Connect with us

ព័ត៌មាន

ក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍន៍ ផ្តល់គ្រឿងយន្តកសិកម្មដល់សហគមន៍កសិកម្មនៅកំពង់ធំ និងព្រះវិហារ

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ត្រាក់ទ័រ គោយន្ត និងទីលានហាលគ្រាប់ស្វាយចន្ទី ជូនដល់ប្រជាកសិករជាសមាជិកសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើបក្នុងខេត្តកំពង់ធំ ក្រោមការគាំទ្រពីគម្រោង PEARL ដែលអនុវត្តដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអង្គការ FAO ។

នៅក្នុងកម្មវិធី កាលពីថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គ្រឿងយន្ត និងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ដំណើរការដាំដុះ ការប្រមូលផល និងការរក្សាគុណភាពកសិផលឱ្យកាន់តែប្រសើរឡើង សំដៅកាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនប្រាក់ចំណូល និងពង្រឹងភាពធន់ ព្រមទាំងនិរន្តរភាពសម្រាប់កសិករ និងសហគមន៍។

នារសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានបន្តដំណើរអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់គ្រឿងយន្តកសិកម្ម រួមមានត្រាក់ទ័រ គោយន្ត និងម៉ាស៊ីនច្រូតកាត់ ជូនដល់បងប្អូនប្រជាកសិករជាសមាជិកសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើនក្នុងខេត្តព្រះវិហារ។

ការប្រគល់គ្រឿងយន្តនាឱកាសនេះ គឺជាផ្នែកមួយនៃការវិនិយោគក្រោមការគាំទ្រពី គម្រោង PEARL ដែលអនុវត្តរួមគ្នាដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។

សូមជម្រាបជូនថា នៅខេត្តគោលដៅចំនួនបួន រួមមាន ខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងសៀមរាប គម្រោង PEARL បានផ្តល់ជូននូវគ្រឿងយន្ត និងហេដ្ឋារចនាសម្ព័ន្ធកសិកម្មសំខាន់ៗរួមមាន៖ ត្រាក់ទ័រ ចំនួន៣៤គ្រឿង ម៉ាស៊ីនច្រូតកាត់ ចំនួន១៧គ្រឿង គោយន្ត ចំនួន៦គ្រឿង ផ្ទះសំណាញ់ ចំនួន៨៩ខ្នង ដ្រូនកសិកម្ម ចំនួន២គ្រឿង ទីលានហាលកសិផល ចំនួន ១០កន្លែង៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia