ព័ត៌មាន
រដ្ឋមន្ត្រីសុខាភិបាល ស្នើ UNOPS ជួយអភិវឌ្ឍប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក (EMR)
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើ «យូណប់-UNOPS» (ការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង-United Nations Office for Project Services) ជួយអភិវឌ្ឍប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក (EMR)។

ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក នីកូឡាស ចច (Nicholas George) នាយកការិយាល័យពហុប្រទេសប្រចាំតំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (EAPMCO) នៃអង្គការ UNOPS ព្រមទាំងទទួលការជម្រាបលារបស់ លោកស្រី Eda Kraja នាយិកាប្រចាំប្រទេសកម្ពុជា និងឡាវ ដែលបានបញ្ចប់អាណត្តិបេសកកម្មដោយជោគជ័យ, កាលពីថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០២៦។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់ លោកស្រី Eda Kraja ក្នុងការរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារកន្លងមករវាងក្រសួង និងអង្គការ UNOPS លើការងារលទ្ធកម្មវេជ្ជសាស្ត្រ សម្រាប់មជ្ឈមណ្ឌលជាតិ NCHADS, CENAT និង CDC និងការកាត់បន្ថយជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០២៥ ដោយគ្មានអ្នកស្លាប់ ក៏ដូចជាការចូលរួមចំណែកក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការដំឡើងរោងចក្រអុកស៊ីសែនចំនួន ១១ និងការកែលម្អបន្ទប់សង្គ្រោះបន្ទាន់ ព្រមទាំងកិច្ចសម្របសម្រួលរបស់ UNOPS ជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) លើការសិក្សាលទ្ធភាពបឋមសម្រាប់គម្រោងពង្រីកមជ្ឈមណ្ឌលជំងឺមហារីក នៃមន្ទីរពេទ្យហ្លួងម៉ែ។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានស្នើសុំឱ្យអង្គការ UNOPS ពិនិត្យលទ្ធភាពជួយគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក (Electronic Medical Record – EMR) តាមរយៈការជួយធ្វើសមាហរណកម្មប្រព័ន្ធសុខាភិបាលទាំងអស់ ឱ្យរួមបញ្ចូលគ្នាតែមួយ ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ក្នុងការគ្រប់គ្រងទិន្នន័យសុខាភិបាលជាតិ។
ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនពរ លោកស្រី Eda Kraja ទទួលបានជោគជ័យក្នុងភារកិច្ចថ្មី និងបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ភាពជាដៃគូរវាងក្រសួងសុខាភិបាល និងអង្គការ UNOPS នឹងកាន់តែស៊ីជម្រៅថែមទៀត ដើម្បីបុព្វហេតុសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា៕ អត្ថបទ រដ្ឋា


-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា