Connect with us

ព័ត៌មាន

កងទ័ពកម្ពុជា និងចិន បើកសមយុទ្ធ «នាគមាសឆ្នាំ២០២៦» រួមគ្នាទ្រង់ទ្រាយធំទាំងលើគោក សមុទ្រ និងអាកាសរយៈពេល ១៥ថ្ងៃ

ភ្នំពេញ៖នៅព្រឹកថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឧត្តមនាវីទោ លីវ ស៊ូមីន (Liu Sumin) មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹកទីក្រុងក្វាងចូវ នៃកងទ័ពរំដោះប្រជាជនចិន។ ពិធីបើកជាផ្លូវការនៃការធ្វើសមយុទ្ធ «នាគមាសឆ្នាំ២០២៦» ត្រូវបានធ្វើឡើងនៅមូលដ្ឋានសមុទ្ររាម ដែលជាបញ្ជាការដ្ឋានកងទ័ពសមុទ្ររបស់កម្ពុជា ទទួលបានការជួយធ្វើទំនើបកម្មពីសំណាក់ចិន។

សមយុទ្ធ «នាគមាសឆ្នាំ២០២៦» ជាសមយុទ្ធលើកទី៨ហើយរវាងកងទ័ពកម្ពុជា និងចិន ។ សមយុទ្ធនេះ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦។ ការធ្វើសមយុទ្ធ «នាគមាសឆ្នាំ២០២៦» មានទាំងលើគោក សមុទ្រ និងលើអាកាស ហើយមានទ្រង់ទ្រាយធំជាងសមយុទ្ធ៧លើកកន្លងទៅ ទាំងកម្លាំងយោធានៃប្រទេសទាំងពីរ ក៏ដូចជាការប្រើយោទ្ធោបករណ៍។ កម្លាំងយោធា ដែលចូលរួមធ្វើសមយុទ្ធមានចំនួនប្រមាណ២ពាន់នាក់ ក្នុងនោះកម្ពុជា មានជាង ១ពាន់នាក់ ខាងចិន មានជាង ៨០០នាក់។ ដោយឡែកយោទ្ធោបករណ៍វិញ មាននាវាចម្បាំង យន្តហោះ ដ្រូន រថក្រោះប្រយុទ្ធធុនធ្ងន់ រថពាសដែក និងរថយន្តយោធាជាដើម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា អនុលោមតាមកិច្ចសហប្រតិបត្តិការយោធារវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិចិន កងទ័ពនៃប្រទេសទាំងពីរនឹងរៀបចំសមយុទ្ធរួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងចោរសមុទ្ររួមគ្នា និងការងារមនុស្សធម៌»។

សមយុទ្ធនេះ រៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ការផ្លាស់ប្ដូរបទពិសោធ បង្កើនសមត្ថភាពកម្រិតជំនាញ និងការពង្រឹងចំណង មិត្តភាពដែកថែបរវាងកងទ័ពនៃប្រទេសទាំងពីរ។ សមយុទ្ធនេះ ក៏ផ្ដោតសំខាន់លើការប្រឆាំងភេរវកម្ម ការងារមនុស្សធម៌ និងការងារសង្គ្រោះដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការបានឲ្យដឹងទៀតថា ទីកន្លែង ដែលនឹងត្រូវធ្វើសមយុទ្ធនេះ ទី១៖ សមយុទ្ធលើគោក និងអាកាស នៅវិទ្យាស្ថាននាយទាហានចម្រុះ និងសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី, ទី២៖ សមយុទ្ធលើសមុទ្រ និងអាកាសនៅមូលដ្ឋានសមុទ្ររាម មូលដា្ឋនទ័ពអាកាសកងកេង និងតំបន់សមុទ្រ ខេត្តព្រះសីហនុ។

ក្នុងអំឡុងពេលសមយុទ្ធនេះ នឹងប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យា ដ្រូន (Drone) និងការចល័តកងទ័ពទាំងលើទឹក លើគោក និងលើអាកាស។ ជាមួយគ្នានេះ ក៏មានសកម្មភាពការងារសង្គម និងមនុស្សធម៌នៅតាមបណ្តាមូលដ្ឋានក្បែរតំបន់សមយុទ្ធជាដើម។

ដើម្បីឱ្យកិច្ចដំណើរការសមយុទ្ធខាងលើប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសុវត្ថិភាពខ្ពស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្បែតំបន់សមយុទ្ធ កុំមានការភិតភ័យចំពោះសកម្មភាពចល័តទ័ព ឬការប្រើប្រាស់គ្រាប់ពិត ក្នុងអំឡុងពេលហ្វឹកហ្វឺននេះ។

សមយុទ្ធនាគមាសដែលធ្វើឡើងជារៀងរាល់ឆ្នាំ និងត្រូវបានពង្រីកកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំនេះ គឺមានសារៈសំខាន់ទាំងផ្នែកយោធា និងនយោបាយ។ សម្រាប់វិស័យយោធា សមយុទ្ធនេះ នឹងជួយពង្រឹងបន្ថែមទៀតដល់សមត្ថភាពយោធាកម្ពុជា តាមរយៈការទទួលបានចំណេះដឹងថ្មីៗពីកងទ័ពចិន ដូចជាការប្រើប្រាស់អាវុធទំនើបៗ យុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងភេរវកម្ម ការជួយសង្គ្រោះមនុស្សធម៌ បង្កើនសមត្ថភាពប្រតិបត្តិការរួមជាមួយកងទ័ពអន្តរជាតិ។

មិនតែប៉ុណ្ណោះ សមយុទ្ធនាគមាសនេះ ក៏ជាការពង្រឹងសម្ព័ន្ធភាពយោធាកម្ពុជា-ចិន និងបានសបញ្ជាក់ឱ្យឃើញថា ទំនាក់ទំនងយោធារវាងប្រទេសកម្ពុជា និងប្រទេសចិន កាន់តែមានភាពស្និទ្ធស្នាលខ្លាំងឡើងៗ។ ចំពោះបញ្ហានយោបាយវិញ គឺបង្ហាញពីទំនាក់ទំនងទ្វេភាគីដ៏ផ្អែមល្ហែមរវាងប្រទេសកម្ពុជា និងចិន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការដែកថែប និងត្បូងពេជ្រនៃប្រទេសទាំងពីរ។ សមយុទ្ធនេះ ក៏បង្ហាញពីការយកចិត្តដាក់ខ្ពស់របស់ប្រទេសចិនចំពោះប្រទេសកម្ពុជា។

សូមបញ្ជាក់ថា សមយុទ្ធនាគមាសរវាងកម្ពុជា-ចិននេះ បានចាប់ផ្ដើមធ្វើឡើងតាំងពីឆ្នាំ២០១៦មកម្ល៉េះ ពោល គឺមានចំនួន ៧លើករួចមកហើយ។ នៅឆ្នាំ២០១៧ សមយុទ្ធនេះ ត្រូវបានផ្អាកដោយហេតុផលជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ដោយឡែកនៅឆ្នាំ ២០២១ និង ឆ្នាំ២០២២ សមយុទ្ធនាគមាសក៏ត្រូវបានផ្អាកជាថ្មីម្តងទៀត ដោយសារតែប្រទេសទាំងពីរប្រឈមការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

តាមរយៈសមយុទ្ធដែលបានធ្វើកន្លងមកនេះ កងទ័ពប្រទេសទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែងលើកិច្ចប្រតិបត្តិការប្រឆាំងភេរវកម្ម ការងារសង្គ្រោះមនុស្សធម៌ក្នុងគ្រោះមហន្តរាយ ការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ យុទ្ធវិធីទប់ទល់ដោយដ្រូន (Drone) ព្រមទាំងការពង្រីកសមត្ថភាពប្រតិបត្តិការរួមគ្នាយ៉ាងទូលំទូលាយទាំងលើគោក ដែនអាកាស និងលើកងទ័ពជើងទឹក (លម្ហសមុទ្រ) ក្នុងការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ។

សមយុទ្ធក៏បានលើកកម្ពស់ចំណងមិត្តភាព បង្កើនទំនុកចិត្ត និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រមទាំងជំរុញការកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី»។ បន្ថែមពីលើនេះ ក៏បានជួយបង្កើនសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងចូលរួមចំណែកការពារសន្តិភាព ស្ថិរភាពក្នុងតំបន់ និងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia