ព័ត៌មាន
នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ វគ្គសន្តិសុខជាតិ ជាយន្តការយុទ្ធសាស្ត្រសំខាន់ក្នុងការកសាងសមត្ថភាពថ្នាក់ដឹកនាំ និងពង្រឹងសន្តិសុខជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ និងពិនិត្យកែតម្រូវកម្មវិធីបណ្តុះបណ្តាលវគ្គសន្តិសុខជាតិ នៅសាកលវិទ្យាល័យការពារជាតិ បន្ទាប់ពីដំណើរការរយៈពេល៥ថ្ងៃ ប្រកបដោយលទ្ធផលផ្លែផ្កា។
ក្នុងឱកាសនោះ ឯកឧត្តមបានគូសបញ្ជាក់ពីតម្លៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ការកសាងនីតិរដ្ឋ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ សម្រាប់កម្ពុជា សន្តិភាពពេញលេញដែលសម្រេចបានតាមរយៈនយោបាយឈ្នះ-ឈ្នះ ឆ្នាំ១៩៩៨ បានបិទបញ្ចប់សង្គ្រាមស៊ីវិល និងនាំមកនូវការឯកភាពជាតិ ដែលជាមូលដ្ឋានសម្រាប់ការស្តារ និងអភិវឌ្ឍប្រទេសជាតិរហូតមកដល់បច្ចុប្បន្ន។
ឯកឧត្តមបានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ កម្ពុជាបានបន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយ សាមគ្គីភាពជាតិ និងជំរុញការអភិវឌ្ឍ ព្រមទាំងបង្កើនតួនាទីលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានជំរុញកំណែទម្រង់វិស័យការពារជាតិ ដោយផ្តោតលើអាទិភាពសំខាន់៣ រួមមាន ទំនើបកម្មរចនាសម្ព័ន្ធ ទំនើបកម្មសម្ភារៈ និងទំនើបកម្មហ្វឹកហ្វឺន ដើម្បីធានាថាកងកម្លាំងការពារជាតិមានសមត្ថភាពទាន់សម័យ និងអាចឆ្លើយតបនឹងសភាពការណ៍វិវត្តន៍ថ្មីៗ។
ឯកឧត្តមអគ្គមេបញ្ជាការ បានចាត់ទុកភាពជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកដំបូង និងការអញ្ជើញចូលរួមរបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងជាង៨០ប្រទេស ថាជាមោទនភាពជាតិ និងជាសក្ខីភាពបង្ហាញពីកិត្យានុភាព សក្តានុពល និងជំនឿទុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះកម្ពុជា។
ពាក់ព័ន្ធនឹងសិក្ខាសាលា ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការពិភាក្សា ដែលបានផ្តោតលើការពិនិត្យ និងកែសម្រួលរចនាសម្ព័ន្ធវគ្គ លទ្ធផលសិក្សារំពឹងទុក ខ្លឹមសារមេរៀន វិធីសាស្ត្របង្រៀន និងការវាយតម្លៃ។ ឯកឧត្តមបានបញ្ជាក់ថា វគ្គសន្តិសុខជាតិមិនមែនជាកម្មវិធីសិក្សាសម្រាប់វិស័យយោធាតែមួយនោះទេ ប៉ុន្តែជាវេទិកាអប់រំយុទ្ធសាស្ត្ររួម ដែលទាមទារការចូលរួមពីក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ អ្នកជំនាញ និងដៃគូអន្តរជាតិ ដើម្បីកសាងការយល់ដឹងរួម និងពង្រឹងកិច្ចសហការឆ្លើយតបនឹងបញ្ហាសន្តិសុខជាតិ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងបរិបទសន្តិសុខពិភពលោកដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញ វគ្គសន្តិសុខជាតិត្រូវធានាឱ្យមានភាពទាន់សម័យ ដោយគ្របដណ្តប់លើបញ្ហាប្រឈមទាំងប្រពៃណី និងមិនប្រពៃណី ដូចជា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សន្តិសុខសាយប័រ សង្គ្រាមព័ត៌មាន បញ្ញាសិប្បនិម្មិត សន្តិសុខសេដ្ឋកិច្ច និងគ្រោះមហន្តរាយ។ គោលដៅសំខាន់ គឺបណ្តុះថ្នាក់ដឹកនាំដែលមានចំណេះដឹងទូលំទូលាយ ចក្ខុវិស័យយុទ្ធសាស្ត្រ សមត្ថភាពវិភាគ និងការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់។
ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពនៃវគ្គ ឯកឧត្តមបានផ្តល់អនុសាសន៍ឱ្យសាកលវិទ្យាល័យការពារជាតិបន្តកែសម្រួលកម្មវិធីសិក្សាឱ្យមានភាពស៊ីសង្វាក់ ឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងការទទួលខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធឱ្យបានច្បាស់លាស់ ពង្រឹងបណ្តាញអ្នកជំនាញ និងក្រុមសាស្ត្រាចារ្យស្នូល ព្រមទាំងរៀបចំផែនការសកម្មភាព និងធនធានបង្រៀនឱ្យបានរួចរាល់ មុនពេលបើកវគ្គដំបូងនៅដើមឆ្នាំ២០២៧។
ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងកងទ័ពអូស្ត្រាលី ព្រមទាំងដៃគូអន្តរជាតិ និងអ្នកជំនាញទាំងអស់ ដែលបានផ្តល់ការគាំទ្រផ្នែកជំនាញបច្ចេកទេស និងបទពិសោធន៍ ក្នុងការអភិវឌ្ឍសមត្ថភាព និងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យការពារជាតិ។
ជាទីបញ្ចប់ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ សាស្រ្តាចារ្យ យោធាចារ្យ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំសិក្ខាសាលានេះឡើង និងបានប្រកាសបិទសិក្ខាសាលាពិគ្រោះយោបល់ និងពិនិត្យកែតម្រូវកម្មវិធីបណ្តុះបណ្តាលវគ្គសន្តិសុខជាតិ ចាប់ពីពេលនេះតទៅ៕













-
ព័ត៌មាន1 week agoរាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
-
ព័ត៌មាន2 days agoកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ACAMM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងជាន់ខ្ពស់កងទ័ពជើងគោកអាស៊ាន (ASMAM) ឆ្នាំ២០២៧ ជាលើកដំបូង
-
ព័ត៌មាន2 days agoជប៉ុនសន្យាបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ស្របតាមវិស័យអាទិភាព និងយុទ្ធសាស្ត្ររបស់កម្ពុជា
-
ព័ត៌មាន1 week agoអ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្តចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា
-
ព័ត៌មាន2 days agoជប៉ុនប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ CMAC តាមរយៈការគាំទ្រការងារសកម្មភាពមីន
-
ព័ត៌មាន2 days agoជប៉ុនផ្តល់ជំនួយសម្រាប់ការសាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតម្លើងឧបករណ៍ នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង
-
ព័ត៌មាន2 days agoហ្វ្រង់កូហ្វូនី លើកឡើងពីក្តីបារម្ភស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងអំពាវនាវឱ្យគោរពសេចក្ដីប្រកាសរួម
-
ព័ត៌មាន2 days agoក្រសួងសាធារណការ ជូនដំណឹង ស្តីពីការធ្វើនាវាចរណ៍នៅតំបន់ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ពីទីក្រុងរណបមេគង្គឃី ទៅកាន់ទីក្រុងរណបកោះនរា)