ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា៖ ដំណើរកម្សាន្តទៅទិសឦសានបានបន្សល់ទុកអនុស្សាវរីយ៍រយលានអត្ថន័យ
តាមរយៈបណ្ដាញសង្គមនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ដំណើរកម្សាន្តទៅទិសឦសានជើងទី១ តាមផ្លូវក្រវ៉ាត់ព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី កាលពីថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ ២០២៤ បានបិទបញ្ចប់ដោយជោគជ័យ និងបានបន្សល់ទុកអនុស្សាវរីយរយលានអត្ថន័យសម្រាប់អ្នកចូលរួមក្នុងដំណើរកម្សាន្តដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនេះដែលពុំធ្លាប់មានពីមុន។

ឯកឧត្ដមបន្តថា ទោះបីជាត្រូវធ្វើដំណើររយៈពេលយូរបន្តិចមែន ក៏ប៉ុន្តែ អ្នកចូលរួមទាំងអស់បានសម្តែងក្តីសប្បាយរីករាយដោយបង្ហាញនូវស្មារតីស្រឡាញ់ជាតិ ស្រឡាញ់ទឹកដីកាន់តែខ្លាំង ជាពិសេសគឺជំនឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ ពួកគេបានឃើញផ្ទាល់ភ្នែកនូវសមិទ្ធផលដ៏ធំធេងដែលកើតចេញពីការលះបង់ និងកិច្ចខិតខំប្រឹងប្រែង ពុះពារគ្រប់ឧបសគ្គប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំក្នុងបុព្វហេតុជាតិមាតុភូមិ។

ឯកឧត្ដមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសរំលេចដែរថា មនុស្សក្មេង ចាស់ ប្រុស ស្រី ទាំងព្រះសង្ឃនិងគ្រហស្ថ សរុបប្រមាណជាង ២០០ អង្គ/នាក់ដែលបានចូលរួមក្នុងដំណើរកម្សាន្តដើម្បីឈ្វេងយល់ការពិតអំពីបញ្ហាព្រំដែនជាលើកដំបូងនេះ សុទ្ធតែផ្តិតយកនូវកម្រងរូបថតអនុស្សាវរីយជាច្រើនជាពិសេសជាមួយទង់ជាតិ និងបង្គោលព្រំដែនដែលជាសញ្ញាថា ខ្មែរពិតជាមានមោទនភាពជាតិ និងមានសាមគ្គីភាពរឹងមាំដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីជាមួយរាជរដ្ឋាភិបាល។ អ្នកដំណើរទាំងអស់ក៏ទទួលបានចំណេះដឹងថ្មីៗជាច្រើនពាក់ព័ន្ធនឹងកិច្ចការព្រំដែនដែលពួកគេមិនធ្លាប់មានពីមុន។ ចំណេះដឹងនេះមានសារសំខាន់ណាស់ដែលប្រជាពលរដ្ឋខ្មែរ និងយុវជនគួរទទួលបានតាមរយៈការចូលរួមដំណើរកម្សាន្តនេះ។

ឯកឧត្ដម ប៉ែន បូណា បានថ្លែងអំណរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តួចផ្តើមឱ្យមានដំណើរកម្សាន្តដោយឥតគិតថ្លៃប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅនេះឡើង។ ជាមួយគ្នានេះឯកឧត្ដមក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឥស្សរជនរៀមច្បងទាំងអស់ដែលបានលះបង់គ្រប់យ៉ាងដើម្បីការពារជីវិតខ្មែរ ការពារសន្តិភាព ការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ជាពិសេសការពារអត្តសញ្ញាណខ្មែរនិងព្រះរាជាណាចក្រកម្ពុជាដែលយើងទាំងអស់គ្នាបានរស់នៅរហូតសព្វថ្ងៃ៕



-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
