ព័ត៌មាន
កម្ពុជា-ចិន ប្ដេជ្ញាបន្តសហការលើការងារសន្តិសុខ ការស្វែងរកជនល្មើស និងការពង្រឹងច្បាប់
ភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន បានប្ដេជ្ញាបន្តសហការអនុវត្តលើការងារសន្តិសុខ ការស្វែងរកជនល្មើស និងការធ្វើមាតុភូមិនិវត្តន៍ ការពង្រឹងការអនុវត្តច្បាប់ជាក់ស្តែង ការកសាងសមត្ថភាព ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ ។
ការប្ដេជ្ញានេះ បានធ្វើឡើងតាមរយៈការចុះហត្ថលេខា លើផែនការការងារស្តីពី ការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់បន្ទាប់ពីបានអនុវត្តដោយជោគជ័យ ជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០១៩មក រវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ។
ការចុះហត្ថលេខា រវាងក្រសួងផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក៏ដូចជារវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ក្នុងកិច្ចសហការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ។
បន្ទាប់ពីធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ និងចុះហត្ថលេខា លើឯកសារសហប្រតិបត្តិការ ឯកឧត្តមអភិសន្តិបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការនានា ដែលភាគីចិនបាននិងកំពុងជួយកម្ពុជាលើវិស័យសន្តិសុខ មានទាំងការផ្តល់សម្ភារបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងសកម្មភាពឆបោកតាមអនឡាញជាដើម ។
ជាមួយគ្នានេះ ឯកឧត្តម វ៉ាង ស៊ាវហុង ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នាពេលកន្លងមក ព្រមទាំងបានបង្ហាញក្ដីសង្ឃឹមជឿជាក់ខ្ពស់នៅក្នុងអាណត្តិថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន នឹងកាន់តែមានភាពរីកចម្រើនជាផ្លែផ្កា ហើយភាគីចិន នៅតែបន្តគាំទ្រ និងផ្តល់ជំនួយទាំងផ្នែកពង្រឹងសមត្ថភាព និងសម្ភារផ្សេងៗផងដែរ ។
ទន្ទឹមនឹងការផ្លាស់ប្ដូរយោបល់គ្នា លើប្រធានបទសំខាន់ៗមួយចំនួន ក្នុងជំនួបនោះ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់នូវអំណរសាទរ ចំពោះលទ្ធផល នៃដំណើរទស្សនកិច្ចទាំងពីរលើក របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសចិន កាលពីឆ្នាំ២០២៣ ជាពិសេសការឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដោយបានចុះហត្ថលេខាលើផែនការសកម្មភាព នៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី សម្រាប់ឆ្នាំ២០២៤-២០២៨។
គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៣ ដល់ឆមាសទី១ ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន បានសហការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆ្លងដែនជាច្រើនករណី ដែលមានទាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា អំពើជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀនជាដើម ៕ អត្ថបទ បាន សុខរិទ្ធិ







-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន2 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា