ព័ត៌មាន
ទិវាសហគ្រិនស្ត្រីកម្ពុជា រំលេចតួនាទីស្ត្រីក្នុងការពង្រឹងសមត្ថភាពផលិតក្នុងស្រុក
ភ្នំពេញ៖ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ទិវាសហគ្រិនស្ត្រីកម្ពុជា ឆ្នាំ២០២៦ បានរំលេចលទ្ធភាពទទួលបានហិរញ្ញប្បទាន បច្ចេកវិទ្យា និងទីផ្សារ ជាកត្តាគន្លឹះក្នុងការជួយសហគ្រាសដែលដឹកនាំដោយស្ត្រីឱ្យពង្រីកអាជីវកម្ម បង្កើតការងារ និងរួមចំណែកដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។
ទិវាដែលរៀបចំដោយសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ក្រោមប្រធានបទ «ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព» ក៏មានការប្រគល់ពានរង្វាន់សហគ្រិនស្ត្រីឆ្នើម ដើម្បីទទួលស្គាល់សមិទ្ធផលរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំធុរកិច្ច នវានុវត្តន៍ និងការបង្កើតការងារ។
ថ្លែងក្នុងពិធីបើកទិវាសហគ្រិនស្ត្រីកម្ពុជា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអំពាវនាវឱ្យពង្រឹងការសម្របសម្រួលការគាំទ្រ ដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគ្រិនស្ត្រី និងជួយសហគ្រាសរបស់ពួកគេឱ្យមានផលិតភាព និងសមត្ថភាពប្រកួតប្រជែងកាន់តែប្រសើរ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “គោលដៅនៃការអនុវត្តវិធានការទាំងនេះ មិនមែនត្រឹមតែជាការលើកទឹកចិត្តឱ្យស្ត្រីចាប់ផ្តើមអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែជាការពង្រឹងសមត្ថភាពឱ្យសហគ្រាសដែលដឹកនាំដោយស្ត្រីអាចរីកចម្រើន បង្កើនផលិតភាព បង្កើតតម្លៃបន្ថែម និងចូលរួមកាន់តែសកម្មក្នុងសកម្មភាពសេដ្ឋកិច្ចដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់។”
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ មានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មចំនួន ៤៤.០៥៣ មូលដ្ឋាន ដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនោះ ៩.០៤៦ មូលដ្ឋាន ឬប្រមាណ ២០,៥% ជាសហគ្រាសដឹកនាំដោយស្ត្រី។
លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានលើកឡើងថា៖ “ការអភិវឌ្ឍសហគ្រិនភាពស្ត្រីប្រកបដោយចីរភាពមិនអាចពឹងផ្អែកទៅលើការខិតខំរបស់សហគ្រិនស្ត្រីម្នាក់ៗឡើយ។ យើងត្រូវការបរិយាកាសគោលនយោបាយដែលអំណោយផល ការទទួលបានធនធានដោយសមធម៌ និងភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន។”
យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦–២០៣០ ផ្តល់ក្របខ័ណ្ឌសម្រាប់សម្របសម្រួលការគាំទ្ររបស់រដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីជួយសហគ្រាស រួមទាំងសហគ្រាសដឹកនាំដោយស្ត្រី កាត់បន្ថយឧបសគ្គក្នុងការធ្វើធុរកិច្ច ពង្រឹងជំនាញនិងសមត្ថភាពផលិតកម្ម ចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន និងទីផ្សារ។
ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តសហគ្រាសដឹកនាំដោយស្ត្រី ឱ្យពង្រឹងគុណភាពផលិតផលតាមរយៈការអនុវត្តស្តង់ដារ ការធ្វើតេស្ត និងការកែលម្អការវេចខ្ចប់ ប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព និងពង្រីកការតភ្ជាប់ជាមួយក្រុមហ៊ុន និងបណ្តាញចែកចាយធំៗ ដើម្បីបង្កើនទំនុកចិត្តអ្នកប្រើប្រាស់ និងឱកាសទីផ្សារ។
ឯកឧត្តមក៏បានផ្តល់អនុសាសន៍ដល់សមាគម ឱ្យបន្តពង្រឹងតួនាទីជាតំណាង និងផ្សារភ្ជាប់សមាជិកទៅនឹងសេវាបច្ចេកទេស ឱកាសហិរញ្ញប្បទាន និងបណ្តាញធុរកិច្ច។









-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ