Connect with us

ព័ត៌មាន

កម្ពុជាបង្ហាញបទពិសោធន៍ និងកេរដំណែលពីដំណើរការកាត់ក្ដីមេដឹកនាំរបបខ្មែរក្រហមដល់អន្តរជាតិ

នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ កិច្ចពិភាក្សាតុមូលស្តីពី «កម្ពុជា ជាគំរូប្រកបដោយ

នវានុវត្តន៍ដល់យុត្តិធម៌អន្តរកាល៖ តើបទពិសោធរបស់កម្ពុជាអាចបំផុសគំនិតដល់យុត្តិធម៌អន្តរជាតិនាពេលអនាគតបានយ៉ាងដូចម្តេច?» បានប្រព្រឹត្តទៅនៅភូមិហ្វ្រង់កូហ្វូនី ក្នុងសាលសន្និសីទ ស្ថិតនៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។

កិច្ចពិភាក្សានេះមានគោលបំណងបង្ហាញពីតួនាទី និងការរួមចំណែករបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ចំពោះការអភិវឌ្ឍយុត្តិធម៌អន្តរជាតិ តាមរយៈការចែករំលែកបទពិសោធរបស់កម្ពុជាក្នុងការស្វែងរកយុត្តិធម៌សម្រាប់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម។ កិច្ចនេះក៏បានឆ្លុះបញ្ចាំងពីគោលបំណងរួមរបស់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនីផងដែរ។

កិច្ចពិភាក្សាមានការចូលរួមពីវាគ្មិនចំនួនប្រាំរូប ដែលមានបទពិសោធ និងជំនាញក្នុងវិស័យយុត្តិធម៌ ច្បាប់ និងការការពារសិទ្ធិជនរងគ្រោះ រួមមាន ឯកឧត្តម ហែម ក្រាញ់តូនី រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. លោកចៅក្រម អូលីវីយេ បូវ៉ាឡេ (Olivier Beauvallet) ចៅក្រមអន្តរជាតិនៃអង្គបុរេជំនុំជម្រះនៃ អ.វ.ត.ក. និងជាចៅក្រមរបាយការណ៍នៅអង្គជំនុំជម្រះសាលាឧទ្ធរណ៍នៃតុលាការព្រហ្មទណ្ឌពិសេសនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល លោកស្រីមេធាវី ទី ស្រ៊ីនណា សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីក្នុងអំឡុងការជំនុំជម្រះមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវសំខាន់ក្នុងរបបខ្មែរក្រហម លោក ហ៊ីសាម មូសារ (Hisham Mousar) ព្រឹទ្ធបុរសនៃមហាវិទ្យាល័យនីតិសាស្ត្រនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងជាទីប្រឹក្សានៃក្រសួងយុត្តិធម៌ ព្រមទាំងលោក យិន រំដួល សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង ០០២/០១ នៃ អ.វ.ត.ក.។

ក្នុងកិច្ចពិភាក្សា វាគ្មិនបានផ្លាស់ប្តូរយោបល់លើប្រធានបទសំខាន់ៗចំនួនបី ដែលពាក់ព័ន្ធនឹងបទពិសោធ និងកេរដំណែលរបស់ អ.វ.ត.ក.។

ទី១៖ លក្ខណៈពិសេសនៃគំរូតុលាការរបស់ អ.វ.ត.ក.

វាគ្មិនបានពិភាក្សាអំពីលក្ខណៈពិសេសនៃគំរូតុលាការកូនកាត់ ដែលរួមបញ្ចូលប្រព័ន្ធយុត្តិធម៌ជាតិ និងការចូលរួមពីសហគមន៍អន្តរជាតិ។ ការពិភាក្សាបានផ្តោតលើបទពិសោធនៃការបង្កើត និងដំណើរការរបស់តុលាការក្នុងបរិបទជាក់លាក់របស់កម្ពុជា ព្រមទាំងការថ្លឹងថ្លែងរវាងការស្វែងរកយុត្តិធម៌ និងការរក្សាសន្តិភាពក្នុងដំណើរការផ្សះផ្សាជាតិ។

ទី២៖ ការចូលរួមរបស់ជនរងគ្រោះក្នុងដំណើរការយុត្តិធម៌

វាគ្មិនបានលើកឡើងពីតួនាទីសំខាន់របស់ជនរងគ្រោះក្នុងនីតិវិធីតុលាការ ជាពិសេសតាមរយៈយន្តការដើមបណ្តឹងរដ្ឋប្បវេណី ដែលបានផ្តល់ឱកាសឱ្យជនរងគ្រោះចូលរួមក្នុងដំណើរការជំនុំជម្រះ និងបង្ហាញពីផលប៉ះពាល់ដែលពួកគេបានទទួលរងដោយសារឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម។

ជាមួយគ្នានេះ កិច្ចពិភាក្សាក៏បានពិនិត្យមើលការផ្តល់សំណងដល់ជនរងគ្រោះ តាមរយៈវិធានការសំណងជាសមូហភាព និងវិធានការផ្សេងៗដែលមានគោលបំណងទទួលស្គាល់ការឈឺចាប់របស់ជនរងគ្រោះ ស្តារសេចក្តីថ្លៃថ្នូរ និងជំរុញការផ្សះផ្សាក្នុងសង្គម។

ទី៣៖ ពីបន្ទប់សវនាការទៅថ្នាក់រៀន៖ តួនាទី និងកេរដំណែលបច្ចុប្បន្នរបស់ អ.វ.ត.ក.

វាគ្មិនបានពិភាក្សាអំពីមុខងារសេសសល់របស់ អ.វ.ត.ក. បន្ទាប់ពីការបញ្ចប់ការជំនុំជម្រះសំណុំរឿង ព្រមទាំងសារៈសំខាន់នៃការថែរក្សាកេរដំណែលរបស់តុលាការ។ ការងារនេះរួមមានការរក្សាទុក និងផ្សព្វផ្សាយឯកសារប្រវត្តិសាស្ត្រ ការចែករំលែកចំណេះដឹងអំពីដំណើរការយុត្តិធម៌ ការអប់រំសាធារណជន និងការផ្ទេរមេរៀនទៅកាន់មនុស្សជំនាន់ក្រោយ។

ការពិភាក្សាក៏បានលើកឡើងពីសារៈសំខាន់នៃការបន្តចែករំលែកបទពិសោធរបស់កម្ពុជា ដើម្បីរួមចំណែកដល់ការសិក្សា និងការអភិវឌ្ឍយន្តការយុត្តិធម៌អន្តរជាតិនាពេលអនាគត។

តាមរយៈកិច្ចពិភាក្សានេះ បទពិសោធរបស់ អ.វ.ត.ក. បានក្លាយជាប្រធានបទសម្រាប់ការផ្លាស់ប្តូរយោបល់អំពីតួនាទីរបស់តុលាការកូនកាត់ ការចូលរួមរបស់ជនរងគ្រោះ និងការថែរក្សាកេរដំណែលយុត្តិធម៌។ កិច្ចពិភាក្សានេះក៏បានបង្ហាញពីសារៈសំខាន់នៃការភ្ជាប់ទំនាក់ទំនងរវាងការស្វែងរកយុត្តិធម៌ ការចងចាំប្រវត្តិសាស្ត្រ ការអប់រំ និងការកសាងសន្តិភាពយូរអង្វែង។

ជារួម កេរដំណែលរបស់ អ.វ.ត.ក. មិនត្រឹមតែស្ថិតនៅក្នុងសេចក្តីសម្រេចរបស់តុលាការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅក្នុងការផ្តល់សំឡេងដល់ជនរងគ្រោះ ការទទួលស្គាល់ការឈឺចាប់របស់ពួកគេ ការរក្សាការចងចាំប្រវត្តិសាស្ត្រ និងការចែករំលែកមេរៀនសម្រាប់មនុស្សជំនាន់ក្រោយ និងសហគមន៍អន្តរជាតិផងដែរ។អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia