Connect with us

ព័ត៌មាន

ភាសាបារាំង នៅតែពេញនិយមសម្រាប់សិស្ស ជ្រើសរើសសិក្សានៅគ្រឹះស្ថានសាធារណៈ

សិស្សានុសិស្ស សិក្សានៅគ្រឹះស្ថានសាធារណៈ របស់រដ្ឋ នៅតែនិយមជ្រើសរើសសិក្សាភាសាបារាំង ជាភាសាបរទេសទី២ បើទោះបីបច្ចុប្បន្ននេះ លំហូរភាសាបរទេសផ្សេងៗ មានច្រើននៅកម្ពុជាក៏ដោយ។

សិស្សានុសិស្ស សិក្សានៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រាប់ BTV នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ថា ពួកគេសម្រេចចិត្តជ្រើសរើសសិក្សាភាសាបារាំង ជាភាសាបរទេស បន្ទាប់ពីភាសាខ្មែរ ពីព្រោះពួកគេ មើលឃើញ ថា ភាសាបារាំង មានភាពទូលំទូលាយ និងសំខាន់ក្នុងមុខជំនាញវេជ្ជបណ្ឌិត ច្បាប់អន្ដរជាតិ និងឱកាសការងារនៅអង្គការអន្ដរជាតិធំៗ ដែលធ្វើការងារលើការថែរក្សាសន្ដិភាពសកល និងការពារសម្បត្តិបេតិកភណ្ឌលើពិភពលោក។

កញ្ញា នីតា សិស្សថ្នាក់ទី ៩ នៃវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ប្រាប់ថា កញ្ញាជ្រើសរើសរៀនភាសាបារាំង ជាភាសាទី២ ពីព្រោះកញ្ញាមើលឃើញ ថា ភាសាបារាំង ត្រូវបានប្រើប្រាស់ទូលំទូលាយ ហើយកញ្ញា មានបំណងចង់រៀនផ្នែកច្បាប់អន្ដរជាតិ។ កញ្ញាប្រាប់ ថា ការសិក្សាភាសាបារាំងមិនមានការលំបាកនោះទេ កញ្ញានឹងបន្តខិតខំសិក្សាដើម្បីសម្រេចបំណងប្រាថ្នាទៅថ្ងៃអនាគត។​

កញ្ញា យ៉ុន សៀវអ៊ីង ដាក់គោលដៅប្រឡងចូលបម្រើការងារក្នុងវិស័យសុខាភិបាល បានបញ្ជាក់ ថា ដើម្បីសម្រេចគោលដៅនេះ កញ្ញានឹងបន្តខិតខំសិក្សាភាសាបារាំងឱ្យពូកែ ដើម្បីមានឱកាសសិក្សាផ្នែកវេជ្ជសាស្រ្ដទាំងកម្ពុជា និងបន្តទៅសិក្សានៅប្រទេសបារាំង។

លោក គឹម សំណាង ប្រាប់ថា លោកចាប់អារម្មណ៍លើភាសាបារាំង ពីព្រោះអង្គការអន្ដរជាតិធំៗជាច្រើន ផ្ដល់អាទិភាពខ្ពស់លើភាសាបារាំង ដូចជាអង្គការសហប្រជាជាតិ និងអង្គការយូណេស្កូជាដើម។ លោករំពឹងថា នឹងទទួលបន្ទាប់ពីការខិតខំសិក្សាបំណងប្រាថ្នានឹងទទួលបានជោគជ័យ។ បន្ថែមពីនេះ យុវជនរូបនេះ ក៏បង្ហាញអារម្មណ៍រំភើប និងមោទនភាពផងដែរ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង La Francofonie (OIF) នៅក្នុងខែវិច្ឆិកានេះ។

លោកស្រី ចាន់ សុខុម៉ាលីដា គ្រូបង្រៀនភាសាបារាំង នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ប្រាប់ថា ភាសាបារាំង មានទំនាក់ទំនងជ្រាលជ្រៅជាមួយប្រវត្តិសាស្រ្ដរបស់កម្ពុជា។ ហើយភាសាបារាំងបច្ចុប្បន្ននេះ នៅតែជាជម្រើសរបស់សិស្ស ក្នុងការចាប់យកជាភាសាទីពីររបស់ពួកគេ។ សម្រាប់វិទ្យាល័យនេះ មានថ្នាក់ភាសាបារាំង ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ ដែលក្នុងមួយឆ្នាំៗ សិស្សសិក្សាភាសាបារាំងមានចំនួនប្រមាណ ១,៣០០នាក់។ សម្រាប់គ្រូបង្រៀនរូបនេះ បង្ហាញមោទនភាព ចំពោះឱកាសដែលកម្ពុជា នឹងក្លាយជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង (La Francofonie) នាពេលខាងមុខដ៏ខ្លីនេះ។ អ្នកគ្រូជឿជាក់ ថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ច្រើន ទាំងការបង្ហាញពីសុខសន្ដិភាព ស្ថិរភាព និងការទាក់ទាញអ្នកវិនិយោគ​។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់ថា បច្ចុប្បន្នគ្រឹះស្ថានសិក្សាសាធារណៈ ផ្ដល់ជម្រើសជូនសិស្ស ក្នុងការសិក្សាពីថ្នាក់ បឋម ដល់ វិទ្យាល័យ ចំនួន ២ ភាសា គឺភាសាបារាំង និងភាសាអង់គ្លេស។ សម្រាប់ ភាសាបារាំង គឺត្រូវសិក្សាពីថ្នាក់ទី៤ ដល់ថ្នាក់ទី១២។ លោកជំទាវបញ្ជាក់ ថា ការបន្តរក្សាភាសាបារាំងក្នុងកម្មវិធីអប់រំ ពីព្រោះភាសាបារាំង មានទំនាក់ទំនងជាមួយដំណើរវិវឌ្ឍន៍របស់កម្ពុជា ឥតដាច់រយៈ និងផ្ដល់អត្ថប្រយោជន៍ខ្ពស់ លើការសិក្សា ជំនាញសំខាន់ៗ ដូចជាវិស័យសុខាភិបាល បច្ចេកវិទ្យា និងច្បាប់ជាដើម៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia