ព័ត៌មាន
យុវជន NPIC៖ ទោះកម្ពុជាជាប្រទេសតូច តែផ្តល់ទំនុកចិត្តខ្ពស់លើឆាកអន្តរជាតិ ធ្វើម្ចាស់ផ្ទះ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០»
ក្រុមគ្រូបច្ចេកទេស និងនិស្សិតមកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានសម្តែងនូវការអបអរសាទរ និងមោទនភាពយ៉ាងក្រៃលែង ចំពោះការដែលប្រទេសកម្ពុជា ទទួលបានសិទ្ធិជាប្រវត្តិសាស្ត្រក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០» នៅពេលខាងមុខឆាប់ៗនេះ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយ លោក ស៊ុន ពិសិដ្ឋ គ្រូបច្ចេកទេសវិស្វកម្មមេកានិក រួមជាមួយយុវជន ស៊ុន មាសរិទ្ធមាន និងយុវជន ដួង សេងពិសិដ្ឋ ដែលជានិស្សិតឆ្នាំទី៤ ផ្នែកមេកានិកទូទៅ កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅ ពួកគាត់បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា សម្រាប់ព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០នេះ គឺជារឿងដ៏គួរឱ្យសប្បាយរីករាយ និងមានមោទនភាពបំផុត ដែលកម្ពុជាទោះបីជាប្រទេសតូច ប៉ុន្តែមានសមត្ថភាព និងឱកាសអាចរៀបចំកិច្ចប្រជុំកំពូលកម្រិតពិភពលោកនេះបាន។
គ្រូបច្ចេកទេស និងនិស្សិត បានលើកឡើងស្រដៀងគ្នាទៀតថា ការអញ្ជើញចូលរួមពីគណៈប្រតិភូជាន់ខ្ពស់មកពីបណ្តាប្រទេសជាច្រើនជុំវិញសកលលោក គឺជាសាក្សីរស់ដែលសបង្ហាញយ៉ាងច្បាស់ថា កម្ពុជាជាប្រទេសមានសុវត្ថិភាពពេញលេញ និងផ្តល់ទំនុកចិត្តខ្ពស់បំផុត លើឆាកអន្តរជាតិ ដែលអាចទទួលស្វាគមន៍ប្រមុខរដ្ឋ និងថ្នាក់ដឹកនាំមកពីប្រទេសនិយាយភាសាបារាំងរាប់សិបប្រទេសជុំវិញពិភពលោក។ ទន្ទឹមនឹងនេះ ពួកគាត់ក៏បានសម្តែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍ រីកចម្រើន និងមានលទ្ធភាពរៀបចំព្រឹត្តិការណ៍ធំៗជាបន្តបន្ទាប់។ ឱកាសដ៏វិសេសវិសាលនេះ មិនត្រឹមតែជួយលើកកម្ពស់កិត្យានុភាព និងនាំឱ្យកម្ពុជាល្បីឈ្មោះរន្ទឺនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិមកកាន់កម្ពុជាកាន់តែច្រើនថែមទៀតផងដែរ។
ក្រុមគ្រូបច្ចេកទេស និងនិស្សិត NPIC ក៏បានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំកំពូលនេះ នឹងមានក្រុមហ៊ុនធំៗ និងដៃគូវិនិយោគធំៗមកពីបណ្តាប្រទេសនិយាយភាសាបារាំង ដូចជាបារាំង និងកាណាដាជាដើម មកបោះទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន។ ឱកាសមាសនេះ នឹងបើកផ្លូវយ៉ាងទូលំទូលាយសម្រាប់សិស្ស-និស្សិតផ្នែកជំនាញបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូល ក្នុងការទទួលបានឱកាសការងារល្អៗ ប្រាក់ចំណូលខ្ពស់ និងការផ្ទេរចំណេះដឹងបច្ចេកវិទ្យាថ្មីៗ។ ពួកគាត់ក៏បានអំពាវនាវដល់សាធារណជនឱ្យចូលរួម អបអរសាទរ និងគាំទ្រយ៉ាងខ្លាំងក្លាដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលនឹងចាប់ផ្តើមប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ ដើម្បីបង្ហាញពីមោទនភាព និងវឌ្ឍនភាពដ៏រឹងមាំរបស់កម្ពុជាទៅកាន់ ពិភពលោក៕អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា