Connect with us

ព័ត៌មាន

ភ្ញៀវជាតិនិងអន្តរជាតិជាច្រើនចូលទស្សនាពិព័រណ៍ផលិតផលខ្មែរក្នុងភូមិហ្វ្រង់កូហ្វូនី នាថ្ងៃសម្ពោធបើកដំណើរការ

ភ្ញៀវជាតិ និងអន្តរជាតិជាច្រើន បានអញ្ជើញចូលទស្សនាស្តង់ពិព័រណ៍ផលិតផលខ្មែរ ក្នុងថ្ងៃបើកដំបូង នៃភូមិហ្វ្រង់កូហ្វូនី នាសួនវត្តបទុមវតី រាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។ ពិព័រណ៍នេះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

ភូមិហ្វ្រង់កូហ្វូនី ដែលជាព្រឹត្តិការណ៍អម នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ មានដាក់តាំងបង្ហាញផលិតផល ទំនិញ និងសេវាកម្មស្តង់ដានានារបស់ជាតិ និងអន្តរជាតិជាច្រើន ជូនបណ្តាគណៈប្រតិភូ ភ្ញៀវជាតិ និងអន្តរជាតិទស្សនា ឈ្វេងយល់ និងចែករំលែកវប្បធម៌គ្នាទៅវិញទៅមក។

សម្រាប់ស្តង់ពិព័រណ៍ផលិតផលខ្មែរ បានដាក់បង្ហាញវត្ថុអនុស្សាវរីយ៍ ជាសម្ភារប្រើប្រាស់នានា, កម្រងសៀវភៅប្រវត្តិសាស្ត្រ មានជាអក្សរខ្មែរ និងបារាំង, សម្លៀកបំពាក់សូត្របុរាណខ្មែរ, ផលិតផលទំនិញ និងភេសជ្ជៈនានាដែលផលិតដោយក្រុមហ៊ុនក្នុងស្រុក ជាដើម ។

ម្ចាស់ស្តង់ពិព័រណ៍ផលិតផលខ្មែរ សម្តែងក្តីមោទកភាពក្រៃលែង ដែលកម្ពុជាមានឱកាសរៀបចំព្រឹត្តិការណ៍ដ៏ធំអស្ចារ្យបែបនេះ និងជាឱកាសសម្រាប់ការដាក់តាំងផលិតផលទំនិញកម្ពុជា បង្ហាញទៅកាន់សហគមន៍អន្តរជាតិ ឱ្យបានឃើញពីអ្វីដែលជាស្នាដៃរបស់កូនខ្មែរគ្រប់រូបអាចធ្វើ និងផលិតបាន។

ម្ចាស់ស្តង់ទំនិញបានបន្ថែមថា ដោយសារតែកត្តាសុខសន្តិភាពតែមួយគត់ ទើបកម្ពុជាអាចមានឱកាសក្នុងការរៀបចំព្រឹត្តិការណ៍ធំបែបនេះបាន ហើយតាមរយៈឱកាសដ៏វិសេសវិសាលនេះ ក៏ជាពេលដែលយើងអាចបង្កើនទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ ដើម្បីបង្កើតឱកាសនាំចេញផលិតផលដែលផលិតក្នុងស្រុក ដើម្បីនាំចេញទៅទីផ្សារខាងក្រៅ។

ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានដើរទស្សនាពិព័រណ៍នេះ ក៏បានសម្តែងភាពភ្ញាក់ផ្អើល និងស្ញប់ស្ញែងចំពោះការរៀបចំបានយ៉ាងល្អសម្រាប់ព្រឹត្តិការណ៍ភូមិហ្វ្រង់កូហ្វូនីនេះ ដែលមានបញ្ចូលទាំងផ្ទាំងទស្សនីយភាពនានា បង្ហាញពីវប្បធម៌ អរិយធម៌ ក៏ដូចជាប្រាង្គប្រាសាទនានារបស់ប្រទេសកម្ពុជាផងដែរ និងវប្បធម៌ចម្រុះជាតិសាសន៍

ព្រឹត្តិការណ៍អម ភូមិហ្រ្វង់កូហ្វូនី ធ្វើនៅសួនវត្តបទុម បានរៀបចំពន្លាជាតិ និងស្តង់ពិព័រណ៍ ប្រមាណជាង២០០ របស់ប្រទេស និងរដ្ឋ ប្រមាណជាង៧០ ហើយរំពឹងថា ព្រឹត្តិការណ៍មហាជនមួយនេះ នឹងមានអ្នកចូលទស្សនារាប់ម៉ឺននាក់។

អត្ថបទ៖ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia