Connect with us

ព័ត៌មាន

តំណាង FASMEC ជំរុញឱ្យ SMEs ដែលប្រើបច្ចេកវិទ្យាឌីជីថល ចូលរួមក្នុងភូមិហ្រ្វង់កូហ្វូនី ជំរុញតភ្ជាប់ SMEs ទៅកាន់អន្តរជាតិ

អគ្គលេខាធិការ FASMEC ជំរុញឲ្យសហគ្រាសធុនតូច និងមធ្យម ដែលគ្រប់គ្រងដោយយុវជន និងស្ត្រី ជាពិសេសធុរកិច្ចបង្កើតថ្មី (Startup) ដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ចូលរួមផ្សព្វផ្សាយផលិតផលឲ្យបានផុលផុស ក្នុងព្រឹត្តិការណ៍ហ្រ្វង់កូហ្វូនី ដើម្បីតភ្ជាប់ ទំនាក់ទំនងរវាងសហគ្រាសក្នុងស្រុក ទៅកាន់បណ្ដាញអន្តរជាតិ។

ឧកញ៉ាបណ្ឌិត ឈិន កេន អគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លើកឡើងក្នុង កិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម និងការចូលរួមពិព័រណ៍ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា បច្ចុប្បន្នសហគ្រាសធុនតូច និងមធ្យម (SMEs) និងសហគ្រាសធុនមីក្រូនៅក្នុងប្រទេស កម្ពុជា កំពុងបន្តមានការរីកចម្រើន និងលូតលាស់ជាលំដាប់ ដែលត្រូវបានចាត់ទុកជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ។ ដើម្បីជំរុញឱ្យ ផលិតផលរបស់សហគ្រាសធុនតូច និងមធ្យម ឱ្យពិភពលោកបានស្គាល់ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បាននិង កំពុងគិតគូរយកចិត្តទុកដាក់ខ្ពស់ ដើម្បីបញ្ជ្រាបផលិតផលរបស់ SMEs តាមរយៈកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលនឹងឈានមកដល់ នាពេលខាងមុខនេះ។

ឧកញ៉ាបណ្ឌិត បន្តថា ទាក់ទិនផលិតផលរបស់ SMEs នេះដែរ កន្លងមកនិងដូចបច្ចុប្ប​ន្ន កម្ពុជាបាននាំចេញជាច្រើន ក្នុង នោះក៏បាននាំចេញទៅកាន់ប្រទេសដែលនិយាយភាសារបារាំងមួយចំនួនធំផងដែរដូចជា ម្រេច អង្ករ ស្វាយចន្ទី ស្ករ គ្រឿងឧបភោគ បរិភោគ និងផលិតផលផ្សេងៗទៀត។ ចំណែកនៅក្នុងព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី FASMEC នឹងជំរុញឱ្យមានការចូលតាំងពិព័រណ៍ផលិត ផលដែលមានសក្តានុពលទាំងនេះ និងផលិតផលថ្មីៗបន្ថែមទៀត ជាពិសេសការជំរុញឲ្យសហគ្រាសធុនតូច និងមធ្យម ដែលគ្រប់គ្រង ដោយយុវជន និងស្ត្រី រួមជាមួយធុរកិច្ចបង្កើតថ្មី (Startup) ដែលប្រើប្រាស់បច្ចេកវិជ្ជាឌីជីថល ចូលរួមផ្សព្វផ្សាយផលិតផលរបស់ខ្លួន ឱ្យបានផុលផុស ដើម្បីតភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសក្នុងស្រុកទៅកាន់បណ្ដាញអន្តរជាតិ ដើម្បីជួយបើកច្រកដល់ការនាំចេញ ផលិតផលរបស់កម្ពុជាបន្ថែម។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្ពុជាក៏មាន រៀបចំព្រឹត្តិការណ៍អម គឺការរៀបចំ «ភូមិហ្វ្រង់កូហ្វូនី» ឬហៅថា «ភូមិវិប្បធម៌ហ្វ្រង់កូហ្វូនី» ដើម្បីបង្ហាញអំពីវប្បធម៌នានារបស់ប្រទេស ដែលជាសមាជិក ដែលនឹងរៀបចំនៅសួនច្បារមុខវត្តបទុមវតី្តមានដូចជា៖ ទី១- កន្លែងដែលត្រូវរៀបចំពន្លាជាតិ និងអង្គការ OIF ដែលជាពន្លារបស់ប្រទេសជាសមាជិកទាំងអស់។ ទី២- ភូមិហ្វ្រង់កូហ្វូនីគឺជាកន្លែងដែលអនុញ្ញតិឱ្យប្រទេសម្ចាស់ផ្ទះ ប្រទេស សមាជិក និងដៃគូទាំងអស់ អាចប្រើប្រាស់ទីតាំងភូមិហ្វ្រង់កូហ្វូនីជាកន្លែងសិក្ខាសាលា សន្និសីទសារព័ត៌មាន ឬជាកន្លែងពិភាក្សាជា ដើម។ ទី៣- ភូមិហ្វ្រង់កូហ្វូនីក៏ជាកន្លែងឱ្យបណ្តាសហគ្រាសឯកជន និងសហគ្រាសរដ្ឋរបស់កម្ពុជា អាចដាក់តាំងបង្ហាញនូវផលិតផល សំខាន់ៗរបស់ជាតិទៅកាន់អន្តរជាតិផងដែរ។ ទី៤- ការរៀបចំសម្តែងសិល្បៈប្រចាំថ្ងៃរបស់ប្រទេស ជាម្ចាស់ផ្ទះ និងក៏ឱ្យអនុញ្ញាតិឱ្យ ប្រទេសជាសមាជិក នាំយកនូវសិល្បៈសំខាន់ៗឱ្យចូលរួមផងដែរ និងទី៥- ភូមិហ្វ្រង់កូហ្វូនី ក៏ជាកន្លែង បង្ហាញនូវវិស័យម្ហូបអាហារ របស់កម្ពុជា និងប្រទេសជាមិត្តនៅក្នុងក្របខណ្ឌរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia