Connect with us

ព័ត៌មាន

អ្នកជំនាញសេដ្ឋកិច្ច៖ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច នឹង​ជួយ​បើក​ទីផ្សារ​ពីរ​ច្រក​សម្រាប់​កសិករ

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចយល់ថា ការរៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី និង​ម្រេច​ឆ្នាំ​២០២៦​ ​គឺ​ជាឱកាសសំខាន់ក្នុងការទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេស ដើម្បី​ជំរុញ​ការ​កែច្នៃ​ផលិត​ផល​កសិកម្ម និងបង្កើតទីផ្សារប្រកប​ដោយស្ថិរភាពសម្រាប់កសិករ ហើយ កសិករ​អាច​មាន​ទីផ្សារ​ពីរ​ច្រក គឺទីផ្សារនាំចេញ និងទីផ្សារក្នុងស្រុកតាមរយៈការផ្គត់ផ្គង់ដល់រោងចក្រកែច្នៃ។

លោក អាន តារា ប្រធានក្រុមប្រឹក្សាសហព័ន្ធស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម បាន​សហការជាមួយទីភ្នាក់ងារសហប្រតិបត្ដិការ​អាល្លឺម៉ង់(GIZ)​ នឹងរៀបចំ​វេទិកា​ពាណិជ្ជ​កម្ម​ស្វាយ​ចន្ទី ​និងម្រេច ឆ្នាំ២០២៦ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ ​«ពីកម្ពុជាទៅកាន់ពិភពលោក» ដោយ​ផ្តោត​ពិសេស​លើ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ជា​មួយ​ទីផ្សារ​អឺរ៉ុប​។

លោក​បានបញ្ជាក់ទៀតថា វេទិកាពាណិជ្ជកម្មនេះ មានការប្រមូលផ្តុំទៅដោយ កសិករ និង​សហគមន៍​ស្វាយ​ចន្ទី និងម្រេច, អ្នកបញ្ជាទិញ, វិនិយោគិន, និងអ្នកជំនាញក្នុងវិស័យនេះ ដើម្បី​ឈ្វេង​យ​ល់ពីខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា និងជាការផ្គូរផ្គង់រវាងអ្នកផលិត អ្នកកែច្នៃ និង​អ្នក​នាំ​ចេញ​ ជាពិសេសពីតម្រូវការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។

លោកអះអា​ងថា៖ «ការធានាស្ថិរភាពនៃការផ្គត់ផ្គង់គឺជាកត្តាសំខាន់សម្រាប់គាំទ្រដល់អ្នកកែច្នៃ និង​អ្នកនាំចេញ ដោយសារការមានវត្ថុធាតុដើមគ្រប់គ្រាន់ និងជាប្រចាំ អាច​ជួយ​ឱ្យ​រោង​ចក្រ​ដំណើរ​ការ​ផលិតកម្មបានជាប់លាប់, បង្កើនសមត្ថភាពកែច្នៃក្នុងស្រុក, និងធានាការ​បំពេញ​តម្រូវ​ការ​ទីផ្សារ​អន្តរជាតិបានទាន់ពេលវេលា»។

ចំណែក អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ការ​រៀប​ចំ​វេទិកា​នេះ ដោយផ្តោតលើដំណាំអាទិភាព ដូចជា ស្វាយចន្ទី និងម្រេច គឺមានសារៈសំខាន់ណាស់ ដើម្បី​ទាក់ទាញអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅប្រទេស ឱ្យចាប់អារម្មណ៍លើវិស័យទាំងនេះ និង​ជួយស្វែងរកទីផ្សារឱ្យកសិករ ពីព្រោះកសិករត្រូវការទីផ្សារពីរច្រក គឺទីផ្សារ​លក់​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក ដើម្បីផ្គត់ផ្គង់ដល់រោងចក្រកែច្នៃ និងទីផ្សារនាំចេញ។ ការមានទីផ្សារទាំងពីរនេះ នឹង​ជួយ​ឱ្យ​កសិករ​មាន​ជម្រើសទីផ្សារកាន់តែច្រើន និងមិនជាប់គាំងដោយ​សារ​ពឹង​ផ្អែក​លើ​ទីផ្សារ​តែមួយ​។

អ្នកឧកញ៉ា មានប្រសាសន៍ថា៖ «កសិករយើងតែងតែសង្ឃឹមថា មាន​រោង​ចក្រ​កែច្នៃ​ស្វាយចន្ទី និង​ម្រេចក្នុងស្រុកកាន់តែច្រើនដែលវាមិនខុសពីជ័រកៅស៊ូនោះទេ ដែលកន្លងមកកម្ពុជានាំចេញ ១០០% តែឥឡូវយើងមានរោងចក្រផលិតសំបកកង់រថយន្តនៅប្រទេសកម្ពុជា ដែល​នាំ​ឱ្យ​កសិករ​ដាំ​កៅស៊ូទាំ​ងអស់គឺមានក្ដីសង្ឃឹមថា មានទីផ្សារពីរច្រក គឺ ទីផ្សារនាំចេញជ័រកៅស៊ូ និង​ទីផ្សារ​លក់​ក្នុង​ស្រុក​ដែល​ផ្គត់ផ្គង់ដោយរោងចក្រផលិតសំបកកង់រថយន្តទាំងអស់នេះ។ ដូច្នេះ ស្វាយចន្ទី និង​ម្រេច​ដូចគ្នា យើងត្រូវការទីផ្សារទាំងពីរ ដែលយើងនឹង​មិន​អាច​ជាប់​គាំង​ដោយ​សារ​ទីផ្សារ​ណា​មួយ​ទេ។​ នេះជាចំណុចសំខាន់ណាស់»។

សូមបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំង ឯក​អគ្គ​រដ្ឋ​ទូត​សាធារណ​រដ្ឋ​សហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាបើក និងសុន្ទរកថាគន្លឹះ ក្នុង​វេទិកាដ៏មានសារៈសំខាន់នេះ»៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia