Connect with us

ព័ត៌មាន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចុះសួរសុខទុក្ខពលរដ្ឋ ១០២០គ្រួសារ និងអ្នកជំងឺ ៣៥០នាក់ នៅខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន ១០២០គ្រួសារ មកពី ៧ក្រុង-ស្រុក ក្នុងខេត្តពោធិ៍សាត់។

​បន្ទាប់ពីនោះ លោកជំទាវបណ្ឌិត ក៏បានបន្តដំណើរទៅសួរសុខទុក្ខ និងផ្តល់អំណោយលើកទឹកចិត្តដល់អ្នកជំងឺ ៣៥០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ប្រកបដោយក្តីអាណិតស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់។

​ពិធីសំណេះសំណាល និងចែកអំណោយនេះ ត្រូវបានរៀបចំឡើងនៅពហុកីឡដ្ឋានខេត្តពោធិ៍សាត់ ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ជូនដល់ពលរដ្ឋងាយរងគ្រោះបំផុត សរុប ១០២០គ្រួសារ។ ពលរដ្ឋទាំងនោះ រួមមាន ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ និងគ្រួសារក្រីក្រកម្រិត១ និងកម្រិត២ មកពី ១៥៨ភូមិ ស្មើនឹង ២១ឃុំ-សង្កាត់ នៃក្រុងពោធិ៍សាត់ ស្រុកតាលោសែនជ័យ ស្រុកក្រគរ ស្រុកកណ្តៀង ស្រុកបាកាន ស្រុកភ្នំក្រវាញ និងស្រុកវាលវែង។

​ជាកិច្ចចាប់ផ្តើម ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានថ្លែងរបាយការណ៍ស្វាគមន៍ ដោយជម្រាបជូនអំពីស្ថានភាពជីវភាពរបស់ពលរដ្ឋងាយរងគ្រោះ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងសាខាកាកបាទក្រហមខេត្ត ក្នុងការជួយសម្រាលទុក្ខលំបាកពលរដ្ឋកន្លងមក។

មានប្រសាសន៍សំណេះសំណាលជាមួយពលរដ្ឋ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងប្រសាសន៍ផ្តាំផ្ញើរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសុខភាពរបស់បងប្អូនពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ។

​លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា អំណោយមនុស្សធម៌ដែលនាំមកចែកជូនពេលនេះ គឺបានមកពីការបរិច្ចាគដោយសទ្ធាជ្រះថ្លារបស់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសទិវា ៨ឧសភា។ ទោះបីអំណោយទាំងនេះមិនអាចដោះស្រាយការលំបាកបានរយៈពេលវែងក៏ដោយ ប៉ុន្តែក៏អាចជួយសម្រាលបន្ទុកជីវភាពរបស់ពលរដ្ឋបានមួយគ្រាផងដែរ។

​ទន្ទឹមនឹងការចែកអំណោយ លោកជំទាវបណ្ឌិត ក៏បាននាំនូវអនុសាសន៍ទាក់ទងនិងសុខភាពមួយចំនួន ដោយលើកឡើងថា ខណៈជំងឺឆ្លង ជាពិសេសជំងឺរបេង មានការថយចុះគួរឱ្យកត់សម្គាល់តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ផ្ទុយទៅវិញ ជំងឺមិនឆ្លង កំពុងកើនឡើងគួរឱ្យបារម្ភ ដូចជា ជំងឺទឹកនោមផ្អែម លើសឈាម បេះដូងសរសៃឈាម និងមហារីក ដែលភាគច្រើនបណ្តាលមកពីការទទួលទានផ្អែមពេក ប្រៃពេក ខ្លាញ់ពេក និងអាហារកំប៉ុងច្រើនពេក។

​ដូច្នេះ លោកជំទាវបណ្ឌិត បានអំពាវនាវដល់លោកតា លោកយាយ អ៊ំ ពូ មីង ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ដោយកាត់បន្ថយការបរិភោគស្ករ ប្រៃ និងខ្លាញ់ ដើម្បីចៀសផុតពីជំងឺមិនឆ្លង។ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់យ៉ាងហោចណាស់ ៤ដង មុនពេលសម្រាល ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ និងការចម្លងជំងឺពីម្តាយទៅកូន ជាពិសេសជំងឺអេដស៍ ព្រមទាំងត្រូវពិសាទឹកដាំពុះឱ្យបានស្អាត។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានណែនាំដល់អាជ្ញាធរខេត្ត ឱ្យបន្តយកចិត្តទុកដាក់ជួយជ្រោមជ្រែងជីវភាពពលរដ្ឋខ្វះខាតឱ្យកាន់តែប្រសើរឡើង។

​សម្រាប់អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងសប្បុរសជន ផ្តល់ជូនពលរដ្ឋងាយរងគ្រោះ ១០២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ (១០កំប៉ុង), ទឹកស៊ីអ៊ីវ ១យួរ (៦ដប) និងទឹកត្រី ១យួរ (៦ដប), សាប៊ូកក់សក់ និងដុសខ្លួន ២ដប (អំណោយរបស់ អ្នកឧកញ៉ា ជឹង ធានសេង និងលោកជំទាវ តាន់ ស៊ីយមួយ), ឃីត ១កញ្ចប់ (រួមមាន សារុង ក្រមា មុង និងភួយ), អាហារសម្រន់៖ នំប៉័ងប៉ាតេ ១ដើម និងទឹកបរិសុទ្ធ ១ដប (ឧបត្ថម្ភដោយសាខាកាកបាទក្រហមខេត្តពោធិ៍សាត់)។

​បន្ទាប់ពីបញ្ចប់ពិធីនៅពហុកីឡដ្ឋានខេត្ត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមការងារ បានអញ្ជើញបន្តទៅសួរសុខទុក្ខ និងចែកអំណោយលើកទឹកចិត្តដល់អ្នកជំងឺ ៣៥០នាក់ ដែលកំពុងសម្រាកព្យាបាលនៅតាមបន្ទប់ និងគ្រែនីមួយៗ ក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ព្រមទាំងជូនពរអ្នកជំងឺ និងស្ត្រីទើបសម្រាលកូនឱ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អទាំងម្តាយទាំងកូន។

​អ្នកជំងឺទាំង ៣៥០នាក់ ក្នុងម្នាក់ៗទទួលបាន៖ មី ១កេស, ត្រីខ ២យួរ (២០កំប៉ុង), ទឹកដោះគោប្រអប់ ១កេស, សាប៊ូកក់សក់ និងដុសខ្លួន ២ដប, ឃីត ១កញ្ចប់ (សារុង ក្រមា មុង ភួយ) និងថវិកា ដោយ៖ អ្នកជំងឺផ្នែកសម្ភព ៨៥នាក់ ទទួលបានម្នាក់ៗ ១០ម៉ឺនរៀល, អ្នកជំងឺផ្នែកទូទៅ ២៦៥នាក់ ទទួលបានម្នាក់ៗ ៥ម៉ឺនរៀល។

ឆ្លៀតក្នុងឱកាសបន្ទាប់ពីបញ្ចប់កម្មវិធីទាំងពីរខាងលើ លោកជំទាវបណ្ឌិត និងក្រុមការងារ ក៏បានអញ្ជើញទៅគោរពបូជាទៀនធូប និងផ្កាភ្ញី នៅបូជនីយដ្ឋានប្រវត្តិសាស្ត្រ លោកតា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ដើម្បីបួងសួងសុំសេចក្តីសុខ និងសេចក្តីចម្រើនជូនប្រទេសជាតិផងដែរ៕

អត្ថបទ: សំ ងីម

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia