Connect with us

ព័ត៌មាន

កម្ពុជា-ម៉ាឡេស៊ី​ ផ្លាស់ប្តូរទស្សនៈគ្នាលើវិស័យនយោបាយ សេដ្ឋកិច្ច សន្តិសុខ ការងារ ថាមពល ការដឹកជញ្ជូន និងការតភ្ជាប់

នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Datuk Nur Jazlan Mohamed អនុប្រធានព្រឹទ្ធសភានៃប្រទេសម៉ាឡេស៊ី នៅទីស្តីការក្រសួង។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាលើវិស័យនយោបាយ សេដ្ឋកិច្ច សន្តិសុខ ការងារ ថាមពល ការដឹកជញ្ជូន និងការតភ្ជាប់។ ភាគីទាំងពីរ​ក៏​បាន​ពិភាក្សា​អំពី​កាលានុវត្តភាព និងស្វែងរកមធ្យោបាយនានា ដើម្បីពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​ទ្វេភាគី​លើ​វិស័យ​ដែលជាផលប្រយោជន៍រួម រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ សុខាភិបាល ទេសចរណ៍ជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសម្តែង​នូវ​ការ​កោត​សរសើរ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២៥ ចំពោះតួនាទីយ៉ាងសកម្ម និង​ប្រកបដោយស្ថាបនាក្នុងការសម្របសម្រួលដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដែល​បានឈានទៅដល់ការចេញសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ (ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥) និងការបង្កើតក្រុមសង្កេតការណ៍អន្តរកាល (IOT) និងក្រុមសង្កេតការណ៍អាស៊ាន (AOT)៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia