ព័ត៌មាន
រដ្ឋមន្រ្តីកសិកម្ម ជំរុញឲ្យស្ថាប័នពាក់ព័ន្ធបង្កើនកិច្ចសហការជាមួយវិស័យឯកជន ដើម្បីធានាដល់សន្តិសុខស្បៀង
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្មផ្នែកឯកជន បានបើកកិច្ចប្រជុំរួមគ្នាមួយ ដោយផ្តោតលើរបៀបវារៈសំខាន់ៗចំនួន ៣ គឺការគ្រប់គ្រងផលវារីវប្បកម្មក្នុងស្រុកនិងនាំចូល ការបង្កើតគណៈកម្មាធិការទ្រទ្រង់វិស័យវារីវប្បកម្ម និងការស្នើសុំទិន្នន័យផ្នែកចិញ្ចឹមក្នុងវិស័យកសិកម្ម។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៨ កញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការងារអន្តរស្ថាប័នទាំងរដ្ឋ និងវិស័យឯកជន ទាមទារឲ្យមានការសហការគ្នាល្អ កសាងទំនុកចិត្តជាមួយគ្នា ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា វិភាគវាយតម្លៃឱ្យបានច្បាស់លាស់ និងមានផលប្រយោជន៍រួមជាលក្ខណៈសេដ្ឋកិច្ច និងធានានូវសន្តិសុខស្បៀង។

ក្នុងអង្គប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាពក្នុងការបង្កើតឲ្យមានក្រុមការងារចំពោះកិច្ច ដោយកំណត់ទិសដៅ ជាផែនការយុទ្ធសាស្រ្តវាយតម្លៃប្រភេទត្រី ពូជត្រី តម្រូវការក្នុងស្រុក និងការនាំចូល ការលើកកម្ពស់វារីវប្បកម្ម ស្ថេរភាពនៃការផ្គត់ផ្គង់ និងសិក្សាពីឧត្តមភាពសេដ្ឋកិច្ចពូជត្រី ដែលមានភាពចំនេញក្នុងទីផ្សារ។ លើសពីនេះ ឯកឧត្តម បានគូសបញ្ជាក់ថា ក្រុមការងារខាងលើនេះ ត្រូវមានការចូលរួមពីអន្តរក្រសួងពាក់ព័ន្ធ វិស័យឯកជនដែលមានជាតំណាងវារីវប្បករ សហគមន៍នេសាទ អ្នកនាំចូលផលិតផលជលផល ដោយកំណត់តួអង្គឲ្យបានច្បាស់លាស់។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការកសាងទំនុកចិត្ត គឺជាកត្តាសំខាន់ដែលត្រូវមានភាពជាដៃគូទាំងរដ្ឋ និងវិស័យឯកជន ព្រមទាំងសហការជាមួយគម្រោងនានា ដោយត្រូវមានផែនការច្បាស់លាស់ ហើយក្រសួងនឹងជួយគាំទ្របន្ថែមផ្នែកបច្ចេកទេស ការស្រាវជ្រាវពូជត្រី ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ក្នុងទីផ្សារ ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច និងមានភាពចំនេញដល់អ្នកចិញ្ចឹម៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង