ព័ត៌មាន
វិទ្យាស្ថាន NTTI ពង្រឹងកិច្ចសហការជាមួយវិស័យឯកជន ដើម្បីបណ្តុះបណ្តាលជំនាញឆ្លើយតបទីផ្សារការងារ
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) កំពុងពង្រឹងកិច្ចសហការជាមួយវិស័យឯកជន តាមរយៈការកែសម្រួលកម្មវិធីសិក្សា ការបង្កើនការអនុវត្តជាក់ស្តែងនៅកន្លែងការងារ និងការផ្តល់ឱកាសកម្មសិក្សាដល់សិស្សនិស្សិត ដើម្បីធានាថា ធនធានមនុស្សដែលបញ្ចប់ការសិក្សា មានជំនាញស្របតាមតម្រូវការរបស់និយោជក។
ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានមានប្រសាសន៍ប្រាប់ ប៊ីធីវី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះថា ការចូលរួមពីវិស័យឯកជនគឺជាផ្នែកសំខាន់នៃការកែទម្រង់ប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេស ដោយសារក្រុមហ៊ុនអាចជួយផ្តល់បទពិសោធន៍ការងារជាក់ស្តែង បច្ចេកវិទ្យាថ្មីៗ និងព័ត៌មានអំពីតម្រូវការជំនាញនៅក្នុងទីផ្សារ។
ឯកឧត្តម បានបន្តថា ក្នុងពិធីនេះ វិទ្យាស្ថាន បានសហការជាមួយក្រុមហ៊ុន K Cement និងក្រុមហ៊ុនដៃគូជាង២០ ដើម្បីរៀបចំការប្រកួតប្រជែងជំនាញបូក និងរៀបការ៉ូ ព្រមទាំងកម្មវិធីតម្រង់ទិសវិជ្ជាជីវៈសម្រាប់សិស្សនិស្សិតថ្មី និងអាណាព្យាបាល ដែលមានអ្នកចូលរួមសរុបប្រមាណ ១ ៣០០នាក់។ ក្នុងឱកាសនេះ វិទ្យាស្ថានក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនចំនួន១២ ដើម្បីពង្រីកកិច្ចសហការលើការបណ្តុះបណ្តាល និងការទទួលនិស្សិតចុះកម្មសិក្សា ផងដែរ។
ឯកឧត្តម បានគូសបញ្ជាក់ថា កិច្ចសហការនេះក៏ជាការអនុវត្តតាមអនុសាសន៍របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានជំរុញឱ្យគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស សហការជាមួយដៃគូឯកជនរៀបចំការប្រកួតប្រជែងជំនាញឱ្យបានជាប្រចាំ ដោយមិនចាំបាច់រង់ចាំការប្រកួតថ្នាក់ជាតិរៀងរាល់ ២ឆ្នាំម្តងនោះទេ។ ចំណុចសំខាន់មួយនៃកិច្ចសហការនេះ គឺការផ្លាស់ប្តូរទម្រង់បណ្តុះបណ្តាលពីការសិក្សាដែលផ្តោតលើទ្រឹស្តីនៅក្នុងសាលា ទៅជាការសិក្សាផ្អែកលើការងាររយៈពេលវែង ដែលអនុញ្ញាតឱ្យនិស្សិតទទួលបានចំណេះដឹងក្នុងថ្នាក់រៀនផង និងបទពិសោធន៍ការងារជាក់ស្តែងនៅតាមក្រុមហ៊ុនផង។
ពាក់ព័ន្ធកិច្ចសហការដើម្បីបណ្តុះបណ្តាលជំនាញឆ្លើយតបទីផ្សារការងារ លោក គិត គឹមអ៊ន តំណាងក្រុមហ៊ុនកំពត ស៊ីមេន បានលើកទឹកចិត្ត និងស្នើឱ្យយុវជនដែលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) ជាពិសេសនៅវិទ្យាស្ថាន NTTI យកចិត្តទុកដាក់ខិតខំរៀនសូត្រ ដើម្បីនៅក្រោយបញ្ចប់ការសិក្សា សំដៅឆ្លើយតបឱ្យចំតម្រូវការទីផ្សារការងារ និងចូលរួម អភិវឌ្ឍប្រទេសជាតិជាមួយវិស័យឯកជន ជាពិសេសលើវិស័យសំណង់ឱ្យមានសមត្ថភាពប្រកួតប្រជែងជាមួយបណ្តាប្រទេស នានា។
សូមជំរាបជូនថា វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ក្រៅពីកិច្ចសហការជាមួយបណ្តាក្រុមហ៊ុន ជាច្រើនក្នុងស្រុក ក៏កំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិមកពីប្រទេសចិន អូស្ត្រាលី និងជប៉ុន ដើម្បីជួយបង្កើនសមត្ថភាពគ្រូបណ្តុះបណ្តាល តាមរយៈការបណ្តុះបណ្តាលជំនាញបន្ថែម និងការទទួលបានបទពិសោធន៍ពីឧស្សាហកម្មនៅក្រៅប្រទេស ព្រមទាំងការកែលម្អកម្មវិធីសិក្សាឱ្យទាន់សម័យ។គិតត្រឹមថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៃការបើកទទួលពាក្យ វិទ្យាស្ថាន NTTI មានសិស្សនិស្សិតចំនួនជាង ១ពាន់នាក់ បានចុះឈ្មោះចូលរៀនក្នុងមុខជំនាញ និងកម្រិតសិក្សាផ្សេងៗ រួមមានកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស៕អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ