Connect with us

ព័ត៌មាន

រដ្ឋមន្ត្រីសុខាភិបាល «ការថែទាំសុខភាពថ្ងៃនេះ គឺជាការបង្ការ និងភាពរីកចម្រើនរបស់គ្រួសារ និងសង្គមជាតិ»

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ ការថែទាំសុខភាពថ្ងៃនេះ គឺជាការបង្ការដ៏ធំ សម្រាប់ជីវិតម្នាក់ៗផ្ទាល់ សម្រាប់គ្រួសារ និងសម្រាប់សង្គមជាតិយើង នាពេលអនាគត ។ ដូច្នេះយើងរួមគ្នាទទួលខុសត្រូវសុខភាពរបស់យើង និងក្រុមគ្រួសារ ដើម្បីភាពរឹងមាំ និងការរីកចម្រើននៃគ្រួសារ និងសង្គមជាតិយើង។

ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះ នាឱកាសអញ្ជើញបើកទិវាទឹកនោមផ្អែមពិភពលោក ក្រោមប្រធានបទ៖ «អន្តរាគមន៍ឆាប់រហ័សក្នុងការបង្ការ និងការគ្រប់គ្រងជំងឺទឹកនោមផ្អែម» ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹង និងជំរុញសកម្មភាពជាក់ស្តែងក្នុងការបង្ការ ការរកឃើញជំងឺឱ្យបានឆាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំអ្នកជំងឺទឹកនោមផ្អែមនៅកម្ពុជា,នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគ្រប់ក្រសួង ស្ថាប័ន អង្គភាព អង្គការដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល មន្ត្រីសុខាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងសហការគ្នាក្នុងការលើកកម្ពស់សេវាសុខាភិបាល ការពិនិត្យ ព្យាបាល និងការថែទាំជំងឺមិនឆ្លងនៅកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យ បានសង្កត់ធ្ងន់ថា ទិវាទឹកនោមផ្អែមពិភពលោក គឺជាឱកាសដ៏មានសារៈសំខាន់ នៃការយល់ដឹងអំពីហានិភ័យ នៃជំងឺទឹកនោមផ្អែមរបស់ប្រជាពលរដ្ឋ សារៈសំខាន់នៃការរកឃើញជំងឺ ឱ្យបានទាន់ពេល និងភាពចាំបាច់នៃការទទួលបាន សេវាថែទាំសុខភាព ប្រកបដោយគុណភាព សមធម៌ និងនិរន្តរភាព។ ជំងឺទឹកនោមផ្អែម គឺជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់ និងជាជំងឺមិនឆ្លងរ៉ាំរ៉ៃ ដែលអាចបង្កផលវិបាកធ្ងន់ធ្ងរដូចជា ជំងឺបេះដូង និងសរសៃឈាម ជំងឺតម្រងនោម ការខូចខាតសរសៃប្រសាទ ជំងឺបាតភ្នែក និងជំងឺផ្សេងៗទៀត ប្រសិនបើមិនត្រូវបានពិនិត្យឃើញ និងគ្រប់គ្រងឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ ការអន្តរាគមន៍ឆាប់រហ័ស មិនត្រឹមតែជួយកាត់បន្ថយផលវិបាក នៃជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសង្គ្រោះជីវិត កាត់បន្ថយបន្ទុកចំណាយលើគ្រួសារ ប្រព័ន្ធសុខាភិបាល និងសេដ្ឋកិច្ចជាតិ ព្រមទាំងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ដើម្បីជំរុញការអនុវត្តក្នុងការបង្ការជំងឺទឹកនោមផ្អែម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍សំខាន់ៗដូចខាងក្រោម៖ ពង្រឹងសេវាសុខភាពបឋម ដើម្បីឱ្យការបង្ការ ការពិនិត្យរកជំងឺ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបានទាន់ពេលវេលា និងកាន់តែជិតប្រជាពលរដ្ឋ។ បង្កើនការផ្សព្វផ្សាយ និងអប់រំសុខភាព ដើម្បីជំរុញឱ្យប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅមណ្ឌលសុខភាព ដើម្បីពិនិត្យរកជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម រួមទាំងបង្កើនការយល់ដឹងអំពីរោគសញ្ញា កត្តាហានិភ័យ។ ពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល ក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការតាមដាន និងការផ្តល់ការប្រឹក្សាដល់អ្នកជំងឺ ដើម្បីធានាគុណភាព និងប្រសិទ្ធភាព នៃសេវាថែទាំ។ ជំរុញការទទួលបានឱសថចាំបាច់ប្រកបដោយសមធម៌ និងនិរន្តរភាព ដើម្បីធានាថាអ្នកជំងឺអាចទទួលបានឱសថ និងសម្ភារៈចាំបាច់សម្រាប់ការព្យាបាល និងគ្រប់គ្រងជំងឺជាប្រចាំ។ ពង្រឹងប្រព័ន្ធទិន្នន័យ ការតាមដាន និងការវាយតម្លៃ ដើម្បីធានាថាការរៀបចំ គោលនយោបាយ ការកំណត់អាទិភាព និងការបែងចែកធនធាន ផ្អែកលើភស្តុតាង និងតម្រូវការជាក់ស្តែង និងបង្កើនការចូលរួមរបស់សហគមន៍ និងអ្នកជំងឺផ្ទាល់ ដើម្បីឱ្យការបង្ការ និងការគ្រប់គ្រងជំងឺទឹកនោមផ្អែម ក្លាយជាកិច្ចការរួមរបស់សង្គមទាំងមូល៕

អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia