Connect with us

ព័ត៌មាន

អ្នកនយោបាយមានសុទិដ្ឋិនិយមថា «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នៅកម្ពុជានឹងនាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា»

ភ្នំពេញ ៖ អ្នកនយោបាយបានបង្ហាញសុទិដ្ឋនិយមថា កិច្ចប្រជុំកំពូលនៃប្រជាជាតិនិយាយភាសាបារាំង លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងនាំមកនៅផលប្រយោជន៍ជាច្រើនដល់កម្ពុជា។

លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានថ្លែងថា ជាកិត្តិយស និងជាប្រវត្តិសាស្ត្រដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនៃប្រជាជាតិនិយាយភាសាបារាំងលើកទី២០ និងបង្ហាញពីស្នាព្រះហត្ថព្រះបរមរតនកោដ្ឋសម្តេចព្រះនរោត្តម សីហនុ ដែលជាស្ថាបនិកប្រជាជាតិនិយាយភាសាបារាំង។ ហើយកិច្ចប្រជុំនេះកម្ពុជានឹងទទួលបានជោគជ័យយ៉ាងធំធេង។ ទន្ទឹមនឹងការឈា្លនពានរបស់ថៃមកលើកម្ពុជា ប្រទេសប្រមាណជាង ៨០ប្រទេសដែលនឹងមកចូលរួមកិច្ចប្រជុំ ជាពិសេសប្រធានាធិបតីបារាំងក៏អញ្ជើញមកចូលរួមផងដែរនោះ នឹងជួយអន្តរាគមន៍ដើម្បីឲ្យថៃបញ្ឈប់ការរំលោភបំពានមកលើកម្ពុជា។ ហើយសូមអបអរសាទរនិងមានមោទនភាពនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺមានសារៈសំខាន់សម្រាប់កម្ពុជានិងនាំមកនូវផលប្រយោជន៍យ៉ាងច្រើនមកដល់កម្ពុជា។

លោកជំទាវបានបញ្ជាក់ថា ៖ “យើងមានការឈ្លានពានពីប្រទេសថៃមកលើទឹកដីកម្ពុជាដោយខុសច្បាប់ ប្រទេសនិយាយភាសាបារាំងមានដល់ទៅ៩០ប្រទេសដែលគាំទ្រកម្ពុជា ហើយមកដើម្បីជួយធ្វើអន្តរាគមន៍ជួយធ្វើជាសាក្សីដឹងលឺ ជាពិសេសគឺមានប្រធានាធិបតីបារាំងដែលជាម្ចាស់នៃហត្ថលេខាផែនទីឆ្នាំ១៩០៤-១៩០៧ ដើម្បីបង្ហាញឲ្យអន្តរជាតិមើលឃើញថា ថៃបានឈ្លានពានទឹកថៃខ្មែរជាច្រើនដងនិងជាច្រើនទីតាំង។ ដូច្នេះជាឱកាសសម្រាប់កម្ពុជាធំធេងណាស់ក្នុងបច្ចុប្បន្ននេះដែលដឹកនាំដោយសម្តេចតេជោ-ធិបតី នៃរាជរដ្ឋាភិបាលអាណត្តិទី៧ យើងនឹងបានទទួលនៅជោគជ័យក្នុងការឈ្នះនៅការទូត ហើយផលប្រយោជន៍នឹងនាំមកប្រទេសយើងយ៉ាងច្រើនក្រៃលែង”។

ឯកឧត្តម បូរ៉ា កក្កដា ប្រធានគណបក្សអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា កិច្ចប្រជុំកំពូលនៃប្រជាជាតិនិយាយភាសាបារាំងលើកទី២០ គឺជាប្រវត្តិសាស្ត្រដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយកិច្ចប្រជុំនេះនឹងមានការពិភាក្សាពីការរួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង ទៅលើបញ្ហាសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ ហើយកិច្ចប្រជុំនេះក៏ផ្តោតទៅលើការវិនិយោគដើម្បីវិបុលភាពនិងស្ថេរភាពដ៏យូរអង្វែងផងដែរ។ ជាពិសេសកម្ពុជាក៏នឹងធ្វើការចែករំលែកទៅលើការកសាងប្រទេសជាតិឡើងវិញ ព្រមទាំងការស្វែងរកដៃគូរអភិវឌ្ឍន៍ថ្មីៗផងដែរ។ សូមកោតសរសើររាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានរៀបចំកិច្ចប្រជុំនេះដោយមានប្រទេសជាច្រើនមកចូលរួម។

ឯកឧត្តមបានបញ្ជាក់ថា ៖ “ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំហ្វ្រង់ហ្វូកូនីលើកទី២០ ក្រោមមូលបទរួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការដែលកម្ពុជាធ្វើការចែករំលែកទៅលើការកសាងប្រទេសជាតិឡើងវិញ ព្រមទាំងការស្វែងរកដៃគូរអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀតផងដែរ។ សូមកោតសរសើរសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានរៀបចំកិច្ចប្រជុំហ្វ្រង់ហ្វូកូនីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែលធ្វើឲ្យប្រទេសជាច្រើនដែលមកចូលរួមមានការចាប់អារម្មណ៍ខ្លាំងមកលើកម្ពុជា”។

សូមជម្រាបថា តាមកម្មវិធីនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ប្រព្រឹត្តទៅក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងពិធីលៀងសាយភោជន៍ក្រោមនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ពិធីបិទកិច្ចប្រជុំកំពូលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីបើកពិពណ៌ហ្វ្រង់កូតិចនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតនិងពិពណ៌កោះពេជ្រ។ ពិធីបើកវីឡាហ្វ្រង់ហ្វូកូនីនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោកជំទាវអគ្គលេខាធិការដ្ឋានហ្វ្រង់ហ្វូកូនី៕ អត្ថបទ : វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia