Connect with us

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសកម្ពុជាកោតសរសើរម៉ាឡេស៊ីកាលជាប្រធានអាស៊ានឆ្នាំ២០២៥ ជួយបន្សាបនៅភាពតឹនតឹង

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២៥ ចំពោះតួនាទីយ៉ាងសកម្ម និងប្រកបដោយស្ថាបនាក្នុងការសម្របសម្រួលដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដែលបានឈានទៅដល់ការចេញសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ (ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥) និងការបង្កើតក្រុមសង្កេតការណ៍អន្តរកាល (IOT) និងក្រុមសង្កេតការណ៍អាស៊ាន (AOT)។

ការកោតសរសើរនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Datuk Nur Jazlan Mohamed អនុប្រធានព្រឹទ្ធសភានៃប្រទេសម៉ាឡេស៊ី នៅទីស្តីការក្រសួង នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯក​​ឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍បញ្ជាក់ប្រាប់ BTV ថា ប្រទេសម៉ាឡេស៊ីកាលធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២៥ គឺបានជួយច្រើនក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ហើយនៅក្នុងជំនួបជាមួយឯកឧត្តម Datuk Nur Jazlan Mohamed អនុប្រធានព្រឹទ្ធសភានៃប្រទេសម៉ាឡេស៊ី ឯកឧត្តមបានអរគុណម៉ាឡេស៊ីដែលបានដើរតួនាទី​សកម្មនៅក្នុងការជួយបន្សាបនៅភាពតឹនតឹង។

ក្រសួងការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិបានបន្តថា ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាលើវិស័យនយោបាយ សេដ្ឋកិច្ច សន្តិសុខ ការងារ ថាមពល ការដឹកជញ្ជូន និងការតភ្ជាប់។ ភាគីទាំងពីរក៏បានពិភាក្សាអំពីកាលានុវត្តភាព និងស្វែងរកមធ្យោបាយនានា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីលើវិស័យដែលជាផលប្រយោជន៍រួម រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ សុខាភិបាល ទេសចរណ៍ ជាដើម។

គួរបញ្ជាក់ថា ចាប់តាំងពីមានការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានជាសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានរួចមក រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់ចំណុចដែលបានព្រមព្រៀងគ្នា។ ជាក់ស្តែង ភ្លាមៗបន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះ នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ភាគីកម្ពុជានិងថៃបាននិងកំពុងអនុវត្តតាមកិច្ចព្រមព្រៀងក្នុងការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញ ធុនធ្ងន់មួយផ្នែកចេញពីតំបន់ព្រំដែនជានិមិត្តរូប ក្រោមការសង្កេតរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ បន្ទាប់មក ភាគីទាំងពីរក៏បានឯកភាពគ្នាដកអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់នេះ ក្នុងដំណាក់កាល ជាក់លាក់ដោយរាប់ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia