Connect with us

ព័ត៌មាន

សម្ដេចតេជោ ជំរុញឱ្យ កម្ពុជា-ឡាវ បន្តកិច្ចសហប្រតិបត្តិការ ជាពិសេស ធានាព្រំដែនមាន សន្តិភាព ស្ថេរភាព និងសុវត្ថិភាព

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញបន្ថែមទៀត ឱ្យភាគី កម្ពុជា-ថៃ បន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសគឺការការពារនៅតាមព្រំដែនដែលធានាឲ្យបានបន្តទៀតនូវព្រំដែនដែលសន្តិភាព ស្ថេរភាព និងសុវត្ថិភាព។ ការជំរុញនេះ ធ្វើឡើង នៅវិមានសាមគ្គីភាព ដីព្រឹទ្ធសភា នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្នុងឱកាស សម្ដេចបានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន (Khamlieng Outhakaysone) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តមជា ធី រិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិរបស់ឡាវក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ សម្ដេច ចាត់ទុកថាដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅពេលនេះ គឺជាផ្នែកដ៏សំខាន់ក្នុងការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា និងឡាវ ហើយនិយាយដោយឡែកនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងវិស័យការពារជាតិ នៃប្រទេសទាំងពីរ។

ឯកឧត្តម បានសម្ដែងនូវការអរគុណចំពោះ សម្ដេចតេជោដែលបានចំណាយពេលវេលាជួបជាមួយនឹងឯកឧត្តមនៅក្នុងឱកាសនេះ។ ឯកឧត្តមក៏បានរាយការណ៍ជូនសម្ដេចតេជោអំពី កិច្ចសហបត្តិការក្នុងវិស័យយោធារវាងកម្ពុជា និងឡាវនាពេលកន្លងមក ជាពិសេសគឺកិច្ចសហបត្តិការក្នុងការចែករំលែកក៏ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរផងដែរ និងឯកឧត្តមក៏ជម្រាបជូនសម្ដេចតេជោអំពីកិច្ចសហបត្តិការនៅតាមព្រំដែនរវាងការកម្ពុជា និងឡាវដែលប្រទេសទាំងពីរបានសហការគ្នាយ៉ាងល្អដោយក្នុងរយៈពេលកន្លងមកនេះគឺព្រំដែនកម្ពុជា និងឡាវជាព្រំដែនដែលមានសន្តិភាព ស្ថេរភាព និងសន្តិសុខយ៉ាងពេញលេញ គ្មានបញ្ហាអ្វីកើតឡើងនោះទេ។ ឯកឧត្តមក៏បានរាយការណ៍ជូនសម្ដេចអំពីកិច្ចសហប្រតិបត្តិការ នៅក្នុងការជួយដោះស្រាយ ឬក៏ទប់ស្កាត់ជួយសង្គ្រោះនៅពេលដែលមានគ្រោះមហន្តរាយកើតឡើងរវាងកងទ័ពកម្ពុជា និងកងទ័ពឡាវនិងការរួមគ្នាប្រយុទ្ធប្រឆាំងនិងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។

សម្ដេចតេជោ បានសម្ដែងការពេញចិត្តចំពោះលទ្ធផល ក៏ដូចជារបាយការណ៍ឯកឧត្តមបានលើកឡើងពីវឌ្ឍនភាព នៃទំនាក់ទំនងក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរវាងកម្ពុជា និងឡាវ ដោយសម្ដេចបានវាយតម្លៃខ្ពស់ចំពោះកិច្ចសម្រាប់ការនេះ ហើយ សម្ដេចកត់សម្គាល់ទៅលើកិច្ចសហប្រតិបត្តិការ នៃការបណ្ដុះបណ្ដាលធនធានមនុស្ស និងការផ្លាស់ប្ដូរនូវទស្សនកិច្ច នៃបណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់ ឬក៏រហូតដល់ថ្នាក់ក្រោមរវាងថ្នាក់ដឹកនាំ នៃក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិរបស់ឡាវនាពេលកន្លងមក។

សម្ដេចក៏បានជំរុញបន្ថែមទៀត ឲ្យភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសគឺការការពារនៅតាមព្រំដែនដែលធានាឲ្យបានបន្តទៀតនូវព្រំដែនដែលសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសម្រាប់ប្រទេសសងខាង ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ។

ចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យឯកឧត្តមទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕

អត្ថបទ៖ សំ សីហា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia