Connect with us

ព័ត៌មាន

អង្គការ PSE បង្ហាញមោទនភាព ក្នុងការរួមចំណែកផ្សព្វផ្សាយពីកម្ពុជាក្នុងព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី

អង្គការដើម្បីភាពញញឹម នៃកុមារ បង្ហាញក្ដីរីករាយ មោទនភាព ដែលបានចូលរួមផ្សព្វផ្សាយពីកម្ពុជា ទៅកាន់ក្រុមប្រទេសនិយាយភាសាបារាំង ក្នុងព្រឹត្តិការណ៍ ហ្រ្វង់កូហ្វូនី។

លោក ស៊ឹម វង្សវិទូ គ្រូបង្រៀន នៅអង្គការដើម្បីភាពញញឹម នៃកុមារ PSE ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រាប់ BTV នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ថា អង្គការបស់លោក មានមោទនភាព ដែលបានចូលរួមជាផ្នែកមួយនៃព្រឹត្តិការណ៍ ហ្រ្វង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលលើកទី២០នេះ។

លោកបញ្ជាក់ ថា សម្រាប់អ្នកស្ម័គ្រចិត្តរបស់អង្គការ ដែលរង់ចាំនៅស្ដង់របស់អង្គការ ក្នុងភូមិហ្រ្វង់កូហ្វូនី នឹងធ្វើបទបង្ហាញជូនភ្ញៀវអន្តរជាតិ ពីវប្បធម៌របស់កម្ពុជា ដើម្បីឱ្យអន្តរជាតិស្គាល់កាន់តែច្បាស់ពីកម្ពុជា។

លោក ស៊ឹម វង្សវិទូ ៖«សម្រាប់ អង្គការដើម្បីភាពញញឹម នៃកុមារ (PSE) ក្នុងឱកាសកិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី យើងបានចូលរួមយ៉ាងខ្នះខ្នែង ក្នុងកម្មវិធីមួយនេះ ដោយយើងបានបញ្ចូនដាក់ស្ដង់ជាមួយក្រសួងអប់រំ នៅភូមិហ្រ្វង់កូហ្វូនី។ នៅទីនោះ យើងបានបញ្ជូនឯកសារ ទាក់ទងនឹងភាសាបារាំង ទាក់ទងនឹងការងារមួយចំនួនរបស់ PSE ដែលយើងបានធ្វើកន្លងមកក្នុងការជួយដល់កុមារដែលជួបការលំបាក និងកម្មវិធីផ្សេងៗទៀតដែលផ្ដល់កិច្ចគាំពារដល់កុមារ។ យើងចង់ពិតជាចង់ឱ្យប្រទេសខាងក្រៅស្គាល់កាន់តែច្បាស់ពីវប្បធម៌ខ្មែរ ប្រពៃណីខ្មែរ ប្រវត្តិភាសាខ្មែរ និងភាសាបារាំង ដែលមានកប់ក្នុងប្រវត្តិសាស្រ្ដជាមួយប្រទេសកម្ពុជា។ ហើយ PSE ក៏ចង់ផ្សព្វផ្សាយពីអង្គការផ្ទាល់ដែលកំពុងខិតខំធ្វើកិច្ចការជួយដល់កុមារ ដែលជាកុមារកំព្រា អាចទទួលបានការអប់រំ សមស្របទៅនឹងទីផ្សារការងារ»។

សូមបញ្ជាក់​ថា ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី​ លើកទី២០ នៅរាជធានី​ភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦​នេះ គឺជាការបង្ហាញពីតួនាទីយ៉ាងសកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ និងការបន្តវេនមរតកប្រវត្តិសាស្ត្រនៃចលនាហ្វ្រង់កូហ្វូនី។ ហើយការចូលរួមយ៉ាងសកម្មរបស់ស្ថាប័ន ឯកជន និងអង្គការបារាំងនៅ «ភូមិហ្វ្រង់កូហ្វូនី» នឹងក្លាយជាវេទិកាដ៏មានសារៈសំខាន់ក្នុងការផ្សព្វផ្សាយពីវប្បធម៌ ការអប់រំ និងស្មារតីសាមគ្គីភាពគ្មានព្រំដែន សម្រាប់បណ្ដាប្រទេសនិយាយភាសាបារាំង៕ អត្ថបទ​: លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia