ព័ត៌មាន
តាមរយៈគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ កម្មការិនីម្នាក់សល់លុយខ្ទង់ពាន់ដុល្លារក្រោយការសម្រាលកូន
ភ្នំពេញ ៖ កម្មករជាស្ត្រីមានផ្ទៃពោះលើកឡើងថា ក្នុងរយៈពេល១ឆ្នាំនៃរាជរដ្ឋាភិបាលអាណត្តិថ្មី បានផ្តល់ជូនអត្ថប្រយោជន៍បន្ថែមកាន់តែច្រើន ជាពិសេសការបង្កើនប្រាក់ឧបត្ថម្ភចំពោះស្ត្រីមានផ្ទៃពោះ និង កូនមានអាយុក្រោម២ឆ្នាំ ដែលធ្វើឱ្យពួកគាត់មិនបាច់ចំណាយប្រាក់ ព្រមទាំងសល់លុយខ្ទង់ពាន់ដុល្លារពេលសម្រាលកូនទៀតផង។
អ្នកស្រី ឆម សុភា អាយុ៣៣ ឆ្នាំ ជាកម្មការិនីរោងចក្រសេងយ៉ុង លើកឡើងថា បណ្ណសមាជិក បសស និងការឧបត្ថម្ភសាច់ប្រាក់បន្ថែមផ្សេងៗទៀតពីរាជរដ្ឋាភិបាល ធ្វើឱ្យអ្នកស្រី មិនបាច់ចំណាយលុយជាងពាន់ដុល្លារ ដែលបានត្រៀមទុកសម្រាប់ការសម្រាលកូន នោះឡើយ។
អ្នកស្រីថ្លែងថា៖«ការសម្រាលកូនរបស់ខ្ញុំបើសិនជាអត់មាន ប.ស.ស. អស់ប្រហែលជាជាង១ពាន់ តែដល់ពេលយើងមាន បសសគឺយើងអាចចំណេញបានជាង១ពាន់ហ្នឹងមកវិញ ដោយសារយើងមាន ប.ស.ស. គឺរដ្ឋាភិបាលគាត់ជួយក្នុងការចំណាយផ្សេងៗ តាំងពីយើងពិនិត្យផ្ទៃពោះ រហូតដល់យើងសម្រាល យកកូនទៅចាក់វ៉ាក់សាំងផ្សេងៗ និងក្រោយពេលសម្រាល»។
កម្មការិនីមកពីខេត្តពោធិ៍សាត់រូបនេះបានប្រាប់ថា មិនត្រឹមតែមិនបាច់ចំណាយលុយក្នុងការសម្រាលកូន និងសម្រាកក្នុងមន្ទីរពេទ្យនោះទេ ថែមទាំងទទួលបានលុយឧបត្ថម្ភពីរាជរដ្ឋាភិបាល ៨០ម៉ឺនរៀលទៀត សម្រាប់ការសម្រាលកូន១នាក់ ខណៈមុនពេលសម្រាលកូន អ្នកស្រីក៏ទទួលបានលុយ ៨ម៉ឺនរៀល សម្រាប់ការពិនិត្យផ្ទៃពោះម្តងៗ ទៀតផង។ អ្នកស្រីថា បើគ្មាន ប.ស.ស.ទេ អ្នកស្រីត្រូវចំណាយលើការសម្រាលកូនរហូតដល់ជាង១ពាន់ដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែ ប.ស.ស. បានជួយឱ្យអ្នកស្រីមិនអស់ប្រាក់ ហើយថែមទាំងសល់ប្រាក់នោះវិញ។
អ្នកស្រីប្រាប់ថា៖«ការវះកាត់ ការចាក់វ៉ាក់សាំង ការពិនិត្យផ្ទៃពោះអីគឺរាជរដ្ឋាភិបាល គាត់ជួយចេញ។ និយាយពីការជាក់ស្តែងបើយើងអត់មាន ប.ស.ស. យើងត្រូវការចំណាយច្រើន បើការចំណាយប្រហែលជាជាង១ពាន់ ដោយសារការសម្រាលបើសិនជាដូចប្អូនសម្រាលដោយការវះកាត់ គឺអស់ថ្លៃមុខកាំបិតផង អស់ថ្លៃបន្ទប់ ទៅពេទ្យផង អនាម័យផង ការហូបចុកចឹងគឺចំណាយអស់ច្រើន»។
ស្ត្រីសំបុរស្រអែមមានកូន២នាក់រស់នៅជាមួយគ្រួសារក្នុងបន្ទប់ជួលនៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវនិយាយថា មិនត្រឹមតែអត្ថប្រយោជន៍ក្នុងការសម្រាលកូននោះទេ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការតបណ្តាញទឹក ភ្លើង នៅតាមបន្ទប់ជួល ក៏ជាការជួយសម្រាលបន្ទុកចំណាយឱ្យអ្នកស្រីអាចសន្សំលុយបានខ្លះបន្ថែមទៀត ខណៈប្រាក់ឈ្នួលអប្បបរមាមានការកើនឡើងជាបន្តបន្ទាប់ពី១ឆ្នាំទៅ១ឆ្នាំ។
អ្នកស្រីនិយាយថា៖«ធូរច្រើនបងដោយសាររដ្ឋគាត់ជួយចឹងធូរព្រោះអី បើយើងគិតទៅពីដើមឡើយ យើងអត់ប្រើភ្លើងរដ្ឋអ៊ីចឹង គឺចំណាយអស់ច្រើន ដូចថា គុណនឹង២អ៊ីចឹងណា»។
ប្តីរបស់កម្មការិនី ឆម សុភា លោក ណឹម ប៊ី អាយុជាង៥០ឆ្នាំ បានឱ្យដឹងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈការផ្តល់បណ្ណសមាជិក ប.ស.ស. និងការឧបត្ថម្ភផ្សេងៗទៀត ពិតជាបានលើកកម្ពស់ជីវភាពពលរដ្ឋ កាត់បន្ថយភាពក្រីក្របានយ៉ាងច្រើន។
លោកថា៖«បានធូរស្រាលច្រើន ហើយបានគ្រាន់ព្រោះអីបានខាងបសសជួយគាត់ជួយឧបត្ថម្ភចឹងទៅ ជីវភាពយើងក៏អត់ខ្វះខាតដែរ ចឹងវាអាចថាធូរមួយកម្រិតធំ ។ អត់មាន ប.ស.ស. ជួយ ពិបាកទាំងអស់ យើងប្រឹងដោយកម្លាំងញើសឈាមខ្លួនឯង និងថវិកាផ្ទាល់ខ្លួន ចឹងស្អីក៏ត្រូវការចំណាយ ហើយយើងត្រូវការបញ្ចេញនូវលុយផ្ទាល់ខ្លួនឯងទាំងអស់ ចឹងខ្វះខាតច្រើនមែនទែន»។
សូមបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះ ដែលបានបំពេញតាមលក្ខខណ្ឌកំណត់ ប.ស.ស. នឹងទទួលបានប្រាក់ឧបត្ថម្ភជា៣ដំណាក់កាល ស្មើនឹងចំនួន ១៥លើក គឺចាប់តាំងពីពិនិត្យផ្ទៃពោះ ពេលសម្រាលកូន រហូតដល់កូនមានអាយុក្រោម២ឆ្នាំ។ ក្នុងនោះ ដំណាក់កាលទី១ ជាដំណាក់កាលដែលស្ត្រីទៅពិនិត្យផ្ទៃពោះចំនួន ៤ដង ដោយការពិនិត្យផ្ទៃពោះក្នុងមួយដងៗនឹងទទួលបានប្រាក់ចំនួន ៨ម៉ឺនរៀល។
ដំណាក់កាលទី២ នៅពេលសម្រាល នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០ម៉ឺនរៀលសម្រាប់កូនមួយ បើក្នុងករណីកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន ២សែនរៀល ហើយបើកូនភ្លោះបី នឹងទទួលបានរហូតដល់ ១លាន៦សែនរៀល ព្រមទាំងប្រាក់ឧបត្ថម្ភផ្ទាល់របស់សម្ដេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥លានរៀលបន្ថែមទៀត។ចំណែក ដំណាក់កាលទី៣ ជាដំណាក់ក្រោយសម្រាល រហូតកូនមានអាយុក្រោម២ឆ្នាំនឹងទទួលបានការឧបត្ថម្ភបន្ថែមចំនួន ១០លើក ដោយក្នុងមួយលើកៗទទួលបានថវិកាចំនួន ៨ម៉ឺនរៀល ក្នុងនោះមានការពិនិត្យសុខភាពសម្រាប់ម្តាយចំនួន៣លើក និងការចាក់វ៉ាក់សាំងសម្រាប់កូន ចំនួន៧លើក។ លើសពីនេះស្រ្តីមានផ្ទៃពោះទាំងអស់ ដែលបានបំពេញគ្រប់លក្ខខណ្ឌរបស់ ប.ស.ស នឹងទទួលបានប្រាក់បំណាច់មាតុភាពចំនួន ១២០ភាគរយ នៃប្រាក់ឈ្នួល ដោយ៣០ភាគរយទទួលបានពីម្ចាស់រោងចក្រ និង៧០ភាគរយ បានពី ប.ស.ស ព្រមទាំងអត្ថប្រយោជន៍ផេ្សងៗ ជាច្រើនទៀត។ គោលនយោបាយជាយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើនប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស.
ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំនេះ គឺជាការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខុមាលភាព មាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយ បញ្ហាកង្វះអាហារូបត្ថម្ភ ចាប់តាំងពីកូនក្នុងផ្ទៃ រហូតដល់អាយុក្រោម ២ឆ្នាំ ដែលជួយជំរុញដល់ ការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីឱ្យស្របតាមគោល នយោបាយ ជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល៕
-
ព័ត៌មាន4 days ago
ទាក់ទងនឹងបញ្ហាកោះគុត សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមជ្រុលនិយមថា ដំបៅមិនឈឺកុំយកឈឺចាក់
-
ព័ត៌មាន6 days ago
ឯកអគ្គរដ្ឋទូតទីម័រឡេស្តេចាត់ទុកសម្ដេចតេជោគឺមិនមែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែជាមេដឹកនាំសម្រាប់តំបន់ និងពិភពលោកផងដែរ
-
ព័ត៌មាន1 week ago
រាជរដ្ឋាភិបាលពន្យារបន្ត នៃកិច្ចព្រមព្រៀងប្រេងកាតតំបន់ III ជូនដល់ក្រុមហ៊ុន Total Energies
-
ព័ត៌មាន4 days ago
សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់លើបញ្ហាកោះគុត ទុកឱ្យរដ្ឋាភិបាលដោះស្រាយ
-
ព័ត៌មាន7 days ago
រដ្ឋមន្រី្តក្រសួងសុខាភិបាល ជួបពិភាក្សាការងារជាមួយវិស័យឯកជន ផ្តោតលើផ្នែកប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនក្នុងមន្ទីរពេទ្យ និងការសាងសង់មណ្ឌលចាស់ជរា
-
ព័ត៌មាន5 days ago
ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជា
-
ព័ត៌មាន6 days ago
ក្រុមមហ៊ុន Khazanah នៃប្រទេសព្រុយណេដារូស្សាឡាមបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា
-
ព័ត៌មាន6 days ago
ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញប្រគល់ជ័យលាភីដល់សមណសិស្ស សិស្សពូកែទូទាំងប្រទេសផ្នែកភាសាបាលី-សំស្រ្កឹត និងសូត្របាតិមោក្ខ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥