Connect with us

ព័ត៌មាន

ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុក ពិព័រណ៍ផលិតផលខ្មែរ ជាឱកាសបង្ហាញសក្ដានុពលសេដ្ឋកិច្ចកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចាត់ទុកពិព័រណ៍នេះជាឱកាសបង្ហាញសក្ដានុពលសេដ្ឋកិច្ចកម្ពុជា និងជាចំណែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមជាមួយរាជរដ្ឋាភិបាល។

ថ្លែងក្នុង ពិធីបើកពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ប្រធានបទ «ខ្មែរធ្វើបាន» មានគោលបំណងប្រមូលផ្ដុំកម្លាំង និងពង្រឹងសាមគ្គីភាពក្នុងនាមជាខ្មែរតែមួយ ដើម្បីគាំទ្រដល់សហគ្រិនក្នុងស្រុក និងរួមគ្នាលើកកម្ពស់ផលិតផលខ្មែរ។

ឯកឧត្តមក៏បានចាត់ទុកពិព័រណ៍នេះជាឱកាសបង្ហាញសក្ដានុពលសេដ្ឋកិច្ចកម្ពុជា និងជាចំណែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍសង្គមជាតិ និងពង្រឹងអធិបតេយ្យភាព ព្រមទាំងឯករាជ្យភាពរបស់កម្ពុជា។

គួរបញ្ជាក់ថា ពិធីបើកពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ នេះ ប្រារព្ធក្រោម អធិបតីដ៏ខ្ពង់ខ្ពស់ របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជំទាវទី១ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងសមាជិក សមាជិករាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. សមាជិក សមាជិកា ស.ស.យ.ក. តំណាងក្រុមហ៊ុន/ស្ថាប័ន សហគ្រិន សិប្បករ កសិករ សិស្សានុសិស្ស និងសាធារណជនជាច្រើនរូប៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia