Connect with us

ព័ត៌មាន

និស្សិត NPIC បង្កើតម៉ាស៊ីនបកសំបកស្វាយចន្ទីខ្នាតតូច ដើម្បីគាំទ្រការកែច្នៃក្នុងស្រុក

ភ្នំពេញ៖ និស្សិតជំនាញវិស្វកម្មមេកានិក នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានបង្កើតម៉ាស៊ីនបកសំបកគ្រាប់ស្វាយចន្ទីខ្នាតតូច ដោយរំពឹងថា ស្នាដៃនេះនឹងអាចជួយសម្រួលដល់ការងាររបស់ប្រជាកសិករ និងអ្នកប្រកបរបរកែច្នៃស្វាយចន្ទី ព្រមទាំងរួមចំណែកកាត់បន្ថយការពឹងផ្អែកលើការនាំចូលម៉ាស៊ីនពីបរទេស។

លោក ស៊ុន ពិសិទ្ធ គ្រូបច្ចេកទេសជំនាញវិស្វកម្មមេកានិកនៃវិទ្យាស្ថាន NPIC បានឱ្យដឹងថា ម៉ាស៊ីនបកសំបកស្វាយចន្ទីខ្នាតតូចប្រើប្រាស់កាំបិតចំនួន៤នេះ ជាស្នាដៃរបស់និស្សិតជំនាន់ទី១៣ ដែលបានចំណាយពេលប្រមាណ ៦ខែ ដើម្បីសិក្សា និងផលិតជាម៉ាស៊ីនគំរូ។ លោកបន្តថា គម្រោងនេះបានឆ្លងកាត់ការអភិវឌ្ឍចំនួនពីរដំណាក់កាល ដោយម៉ាស៊ីនគំរូដំបូងមិនទទួលបានលទ្ធផលល្អក្នុងការបកសំបកគ្រាប់ស្វាយចន្ទីនោះទេ។ ដូច្នេះ និស្សិតបានធ្វើការកែលម្អបន្ថែមលើផ្នែកកាំបិត និងយន្តការបកសំបក រហូតទទួលបានលទ្ធផលប្រសើរឡើងប្រមាណ ៨០ភាគរយ។

លោកបន្តថា ទោះបីម៉ាស៊ីននេះមិនទាន់សម្រេចបានគុណភាព១០០% ក៏លទ្ធផលបច្ចុប្បន្នអាចទទួលយកបានសម្រាប់ការសាកល្បងប្រើប្រាស់ ហើយត្រូវការការកែលម្អបន្ថែមទៀត មុនពេលអាចអភិវឌ្ឍទៅជាផលិតផលដែលមានគុណភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ទីផ្សារ។ លោកបន្ថែមថា បើទោះបីជាការផលិតដំបូងមួយគ្រឿង មានថ្លៃដើមខ្ពស់ជាងទីផ្សារពី ១០ ទៅ២០ភាគរយក្តី ប៉ុន្តែប្រសិនបើផលិតក្នុងបរិមាណច្រើន តម្លៃនឹងថោកជាងម៉ាស៊ីននាំចូលរហូតដល់ ៣០ ទៅ ៤០ភាគរយ។

លោក ស៊ុន ពិសិទ្ធ បានលើកឡើងថា ការផលិតម៉ាស៊ីនដោយខ្លួនឯង និងការប្រើប្រាស់គ្រឿងបន្លាស់ដែលអាចរកទិញបានក្នុងស្រុក នឹងជួយកាត់បន្ថយថ្លៃដើម និងបង្កើតឱកាសសម្រាប់ការផលិតម៉ាស៊ីនក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យកសិកម្ម និងកែច្នៃកសិផល។ លោករំពឹងថា នៅពេលគម្រោងនេះត្រូវបានអភិវឌ្ឍឱ្យកាន់តែមានប្រសិទ្ធភាព វិទ្យាស្ថាន នឹងអាចបន្តកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និងសមាគមឧស្សាហកម្មពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ម៉ាស៊ីននេះក្នុងវិស័យកែច្នៃស្វាយចន្ទី។

ជាមួយគ្នានេះ យុវជន ស្រី សំណាង តំណាងក្រុមនិស្សិតផលិតម៉ាស៊ីន បានបង្ហាញក្តីរីករាយដែលគម្រោងបញ្ចប់ ការសិក្សារបស់ខ្លួនអាចដំណើរបានតាមការរំពឹងទុក។ លោកបានបញ្ជាក់ថា ក្រុមការងារបានចងក្រងលទ្ធផលស្រាវជ្រាវរបស់ខ្លួនជាឯកសារផងដែរ ដើម្បីទុកជាឯកសារយោងសម្រាប់និស្សិតជំនាន់ក្រោយដែលមានចំណាប់អារម្មណ៍បន្តសិក្សា និងអភិវឌ្ឍម៉ាស៊ីននេះឱ្យកាន់តែប្រសើរ។ ឯកសារនេះក៏បានបង្ហាញពីចំណុចខ្វះខាតដែលនៅសេសសល់ ដើម្បីឱ្យអ្នកសិក្សាជំនាន់ក្រោយអាចយកទៅស្រាវជ្រាវ និងកែលម្អបន្ថែម ជាពិសេសការបង្កើនល្បឿន និងប្រសិទ្ធភាពនៃការបកសំបក។

យុវជន ស្រី សំណាង បានលើកឡើងបន្តថា ការបង្កើនសមត្ថភាពកែច្នៃស្វាយចន្ទីក្នុងស្រុក គឺជាចំណុចសំខាន់មួយសម្រាប់បង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មកម្ពុជា ខណៈការនាំចេញគ្រាប់ស្វាយចន្ទីឆៅនៅតែជាបញ្ហាប្រឈមសម្រាប់ការបង្កើតតម្លៃបន្ថែមក្នុងស្រុក។

ទាក់ទងនឹងការបណ្តុះបណ្តាលជំនាញ គ្រូបច្ចេកទេសជំនាញវិស្វកម្មមេកានិក បានឱ្យដឹងថា នៅឆ្នាំនេះ និស្សិតបញ្ចប់ការសិក្សាជំនាញវិស្វកម្មមេកានិចមានចំនួនជាង ១០០នាក់ ដែលត្រូវបានបែងចែកជា ៣៥ក្រុម ដើម្បីអនុវត្តគម្រោងស្រាវជ្រាវ និងបង្កើតស្នាដៃបច្ចេកទេសផ្សេងៗ។ គម្រោងទាំងនោះរួមមាន ម៉ាស៊ីនបកសំបកស្វាយចន្ទី ម៉ាស៊ីនកែច្នៃគ្រាប់ធញ្ញជាតិស្វ័យប្រវត្តិ ម៉ាស៊ីនបកសំបកសណ្តែកដី និងឧបករណ៍បច្ចេកទេសផ្សេងៗទៀត ដែលបង្ហាញពីការយកចំណេះដឹងក្នុងថ្នាក់រៀនមកអនុវត្តជាមួយតម្រូវការជាក់ស្តែងក្នុងសង្គម។

លោកបានបញ្ជាក់ថា វិទ្យាស្ថានបានផ្តល់ឧបករណ៍ និងសម្ភារៈបច្ចេកទេសទំនើបៗ ដើម្បីឱ្យនិស្សិតមានឱកាសអនុវត្តជាក់ស្តែង និងអភិវឌ្ឍសមត្ថភាពបង្កើតស្នាដៃថ្មីៗ ស្របតាមការវិវត្តនៃបច្ចេកវិទ្យា។ ជាមួយនេះ លោកក៏បានលើកទឹកចិត្តដល់យុវជនដែលទើបបញ្ចប់ការសិក្សាថ្នាក់ទី១២ ឱ្យចាប់អារម្មណ៍លើជំនាញវិស្វកម្មមេកានិច និងជំនាញបច្ចេកទេសផ្សេងៗ ដោយចាត់ទុកថា ជំនាញទាំងនេះមានសារៈសំខាន់សម្រាប់ទីផ្សារការងារ និងការអភិវឌ្ឍសមត្ថភាពផលិតក្នុងស្រុក។ ការបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញបច្ចេកទេស និងសមត្ថភាពស្រាវជ្រាវនវានុវត្តន៍ នឹងជួយឱ្យកម្ពុជាមានលទ្ធភាពបង្កើតឧបករណ៍ និងផលិតផលដោយខ្លួនឯង ព្រមទាំងកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស៕​អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia