ព័ត៌មាន
កម្ពុជា បង្ហាញភាពជាអ្នកដឹកនាំ និងបទពិសោធន៍ជាក់ស្តែងលើឆាកអន្តរជាតិ ដើម្បីជំរុញសកម្មភាពមីនមនុស្សធម៌នៅអ៊ុយក្រែន
(ព្រុចសែល, បែលហ្ស៊ិក)៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកកម្រិតខ្ពស់នៃសន្និសីទសកម្មភាពមីនអ៊ុយក្រែន ឆ្នាំ២០២៦ (Ukraine Mine Action Conference 2026) នៅវិមាន Residence Palace ទីក្រុងព្រុចសែល។ ពិធីនេះមានការចូលរួមថ្លែងសុន្ទរកថាពីព្រះនាងអាស្ត្រ៊ីដ (Princess Astrid) នៃប្រទេសបែលហ្ស៊ិក ឯកឧត្តម Serhii Koretskyi នាយករដ្ឋមន្ត្រីអ៊ុយក្រែន ព្រមទាំងរដ្ឋមន្ត្រី និងឥស្សរជនជាន់ខ្ពស់មកពីបណ្តាប្រទេសមួយចំនួនទៀត។
ក្នុងសុន្ទរកថា ឯកឧត្តមបណ្ឌិត លី ធុជ បាននាំនូវការសាកសួរសុខទុក្ខដ៏កក់ក្តៅពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងបញ្ជាក់ពីសាមគ្គីភាពរបស់ប្រជាជនកម្ពុជាចំពោះប្រជាជនអ៊ុយក្រែន ក្នុងការជំរុញសកម្មភាពមីនមនុស្សធម៌។ ឯកឧត្តមបានលើកឡើងថា កម្ពុជាបានឆ្លងកាត់បទពិសោធន៍ដ៏ជូរចត់ពីសង្គ្រាម និងបានចំណាយពេលជាង ៣០ឆ្នាំ ក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់ ប៉ុន្តែការងារនេះនៅមិនទាន់បញ្ចប់នៅឡើយ។ បទពិសោធន៍កម្ពុជាបានបង្ហាញថា សង្គ្រាមអាចបញ្ចប់ ប៉ុន្តែគ្រោះថ្នាក់ដែលនៅក្នុងដីនៅតែបន្តគំរាមកំហែងដល់អាយុជីវិត និងជីវភាពប្រជាពលរដ្ឋអស់រយៈពេលជាច្រើនទសវត្សរ៍។
ឯកឧត្តមបានកោតសរសើរចំពោះវឌ្ឍនភាពរបស់អ៊ុយក្រែន ដែលបានស្តារដីប្រមាណ ៤២.០០០ គីឡូម៉ែត្រក្រឡា ជូនប្រជាពលរដ្ឋវិញ ទោះបីជាសង្រ្គាមនៅបន្តក៏ដោយ។ ឯកឧត្តមបានគូសបញ្ជាក់ថា ដីដែលត្រូវបានស្តារឡើងវិញនីមួយៗ មិនត្រឹមតែបង្កើនសុវត្ថិភាពប៉ុណ្ណោះទេ ថែមទាំងជួយការពារជីវភាព និងបើកលទ្ធភាពឱ្យសហគមន៍មូលដ្ឋានអាចប្រើប្រាស់ដីធ្លីឡើងវិញផងដែរ។
ជាការរួមចំណែកជាក់ស្តែង កម្ពុជាបានគាំទ្រដល់ការកសាងសមត្ថភាពអ្នកជំនាញអ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០២៣ ក្រោមការគាំទ្ររបស់ប្រទេសជប៉ុន តាមរយៈការបណ្តុះបណ្តាលអ្នកជំនាញនៃសេវាសង្គ្រោះបន្ទាន់រដ្ឋអ៊ុយក្រែន ទាំងនៅកម្ពុជានិងប្រទេសប៉ូឡូញ។ ទន្ទឹមនឹងនេះ ផ្អែកលើបទពិសោធន៍ជាងបីទសវត្សរ៍ ឯកឧត្តមបានចែករំលែកមេរៀនសំខាន់ៗចំនួនបីពីបទពិសោធន៍កម្ពុជា រួមមាន ការកសាងសមត្ថភាពជាតិចាប់តាំងពីដំណាក់កាលដំបូង ការថែទាំជនរងគ្រោះ និងអ្នករស់រានមានជីវិតពេញមួយជីវិត ព្រមទាំងការរៀបចំផែនការបោសសម្អាតរហូតដល់គ្រាប់មីនចុងក្រោយ។
ឯកឧត្តមក៏បានរំលឹកថា កាលពីឆ្នាំ២០២៥ ជម្លោះបានផ្ទុះឡើងវិញនៅតាមព្រំដែនកម្ពុជា-ថៃ និងបន្សល់ទុកការគំរាមកំហែងថ្មីដោយយុទ្ធភណ្ឌគ្រឿងផ្ទុះនៅក្នុងខេត្តចំនួន៧ ដែលជាការបង្ហាញថា ការធ្វើឱ្យដីមានសុវត្ថិភាពឡើងវិញត្រូវការពេលវេលា ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់។ ឯកឧត្តមបានបញ្ជាក់ថា ការគាំទ្ររបស់កម្ពុជាចំពោះអ៊ុយក្រែន គឺជាសកម្មភាពមនុស្សធម៌ ដើម្បីជួយដល់គ្រួសារ និងប្រជាពលរដ្ឋអ៊ុយក្រែនឱ្យអាចត្រឡប់ទៅរស់នៅលើដីធ្លីរបស់ខ្លួនដោយសុវត្ថិភាព។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះដៃគូអន្តរជាតិដែលបានឈរជាមួយកម្ពុជាអស់រយៈពេលជាងបីទសវត្សរ៍ ក្នុងបេសកកម្មបោសសម្អាតមីន និងបានបញ្ជាក់ពីការត្រៀមខ្លួនបន្តចែករំលែកនូវអ្វីដែលកម្ពុជាធ្លាប់ទទួលបាន តាមរយៈការបើកទូលាយមជ្ឈមណ្ឌលបណ្តុះបណ្តាល ទីលានហ្វឹកហ្វឺន និងក្រុមអ្នកជំនាញដោះមីនកម្ពុជា ដើម្បីគាំទ្រអ៊ុយក្រែនរហូតដល់បេសកកម្មនេះត្រូវការចាំបាច់។







-
កម្សាន្ដ1 week agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
កីឡា1 week agoក្រសួងមហាផ្ទៃ និងខេត្តកណ្ដាល កំពុងនាំមេដាយកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦
-
កីឡា1 week agoNOCC និង វឌ្ឍនៈ ហ្គោល រីហ្សត ជួបប្រជុំត្រៀមរៀបចំពានវាយកូនគោលលំដាប់ពិភពលោក ក្រោយទទួលការគាំទ្រពីរាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoសម្ដេចធិបតី លើកទឹកចិត្តដល់យុវជនមិនទាន់ជាប់ចូលរួមកាតព្វកិច្ចយោធា សូមបន្តដាក់ដាក់ពាក្យនៅឆ្នាំក្រោយ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
-
ព័ត៌មាន4 days agoរាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
-
ព័ត៌មាន5 days agoអ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្តចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋរលឹកដឹងគុណធំធេង ចំពោះព្រះរាជបូនីយកិច្ចរបស់ព្រះវររាជបិតាជាតិខ្មែរ ដែលបានទាមទារឯករាជ្យភាព ជូនប្រទេសជាតិ