ព័ត៌មាន
កម្ពុជា ចុះកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសជាមួយអារ៉ាប៊ីសាអូឌីត និងអាហ្សង់ទីន ដើម្បីពង្រីកការតភ្ជាប់អន្តរជាតិ
កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាស (ASA) ជាមួយព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាសជាមួយសាធារណរដ្ឋអាហ្សង់ទីន។ ការចុះហត្ថលេខានេះ ជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកការតភ្ជាប់ផ្លូវអាកាស និងធ្វើពិពិធកម្មទីផ្សារអាកាសចរណ៍អន្តរជាតិ ដែលរំពឹងថានឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរ ជំរុញធុរកិច្ច វិនិយោគ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស។

ការចុះកិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាស និង MoUនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមមហាសន្និបាតវិសាមញ្ញលើកទី៤៣ របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) និងសន្និសីទពិភពលោកលើកទី៧ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស (ATConf/7) ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលអង្គការ ICAO ទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ចាប់ពីថ្ងៃ ទី១៦ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ថា កិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាស នឹងផ្តល់ក្របខ័ណ្ឌគតិយុត្តសម្រាប់សេវាដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ ហើយផ្តល់ភាពបត់បែនដល់ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរ ក្នុងការរៀបចំប្រតិបត្តិការហោះហើរ ស្របតាមច្បាប់ជាតិ និងតម្រូវការទីផ្សារ ក៏ដូចជាការតភ្ជាប់កម្ពុជាដោយផ្ទាល់ទៅកាន់តំបន់មជ្ឈិមបូព៌ា។
ឯកឧត្តមបានបន្ថែមថា កិច្ចព្រមព្រៀងនេះឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត។ វាបើកឱកាសថ្មីសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងសម្រួលដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្មែរឥស្លាម ទៅបំពេញធម្មយាត្រាហាជ្ជ និងអ៊ុមរ៉ោះ។

ឯកឧត្តមបានមានប្រសាសន៍ថា៖ «បេសកកម្មនៅទីក្រុងម៉ុងរ៉េអាល់ គឺជាជំហានទៅមុខប្រកបដោយផ្លែផ្កាសម្រាប់វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា។ តាមរយៈកិច្ចសហការជាមួយដៃគូនៅតំបន់មជ្ឈិមបូព៌ា និងអាមេរិកឡាទីន កម្ពុជាបន្តកសាងបណ្តាញដឹកជញ្ជូនតាមផ្លូវអាកាសដែលបើកចំហ ចម្រុះ និងមានការតភ្ជាប់ល្អ ដើម្បី បម្រើប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ»។
ជាមួយគ្នានេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលក៏បានអនុស្សរណៈនៃការយោគយល់ (MoU) ស្តីពីកិច្ចសហប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាស រវាងកម្ពុជា និងអាហ្សង់ទីន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ MoUនេះនឹងចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាផ្លូវការក្នុងវិស័យអាកាសចរណ៍ស៊ីវិលរវាងប្រទេសទាំងពីរ និងប្តេជ្ញាឱ្យអាជ្ញាធរអាកាសចរណ៍ទាំងពីរសិក្សាពីលទ្ធភាពអភិវឌ្ឍសេវាហោះហើរ និងតម្រូវការទីផ្សារ ព្រមទាំង បើកច្រកសម្រាប់កម្ពុជាទៅកាន់តំបន់អាមេរិកឡាទីន។
ឯកឧត្តមបានបញ្ជាក់ថា៖ «MoU ជាមួយអាហ្សង់ទីន ចាក់គ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការជាមួយតំបន់អាមេរិកឡាទីន។ ភាគីទាំងពីរមានឆន្ទៈរួមក្នុងការបើកទូលាយវិស័យនេះ និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធ» ។
សូមបញ្ជាក់ថា ការចុះហត្ថលេខាទាំងពីរនេះ គឺនាំឱ្យកម្ពុជាមានកិច្ចព្រមព្រៀង ASA និង MoU ទ្វេភាគីសរុបដល់ ៥០ ជាមួយដៃគូ អាកាសចរណ៍នៅទូទាំងពិភពលោក។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូ និងក្រុមហ៊ុន អាកាសចរណ៍ ដើម្បីបំប្លែងកិច្ចព្រមព្រៀងទាំងនេះឱ្យទៅជាផលប្រយោជន៍ជាក់ស្តែង សម្រាប់ អ្នកដំណើរ និងធុរកិច្ច ដោយរក្សាបាននូវស្តង់ដារសុវត្ថិភាព និងសន្តិសុខខ្ពស់បំផុត៕ អត្ថបទ៖ ធូ វិរៈ

-
ព័ត៌មាន7 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន7 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន7 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា