ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តធ្វើការងារការទូតយ៉ាងសកម្ម ពាក់ព័ន្ធបញ្ហាព្រំដែនគោក
ឯកឧត្ដម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ពាក់ព័ន្ធបញ្ហាព្រំដែនគោក រាជរដ្ឋាភិបាលកំពុងបន្តធ្វើការងារការទូតយ៉ាងសកម្ម ក្រោមអភិក្រម «កិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុត»។
តាមរយៈ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល» នៅ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្ដម ប៉ែន បូណា បានថ្លែងថា ថ្នាក់ដឹកនាំកម្ពុជាតែងតែលើកឡើងជានិច្ចជាមួយដៃគូសន្ទនាបរទេស ក៏ដូចជាក្នុងវេទិកាអន្តរជាតិនានាអំពីការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នៅតាមបណ្តោយព្រំដែនពីសំណាក់កងទ័ពថៃនិងជនភៀសសឹកកម្ពុជាប្រមាណជា ២ម៉ឺននាក់ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញនៅឡើយ។
ឯកឧត្ដម ប៉ែន បូណា បានថ្លែងថា ការលើកអំពីបញ្ហាទាំងនេះ គឺដើម្បីបង្ហាញការពិតអំពីការបំពានលើបូរណភាពទឹកដីកម្ពុជា និងបញ្ជាក់ពីគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា ឯកសារ ផែនទី ដែលទទួលស្គាល់ដោយអន្តរជាតិ។
ឯកឧត្ដម ប៉ែន បូណា បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជាក៏នៅតែបន្តតាមដាននិងតវ៉ាប្រឆាំងរាល់សកម្មភាពកែប្រែស្ថានការណ៍នៅលើដីជាក់ស្តែង (Fait Accomplis) របស់កងកម្លាំងថៃ និងបន្តជំរុញឱ្យភាគីថៃបើកកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងចាត់ក្រុមការងារជំនាញចុះវាស់វែងនៅលើដីជាក់ស្តែងបន្តពីការងារដែលធ្លាប់បានធ្វើរួចមកហើយ ដើម្បីកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរឱ្យច្បាស់លាស់ ដោយគ្មានការពន្យារពេលទៀតឡើយ។ កម្ពុជាក៏បន្តជំរុញឱ្យអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងស្តីពីសន្តិភាពទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ កម្ពុជាក៏បន្តសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ពីស្ថានការណ៍ពិតនៅតាមបណ្តាយព្រំដែន និងបានជួបផ្ទាល់ជាមួយជនភៀសសឹក។
សូមបញ្ជាក់ដែរថា ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានរម្លឹកឡើងវិញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ រវាងកម្ពុជា-ថៃ និងជំរុញឱ្យភាគីទាំងពីរគោរពនិងអនុវត្តឱ្យមានប្រសិទ្ធភាពដែលសបញ្ជាក់ពីការបន្តយកចិត្តទុកដាក់ជានិច្ចរបស់ឯកឧត្តមប្រធានាធិបតីចំពោះកិច្ចព្រមព្រៀងដ៏សំខាន់នេះ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះប្រធានាធិបតី ដូណាល់ត្រាំ ដែលបានជួយសម្របសម្រួលឱ្យកើតចេញកិច្ចព្រមព្រៀងនេះ។
ដោយឡែក កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក៏បានចេញសេចក្តីសម្រេច ក្នុងនោះបានសម្តែងការព្រួយបារម្ភចំពោះភាពតានតឹងរ៉ាំរ៉ៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់អះអាងជាថ្មីអំពីការគាំទ្រចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
សេចក្តីសម្រេចក៏បានសម្តែងការសោកស្តាយចំពោះទុក្ខវេទនារបស់ប្រជាជនដែលត្រូវផ្លាស់ទីលំនៅដោយបង្ខំ ជាពិសេសប្រជាជនកម្ពុជា ដោយអំពាវនាវឱ្យធានាការការពារប្រជាជនស៊ីវិល ការផ្តល់ជំនួយមនុស្សធម៌ដោយគ្មានការរារាំង និងធ្វើយ៉ាងណាឱ្យពួកគេអាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញប្រកបដោយសុវត្ថិភាព និងឱ្យមានដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ, ការចាប់ផ្តើមឡើងវិញឱ្យបានឆាប់រហ័សបំផុតនូវការងារវាស់វែង និងបោះបង្គោលព្រំដែនរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀងទាំងអស់ដែលមានស្រាប់៕អត្ថបទ៖ KC Virak





-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា