Connect with us

ព័ត៌មាន

នៅចំពោះព្រះភក្រ្តព្រះមហាក្សត្រខ្មែរ ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង អះអាងថា បារាំងប្តេជ្ញាបន្តជួយកម្ពុជាជានិច្ច

ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ាណុយអែល ម៉ាក្រុង បានប្រកាសថា បារាំងនឹងបន្តធ្វើការរួមគ្នាជាមួយកម្ពុជាជានិច្ច ជាពិសេសលើវិស័យ សុខាភិបាល ការទទួលបានទឹកស្អាត ការអភិរក្សបេតិកភណ្ឌ ច្បាប់ ប្រតិបត្តិការរក្សាសន្តិភាព កសិកម្ម ការផ្លាស់ប្តូររវាងយុវជននៃប្រទេសទាំងពីរ និងការអប់រំជាដើម។

ក្នុងជំនួបសវនាការជាមួយព្រះមហាក្សត្រខ្មែរ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តមម៉ាក្រុង បានលើកឡើងថាប្រទេសបារាំងមានមោទនភាពដែលបានឈរនៅក្បែរព្រះអង្គ និងប្រជាជនកម្ពុជា តាមរយៈកម្មវិធីបណ្តុះបណ្តាល និងជំនួយអភិវឌ្ឍន៍របស់ខ្លួន ហើយបារាំងនឹងបន្តការប្តេជ្ញាចិត្តនេះតទៅទៀត។ កិច្ចព្រមព្រៀងនានាដែលនឹងត្រូវចុះហត្ថលេខា នឹងបង្ហាញថា ភាពជាដៃគូរបស់យើងនៅតែរឹងមាំ នឹងបន្តទៅមុខក្នុងដំណាក់កាលថ្មីនេះ។

ឯកឧត្តមប្រធានាធិបតីបារាំង បានលើកឡើងទៀតថាកម្ពុជានាពេលបច្ចុប្បន្នមានភាពខុសប្លែកយ៉ាងខ្លាំងពីកម្ពុជាកាលពី៣០ឆ្នាំមុន ខណៈប្រទេសនេះកំពុងត្រៀមចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត។ វឌ្ឍនភាពដែលសម្រេចបានមានទំហំធំធេងណាស់ ហើយប្រជាជនកម្ពុជាអាចមានមោទនភាពចំពោះសមិទ្ធផលដែលខ្លួនសម្រេចបាន។ ដំណាក់កាលថ្មីនេះនឹងរួមបញ្ចូលការវិនិយោគរបស់វិស័យឯកជនក្នុងវិស័យជាច្រើន ការបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន។ ជាការពិតយើងនឹងបន្តធ្វើការរួមគ្នាលើវិស័យដែលកិច្ចសហប្រតិបត្តិការរបស់យើងទទួលបានជោគជ័យយ៉ាងល្អប្រសើរ ដូចជា សុខាភិបាល ការទទួលបានទឹកស្អាត ការអភិរក្សបេតិកភណ្ឌ ច្បាប់ ប្រតិបត្តិការរក្សាសន្តិភាព កសិកម្ម ការផ្លាស់ប្តូររវាងយុវជននៃប្រទេសទាំងពីរ និងការអប់រំ ដែលទទួលបានការគាំទ្រពីអង្គការមិនមែនរដ្ឋាភិបាលបារាំង-កម្ពុជាដ៏ឆ្នើមជាច្រើន។ ប៉ុន្តែ យើងក៏នឹងមានវិស័យថ្មីៗដែលត្រូវស្វែងរកផងដែរ រួមមាន ការរៀបចំ និងការគ្រប់គ្រងសារមន្ទីរ បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាកង់ទិច វិស័យអវកាស ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត បណ្ណសារ និងថាមពលស្អាតជាដើម។

នៅចំពោះមុខព្រះភ័ក្រ្តព្រះករុណា ព្រះមហាក្សត្រ ឯកឧត្តមម៉ាក្រុង ក៏បានរំលឹកផងដែរថាភាពជាដៃគូដ៏យូរអង្វែងរវាងបារាំង និងកម្ពុជា បានចាប់ផ្តើមជាងមួយសតវត្សរ៍កន្លះមកហើយ នៅក្នុងអំឡុងពេលដែលកម្ពុជាត្រូវការការគាំទ្រ។ ទំនាក់ទំនងនេះបានចាប់ផ្តើមឡើងវិញ បន្ទាប់ពីដំណាក់កាលដ៏សោកសៅជាច្រើនឆ្នាំ នៅពេលដែលប្រទេសបារាំងដោយស្មោះត្រង់ចំពោះចំណងមិត្តភាពជាមួយប្រជាជនកម្ពុជា បានរួមចំណែកក្នុងការនាំមកនូវសន្តិភាព និងការស្តារព្រះរាជាណាចក្ររបស់ព្រះអង្គឡើងវិញ ជាពិសេសតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលខួបលើកទី៣៥ ត្រូវបានប្រារព្ធឡើងកាលពីខែមុន។ ឯកឧត្តមបានលើកឡើងទៀតថាសូមឱ្យកម្ពុជារុងរឿង! សូមឱ្យបារាំងរុងរឿង! និងសូមឱ្យចំណងមិត្តភាពបារាំង-កម្ពុជារុងរឿង៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia