Connect with us

ព័ត៌មាន

ជប៉ុនផ្តល់ជំនួយសម្រាប់ការសាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតម្លើងឧបករណ៍ នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាចំនួនជាង ២សែនដុល្លារអាមេរិក (២០៤.១០១ ដុល្លារអាមេរិក) ដល់វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ក្រោមគម្រោងជំនួយឥតសំណងសម្រាប់គម្រោងថ្នាក់មូលដ្ឋាន ឬហៅថា «គូសាណូណិ»។ កិច្ចសន្យាផ្តល់ជំនួយនេះ បានចុះហត្ថលេខានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយ ឯកឧត្តម អ៊ីស៊ីហ្ស៊ូគី ហ៊ីដេអូ (ISHIZUKI Hideo) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង។

ថវិកាជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមាន បន្ទប់រៀនចំនួន៤ និងការដំឡើងឧបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ៤៩មុខ សម្រាប់ ដេប៉ាតឺម៉ង់កែច្នៃ និងវិភាគចំណីអាហារ នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង។ សម្រាប់ បរិក្ខារ និងឧបករណ៍ទាំងនេះ នឹងជួយឱ្យសិស្សទទួលបានជំនាញជាក់ស្តែង ដែលចាំបាច់ ក្នុងការងារ និងរួមចំណែកក្នុងការធ្វើសមាហរណកម្ម ពលករចំណាកស្រុកដែលត្រឡប់មកវិញ ឱ្យចូលទៅក្នុងសង្គមកម្ពុជា បន្ទាប់ពីជម្លោះព្រំដែន និងគាំទ្រដល់ការអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅក្នុងតំបន់។

ឯកឧត្តម អ៊ីស៊ីហ្ស៊ូគី ហ៊ីដេអូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា ថ្លែងក្នុងពិធីនេះថា លោកមានសេចក្តីសោមនស្សរីករាយ ដែលបានរៀបចំពិធីចុះហត្ថលេខាថ្ងៃនេះ លើកិច្ចសន្យាផ្តល់ជំនួយឥត សំណង ដែលត្រូវបានអនុវត្តក្រោម គ្រោងការណ៍ជំនួយឥតសំណង គូសាណូណ៌សម្រាប់គម្រោងថ្នាក់មូលដ្ឋាន។ក្នុងភាសាជប៉ុន គូសាណូណិ មានន័យថា «ឬសស្មៅ»។ ក្នុងរយៈពេលជាង ៣៥ ឆ្នាំកន្លងមក ស្ថានទូតជប៉ុន បានអនុវត្តជាង ៧០០គម្រោង នៅទូទាំងប្រទេសកម្ពុជា តាមរយៈគម្រោងជំនួយឥតសំណងនេះ។

ឯកឧត្តមមានសេចក្តីសោមនស្សរីករាយដែលគម្រោងទាំងនេះបន្តបង្កើតការផ្លាស់ប្តូរជាក់ស្តែង ក្នុងការលើកកម្ពស់គុណភាព ជីវិតរបស់ប្រជាជនកម្ពុជានៅថ្នាក់មូលដ្ឋាន។ឯកឧត្តមសង្ឃឹមថា គម្រោងនេះនឹងចូលរួមចំណែកកែលម្អបរិយាកាសបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងខេត្ត បាត់ដំបង និងតំបន់ជុំវិញ ដោយផ្តល់ឱកាសកាន់តែច្រើនដល់យុវជន និងពលករចំណាកស្រុកដែលវិល ត្រឡប់មកវិញ ក្នុងការទទួលបានជំនាញជាក់ស្តែង ពង្រីកឱកាសការងារ និងជួយសម្រួលដល់ការធ្វើស មាហរកម្ម ពួកគេឱ្យចូលទៅក្នុងសង្គមកម្ពុជាវិញ។

ឯកឧត្តម មានប្រសាសន៍ថា៖ «តាមរយៈគម្រោងនេះ ខ្ញុំសង្ឃឹមថា ធនធានមនុស្ស ដែលមានជំនាញក្នុងវិស័យកែច្នៃចំណីអាហារនឹងត្រូវបានអភិវឌ្ឍ ដើម្បីជួយជំរុញដល់ការធ្វើពិពិធកម្មឧស្សាហកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គម្រោងនេះនឹងជួយជំរុញកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុនជប៉ុន តាមរយៈការផ្តល់ឱកាសហាត់ការ និងការផ្លាស់ប្តូរធនធានមនុស្ស ដែលមានជំនាញ ដែលនឹងជួយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច និងមិត្តភាពដ៏យូរអង្វែងរវាង ប្រទេសជប៉ុន និងកម្ពុជា»។

គម្រោង«គូសាណូណិ» របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួន ដូចជា ភាពក្រីក្រ ឬក៏ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជា ជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជា សហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៧៣លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង «គូសាណូណិ» ជាង៧០០គម្រោង នៅទូទាំងប្រទេសកម្ពុជា៕

អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia