Connect with us

ព័ត៌មាន

ការនាំចេញអង្ករកម្ពុជាទៅហ្វីលីពីនកើនដល់ជិត ២២ ម៉ឺនតោន ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦

ការនាំចេញអង្ករពីប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន មានការកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់ជិត ២២ម៉ឺនតោន ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៦នេះ។ តួលេខនេះបានឱ្យដឹងក្នុងជំនួបពិភាក្សាការងារ រវាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ ឯកឧត្តម Senen T. Mangalile ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំនៅកម្ពុជា។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងជំនួបកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅនេះ ភាគីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរដែលកំពុងរីកចម្រើន រវាងកម្ពុជា និងហ្វីលីពីន ជាពិសេសលើវិស័យកសិ-ពាណិជ្ជកម្ម សន្តិសុខស្បៀង ដែលក្នុងនោះការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីនមានការកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់ ២១ម៉ឺន ៩ពាន់ ៨៨១ តោន ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៦ ឬស្មើនឹង ២០.៤៥% នៃការនាំចេញសរុបរបស់កម្ពុជា។

ក្រៅពីផលិតផលអង្ករ ភាគីទាំងពីរក៏បានបង្ហាញពីការរំពឹងទុក និងត្រៀមខ្លួនជាស្រេចក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតក្នុងវិស័យកសិ-ចំណីអាហារ នាពេលអនាគត ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនដល់កសិករ និងអ្នកប្រើប្រាស់នៃប្រទេសទាំងពីរ។

តាមរយៈជំនួបពិភាក្សាការងារនេះ ត្រូវបានមើលឃើញទៀតថា បានបញ្ចប់ក្រោមបរិយាកាសស្និទ្ធស្នាល និងប្រកប ដោយផ្លែផ្កា ដែលជាការបោះជំហានថ្មីមួយទៀត ក្នុងការនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមកជូនដល់ប្រជាកសិករ និងអ្នកប្រើប្រាស់នៃប្រទេសទាំងពីរផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia