Connect with us

ព័ត៌មាន

ផលិតផល GI ល្បីៗរបស់កម្ពុជា នឹងត្រូ​វ​ដាក់​តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​អម​នៃ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី

ភ្នំពេញ៖ ផលិតផលសម្គាល់ភូមិសាស្ត្រកម្ពុជា (GI) ដ៏ល្បីល្បាញ រួមមាន ម្រេចកំពត-កែប និង​ស្ករ​ត្នោត​កំពង់ស្ពឺ នឹងត្រូវដាក់តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​អម​នៃ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ការ​តាំងបង្ហាញ​នេះ​នឹ​ង​ក្លាយ​ជា​ឱកាសដ៏សំខាន់សម្រាប់សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា ក្នុងការផ្សព្វ​ផ្សាយ​ផលិតផល​ខ្មែរ​ទៅកាន់ថ្នាក់ដឹកនាំ គណៈប្រតិភូ និងភ្ញៀវអន្តរជាតិមក​ពី​បណ្តា​ប្រទេស​ប្រើ​ប្រាស់​ភាសា​បារាំង។

លោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយក និងជាស្ថាបនិកក្រុមហ៊ុន Confirel បាន​មាន​ប្រសាសន៍ថា ការដែលកម្ពុជា​ទទួ​លធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​លើកទី២០ គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការ​ពង្រឹង​កិច្ចស​ហ​ប្រតិបត្តិការ និងពង្រីកទំនាក់ទំនងជាមួយសហគមន៍ហ្វ្រង់កូហ្វូនី ដែលមានសមាជិកចំនួន ៩០​ប្រទេស។

លោកបានបន្តថា ក្រៅពីអត្ថប្រយោជន៍ផ្នែកការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រឹត្តិការណ៍​នេះ​ក៏ផ្តល់ឱកាសដ៏ល្អដល់សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា ក្នុងការ​ផ្សព្វ​ផ្សាយ​ផលិត​ផលក្នុងស្រុក ជាពិសេសផលិតផលដែលមានការទទួលស្គាល់សម្គាល់ភូមិសាស្ត្រ (GI) ដូចជា ម្រេចកំពត-កែប និងស្ករត្នោតកំពង់ស្ពឺ ទៅកាន់ទីផ្សារអន្តរជាតិ។ ផលិត​ផល​ទាំង​នេះ​នឹង​ត្រូវដាក់តាំងបង្ហាញជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈ​ប្រតិភូ​មក​ពី​បណ្តា​ប្រទេស​សមាជិក​ហ្វ្រង់​កូហ្វូនី តាមរយៈព្រឹត្តិការណ៍អមចំនួនពីរ គឺ «ភូមិហ្វ្រង់កូហ្វូនី» និង «FrancoTech 2026» ដែលរៀបចំឡើងនៅសួនច្បារខាងមុខវត្តបទុមវត្តី និងនៅមជ្ឈ​មណ្ឌ​ល​ពិព័រណ៍​ និងសន្និបាតកោះពេជ្រ។

តាមការគ្រោងទុក ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» នឹងមាន​ការចូល​រួម​ពី​សហគ្រិន​ប្រើប្រាស់​ភាសា​បារាំង​ប្រមាណ ១ ២០០នាក់ មកពី ៧២ប្រទេស។ ចំណែកព្រឹត្តិការណ៍ «FrancoTech 2026» រំពឹងថានឹងមានអ្នកចូលរួមប្រមាណ ៤ ៦០០នាក់ ដែលមកពីវិស័យឯកជន ក្រុមហ៊ុន សហគ្រាស និងអង្គការនានា។ គួរបញ្ជាក់ថា «ភូមិហ្វ្រង់កូហ្វូនី» នឹងត្រូវរៀបចំឡើងនៅសួនច្បារខាងមុខវត្តបទុមវត្តី ដោយបើកទទួលស្វាគមន៍សាធារណជនជាតិ និងអន្តរជាតិចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះនឹងមានស្តង់តាំងបង្ហាញផលិតផលសរុបចំនួន ១៣០ស្តង់ ក្នុងនោះមានស្តង់ចំនួន ៧៣ សម្រាប់ប្រទេសចំនួន ៥៦ ដើម្បីបង្ហាញផលិតផលក្នុងស្រុក ការសម្តែងសិល្បៈ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ប្រទេសនីមួយៗ។ ដោយឡែក ស្តង់ចំនួន ៣០ទៀត នឹងត្រូវរៀបចំសម្រាប់តាំងបង្ហាញ និងផ្សព្វ​ផ្សាយម្ហូបអាហាររបស់បណ្តាប្រទេសសមាជិកហ្វ្រង់កូហ្វូនីផងដែរ៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia