Connect with us

ព័ត៌មាន

រដ្ឋបាលរាជធានីភ្នំពេញ និង SIAAP រួមជាមួយសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ចុះហត្ថលេខាបញ្ជាក់សុច្ឆន្ទៈរួមគ្នាសម្រាប់ការបន្តភាពជាដៃគូ គាំទ្រដល់គម្រោងគ្រប់គ្រងសំណល់ភក់ពីអាងសិបទិក (ភក់បង្គន់) ដំណាក់កាលទី២ នៅភ្នំពេញ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយសហជីពអន្តរតំបន់សម្រាប់អនាម័យសាធារណៈប្រចាំទីក្រុងប៉ារីស (SIAAP) និងសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានសម្រេចចុះហត្ថលេខាលើលិខិតបញ្ជាក់សុច្ឆន្ទៈរួមគ្នាសម្រាប់ការបន្តភាពជាដៃគូ ក្នុងការគាំទ្រដល់គម្រោងគ្រប់គ្រងសំណល់ភក់ពីអាងសិបទិក (ភក់បង្គន់) ដំណាក់កាលទី២ នៅរាជធានីភ្នំពេញ ក្រោយពីគម្រោងនៃដំណាក់កាលទី១ បានដាក់ឱ្យដំណើរការប្រើប្រាស់កាលពីឆ្នាំ២០២៣ កន្លងមក ដោយជោគជ័យ។

ពីធីចុះហត្ថលេខានេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក Mr.Frederic Vallier អគ្គប្រតិភូនៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) និងលោក វាឡីរី ម៉ូឡេត អគ្គនាយកសហជីពអន្តរតំបន់សម្រាប់អនាម័យសាធារណៈប្រចាំទីក្រុងប៉ារីស (SIAAP)។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះបានចាប់ផ្តើមតាំងពីនៅឆ្នាំ២០២០ ដោយមានការគាំទ្រពីទីភ្នាក់ងារទឹកសែនន័រម៉ង់ឌី (AESN) ហើយសម្រេចបាននូវការសាងសង់ស្ថានីយប្រព្រឹត្តកម្មដំបូងគេបង្អស់នៅក្នុងខណ្ឌកំបូល ជាមួយនឹងការរៀបចំរចនាសម្ព័ន្ធនៃប្រព័ន្ធគ្រប់គ្រងស្ថាប័ន និងក្របខ័ណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនានា ព្រមទាំងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីឆ្នាំ២០២៣។ តាមរយៈរបាយការណ៍លទ្ធផលនៃការវាយតម្លៃចុងក្រោយក្នុងឆ្នាំ២០២៥ របស់គម្រោង បានបង្ហាញឱ្យ ឃើញពីសមិទ្ធផលជាក់ស្តែង ដែលស្ថាបនាជាមួយនឹងតម្រូវការក្នុងការបង្កើនសមត្ថភាពប្រព្រឹត្តកម្មសំណល់ភក់របស់រាជធានីភ្នំពេញបន្ថែមទៀតនាពេលអនាគត។

លោកស្រីអ្នកនាំពាក្យបានបន្ថែមទៀតថា ដោយផ្អែកលើលទ្ធផលដែលសម្រេចបាននាពេលកន្លងមក និងយោងតាមផែនការយុទ្ធសាស្ត្ររបស់រដ្ឋបាលរាជធានីភ្នំពេញសម្រាប់ឆ្នាំ២០៣៥ នៅដំណាក់កាលទី២នេះ គម្រោងនឹងសាងសង់ស្ថានីយមួយកន្លែងទៀតនៅ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ព្រមទាំងរៀបចំការសិក្សាសមទ្ធិលទ្ធភាពត្រៀមសម្រាប់ការសាងសង់ស្ថានីយទីបីបន្តទៀត។ចំពោះទំហំថវិកាប៉ាន់ស្មានសម្រាប់ដំណាក់កាលទីពីរនេះគឺប្រមាណ ២.៣២០.០០០អឺរ៉ូ (ពីរលានបីរយម្ភៃពាន់អឺរ៉ូ) ដោយមិនរាប់បញ្ចូលភាគទានជាវត្ថុ/ជាអត្ថប្រយោជន៍ដែលមិនមែនជាសាច់ប្រាក់នោះទេ ដែលថវិកានេះគ្រោងនេះទទួលបានពីការចូលរួមវិភាគទានពីសមាគម AIMF ទីភ្នាក់ងារ  AESN សហជីព SIAAP និងរដ្ឋបាលរាជធានីភ្នំពេញផងដែរ។ គម្រោងជំហានទី២នេះ នឹងអាចចាប់ផ្តើមដំណើរការនៅក្រោយពេលក្រុមការងារបច្ចេកទេសសពិភាក្សាលម្អិតអំពីខ្លឹមសារកិច្ចព្រមព្រៀងសហប្រតិបត្តិការចប់សព្វគ្រប់ និងចុះហត្ថលេខារួមគ្នានាពេលខាងមុខឆាប់ៗនេះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia