ព័ត៌មាន
ក្រសួងពាណិជ្ជកម្ម ត្រៀមរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩» នៅកោះពេជ្រ នាខែធ្នូ ខាងមុខនេះ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម គ្រោងនឹងរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩» (CTExpo) រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ដើម្បីបង្ហាញពីសក្តានុពលសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជំរុញការនាំចេញទំនិញ និងសេវាកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
ពិព័រណ៍កម្រិតអន្តរជាតិប្រចាំឆ្នាំដ៏ធំមួយនេះ គ្រោងនឹងរៀបចំស្តង់ពិព័រណ៍ប្រមាណ ៣០០ស្តង់ សម្រាប់ពាណិជ្ជករក្នុងស្រុក និងបរទេស ព្រមទាំងរំពឹងថា នឹងទទួលបានអ្នកចូលរួមទស្សនាប្រមាណ ៦ម៉ឺននាក់។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម ក៏គ្រោងគោរពអញ្ជើញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម្ពោធពិព័រណ៍ផងដែរ។
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការតាំងបង្ហាញផលិតផលសក្តានុពល រួមមាន៖ ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ (GI) ទំនិញតំណាងរាជធានី-ខេត្តទាំង២៥ ផលិតផលហាឡាល ស្តង់ផលិតផលជាតិ ស្តង់ផលិតផលស្ត្រី និងថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក។
ឯកឧត្តម បានបន្តថា ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ នឹងមានកម្មវិធីសំខាន់ៗថែមទៀត រួមមាន សិក្ខាសាលាស្តីពីគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសន្ទនារដ្ឋ-ឯកជន វេទិកាស្តីពីការនាំចេញរបស់កម្ពុជា វេទិកាធុរកិច្ច និងវិនិយោគ កម្ពុជា-វៀតណាម កម្មវិធីជំរុញផលិតផលខ្មែរចូលផ្សារទំនើប ការបណ្តុះបណ្តាលសមត្ថភាពឌីជីថល ព្រមទាំងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ប្រព័ន្ធស្វ័យប្រវត្តិកម្មកិច្ចការពិព័រណ៍» របស់ក្រសួងពាណិជ្ជកម្ម។ បន្ថែមពីនេះ ក៏មានរៀបចំនូវពន្លាសេវាសាធារណៈរបស់រដ្ឋ៖ មានការចូលរួមពីក្រសួង-ស្ថាប័ន និងធនាគារពាក់ព័ន្ធចំនួន១១ (ដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធនាគារជាតិ ធនាគារ SMEs ជាដើម) ដើម្បីផ្តល់ព័ត៌មាន និងសេវាសាធារណៈបែបឌីជីថលដោយផ្ទាល់នៅនឹងកន្លែង។
គួររំលឹកថា ពិព័រណ៍នេះត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០០៦មកម្ល៉េះ ក្រោមឈ្មោះដើមថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE)» មុននឹងប្តូរឈ្មោះមកជា «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTExpo)» នៅឆ្នាំ២០២៤។ កាលពីឆ្នាំ២០២៥ ពិព័រណ៍លើកទី១៨ ទទួលបានការចូលរួមពីក្រុមហ៊ុន សហគ្រាស និងស្ថាប័នសរុប១៦៣ ស្មើនឹង ២៦៩ស្តង់៕
អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា