែកបច្ចេកទេស ជំនាញ និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗ ដើម្បីធានាឱ្យការព្យាបាល និងការវះកាត់ទទួលបានជោគជ័យខ្ពស់។

ចំណែកលោកវេជ្ជបណ្ឌិត អាំង ជិនសួង ប្រធានសមាគម AIR Khmer រួមនិងសហការីជាក្រុមវេជ្ជបណ្ឌិតជំនាញ បានមកជួយជ្រោមជ្រែងដល់មណ្ឌលឯកទេសជំងឺសួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានរយៈពេល២០ឆ្នាំមកហើយ។ ឥលូវនេះសមាគម បានរួបរួមគ្នាមកបន្តបេសកកម្មចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ផ្តល់ជូនការពិនិត្យ ពិគ្រោះ ព្យាបាល និងវះកាត់ជំងឺសួត ជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា។

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យវះកាត់ ក៏បានសំណូមពរយ៉ាងទទូចដល់ប្រជាពលរដ្ឋ សូមអញ្ជើញមកពិគ្រោះជំងឺឱ្យបានទាន់ពេលវេលា ព្រោះការដឹងពីរោគសញ្ញាបានលឿន ងាយស្រួលដោះស្រាយ ព្យាបាលជាសះស្បើយ និងកាត់បន្ថយគ្រោះថ្នាក់៕

អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia