Connect with us

ព័ត៌មាន

ពិព័រណ៍ពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជាអន្តរជាតិឆ្នាំ២០២៧ រំពឹងទាក់ទាញវិនិយោគិនបរទេសមកកម្ពុជា

ពិព័រណ៍ពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជាអន្តរជាតិឆ្នាំ២០២៧ ត្រូវបានរំពឹងថា នឹងក្លាយជាវេទិកាមួយសម្រាប់ផ្សព្វផ្សាយសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងទាក់ទាញវិនិយោគិនបរទេស ជាពិសេសពីតំបន់អាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង តាមរយៈការតាំងបង្ហាញផលិតផល និងវេទិកាផ្គូផ្គងដៃគូធុរកិច្ច។

អ្នកឧកញ៉ា លី ឃុនថៃ ​ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា (CCIA) ក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២៦នេះ បានលើកឡើងឱ្យដឹងថា ពិព័រណ៍នេះមានគោលបំណងទាក់ទាញក្រុមហ៊ុនអន្តរជាតិឱ្យមកបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួននៅកម្ពុជា ព្រមទាំងស្វែងរកឱកាសពង្រីកទីផ្សារ និងបង្កើតភាពជាដៃគូអាជីវកម្មជាមួយក្រុមហ៊ុនក្នុងស្រុក។

អ្នកឧកញ៉ា បានបន្តថា ក្រៅពីការផ្តល់ឱកាសឱ្យក្រុមហ៊ុនបរទេសស្វែងរកទីផ្សារនៅកម្ពុជា និងអ្នកចែកចាយផលិតផល ព្រឹត្តិការណ៍នេះក៏នឹងជួយឱ្យពាណិជ្ជករ និងធុរជនកម្ពុជាអាចជួបពិភាក្សា និងស្វែងរកដៃគូវិនិយោគពីបរទេស ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងអាជីវកម្មផងដែរ។ លោកបញ្ជាក់ថា គោលដៅសំខាន់ គឺចង់ឱ្យក្រុមហ៊ុនអន្តរជាតិមកចូលរួមតាំងបង្ហាញផលិតផលរបស់ខ្លួន ដើម្បីស្វែងរកទីផ្សារនៅកម្ពុជា និងស្វែងរកដៃគូ ឬអ្នកចែកចាយក្នុងស្រុក។ ទន្ទឹមនឹងនេះ ពាណិជ្ជករកម្ពុជាក៏មានឱកាសចាប់ដៃគូជាមួយអ្នកវិនិយោគបរទេសផងដែរ។

សូមជំរាបជូនថា ពិព័រណ៍ពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជាអន្តរជាតិ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៧ខាងមុខ នៅសាលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការតាំងបង្ហាញផលិតផលចម្រុះវិស័យ រួមមាន៖ផលិតផលម្ហូបអាហារ ផលិតផ​លប្រើប្រាស់ និងផលិតផលឧស្សាហកម្មផ្សេងៗ។ អ្វីដែលជាចំណុចសំខាន់នៃព្រឹត្តិការណ៍នេះ គឺការរៀបចំវេទិកាធុរកិច្ច វេទិកាពាណិជ្ជកម្ម និងកម្មវិធីផ្គូផ្គងដៃគូអាជីវកម្ម ដើម្បីផ្សព្វផ្សាយពីសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា ជូនដល់វិនិយោគិនអន្តរជាតិ៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia