Connect with us

ព័ត៌មាន

អនុប្រធានទី២រដ្ឋសភា ស្នើបេឡារូសបង្កើនកិច្ចសហប្រតិបត្តិការសភា និងជួយទាក់ទាញអ្នកវិនិយោគ និងទេសចរមកកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបេឡារូស-កម្ពុជា នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញទទួលជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយឯកឧត្តម អ៊ីវ៉ាន ម៉ាឃែវីច(Ivan Markevich) ប្រធានគណៈកម្មការកសិកម្ម និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបេឡារូស-កម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តម វង សូត បានស្នើឱ្យភាគីបេឡារូសបន្តជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ តាមរយៈការលើកកម្ពស់ការទូតសភា ការផ្លាស់ប្តូរទស្សនកិច្ច និងបទពិសោធ រវាងក្រុមមិត្តភាពរដ្ឋសភាព្រម ទាំង ជំរុញការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់អាហារូបករណ៍លើវិស័យសំខាន់ៗ។

ឯកឧត្តមបានរំលឹកថា កម្ពុជា និងបេឡារូសបានភ្ជាប់ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការជាមួយគ្នាតាំងពីឆ្នាំ១៩៩៥មក ហើយទំនាក់ទំនងនេះត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការជួបពិភាក្សារវាងថ្នាក់ដឹកនាំ និងការចុះកិច្ចព្រមព្រៀងលើវិស័យសំខាន់ៗជាច្រើន។

ជាមួយគ្នានេះ ឯកឧត្តមបានលើក ទឹកចិត្តឱ្យភាគីបេឡារូសជួយផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្មគ្រឿងយន្តកសិកម្ម និងជំរុញអ្នក ទេសចរបេឡារូសឱ្យមកទស្សនានៅកម្ពុជាកាន់តែច្រើន។

ឯកឧត្តម វង សូត ក៏បានស្នើឱ្យភាគីបេឡារូសបន្តគាំទ្រដល់ការបណ្តុះបណ្តាលជំនាញបច្ចេក ទេស និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍លើវិស័យបច្ចេកវិទ្យាកសិកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យាព័ត៌មាន និងនីតិកម្ម។

ជាការឆ្លើយតប ឯកឧត្តម អ៊ីវ៉ាន ម៉ាឃែវីច បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ភាគីបេឡារូសក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ អប់រំ វប្បធម៌ និងកសិកម្ម។

ភាគីបេឡារូសក៏បានបង្ហាញឆន្ទៈក្នុងការជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មនិងផលិតផលកសិកម្ម ព្រមទាំងស្នើឱ្យកម្ពុជាពិនិត្យលទ្ធភាពសម្រួលការធ្វើដំណើររបស់ពលរដ្ឋបេឡារូសមកកម្ពុជា តាមរយៈការពិនិត្យលទ្ធភាពលើការលើកលែងទិដ្ឋាការ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ីវ៉ាន ម៉ាឃែវីច ក៏បានអញ្ជើញឯកឧត្តម វង សូត ទៅបំពេញទស្សនកិច្ចនៅប្រទេសបេឡារូស ដើម្បីចូលរួមពិព័រណ៍ពាណិជ្ជកម្មនៅចុងខែមិថុនា ឆ្នាំ២០២៧ ខាងមុខផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia