Connect with us

ព័ត៌មាន

ជប៉ុនប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ CMAC តាមរយៈការគាំទ្រការងារសកម្មភាពមីន

ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនរបស់ភាគីជប៉ុនក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គភាព CMAC តាមរយៈការគាំទ្រការងារសកម្មភាពមីន ការអភិវឌ្ឍសមត្ថភាពបច្ចេកទេស និងការលើកកម្ពស់ការចែករំលែកបទពិសោធន៍របស់កម្ពុជា ទៅកាន់បណ្តាប្រទេសដែលកំពុងប្រឈមនឹងបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាម។

ការបង្ហាញការប្តេជ្ញាចិត្តយ៉ាងដូច្នេះក្នុងខណះ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំព្រះរា ជាណាចក្រកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារជាមួយ

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅទីបញ្ជាការCMAC ក្នុងរាជធានីភ្នំពេញ នៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ។

ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តម ហេង រតនា

បាន ជម្រាបជូនឯកឧត្តម ISHIZUKI Hideoអំពីវឌ្ឍនភាពការងារ សមិទ្ធផល និងសមត្ថភាពរបស់អង្គភាពCMAC ព្រម ទាំងរចនាសម្ព័ន្ធប្រតិបត្តិការដែលរួមមាន កងឯកភាពតាមបណ្តាខេត្ត អង្គភាពពិសេសកាត់បន្សាបគ្រាប់ អង្គភាពពិសេសបោសសម្អាតគ្រាប់ក្រោមទឹក មណ្ឌលសុខន និងវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន។ ជាមួយគ្នានេះ ឯកឧត្តម ហេង រតនា ក៏បានជម្រាបជូន ឯកឧត្តម អំពីលទ្ធផលប្រតិបត្តិការ ដែលរហូតមកដល់ពេល នេះ ការងារបោសសម្អាតមីនបានសម្រេចលើផ្ទៃដីសរុបជាង ៣.០០០ គីឡូម៉ែត្រការ៉េ បានចូលរួមយ៉ាងសំខាន់ក្នុងការ កាត់ បន្ថយគ្រោះថ្នាក់ និងបង្កើតសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។

ឯកឧត្តម ISHIZUKI Hideo បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព តួនាទី និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពCMAC ក្នុងការបំពេញបេសកកម្មបោសសម្អាតមីន និងជាពិសេសចំពោះការគាំទ្ររបស់រាជ រដ្ឋាភិបាលកម្ពុជា ដែលបានជំរុញ និងគាំទ្រអង្គភាពCMAC ដើម្បីចែករំលែកចំណេះ ដឹង បទពិសោធន៍ និងជំនាញបច្ចេកទេស ទៅកាន់បណ្តាប្រទេសដែលរងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌពីសង្គ្រាមនៅជុំវិញពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តម ISHIZUKI Hideo បានបង្ហាញពីការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនរបស់ភាគីជប៉ុន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គភាពCMAC តាមរយៈការគាំទ្រការងារសកម្មភាពមីន ការអភិវឌ្ឍសមត្ថភាពបច្ចេកទេស និងការលើកកម្ពស់ការចែករំលែកបទពិសោធន៍របស់កម្ពុជា ទៅកាន់បណ្តាប្រទេសដែលកំពុងប្រឈមនឹងបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាម៕ អត្ថបទ,ភារម្យ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia