ព័ត៌មាន
សម្ដេចតេជោ៖ នៅក្នុងប្រទេសអាស៊ានទាំង១០ កម្ពុជាជាប់បានពិន្ទុល្អក្នុងការយកចិត្តទុកដាក់លើស្ត្រី
ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី យ៉ាម៉ាណាកា អាគិកុ (YAMANAKA AKIKO) អតីតអនុរដ្ឋមន្ត្រីការបរទេស និងជាឯកអគ្គរាជទូតពិសេសទទួលបន្ទុកកសាងសន្តិភាព នៃរាជរដ្ឋាភិបាលជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា នៅក្នុងប្រទេសអាស៊ានទាំង១០កម្ពុជាជាប់បានពិន្ទុល្អក្នុងការយកចិត្តទុកដាក់លើស្ត្រី។
ពាក់ព័ន្ធនឹងការវិនិយោគលើស្ត្រីសម្តេចតេជោមានប្រសាសន៍ថា នៅក្នុងប្រទេសអាស៊ានទាំង១០ កម្ពុជាជាប់បានពិន្ទុល្អក្នុងការយកចិត្តទុកដាក់លើស្ត្រី។ ជាក់ស្តែង កម្ពុជាមានគោលនយោបាយជាតិគាំពារសង្គមដែលយកស្ត្រីជាមូលដ្ឋាន ជាពិសេសការយកចិត្តទុកដាក់ទៅលើស្ត្រីដែលមានផ្ទៃពោះ ដោយផ្តល់ការឧបត្ថម្ភចាប់តាំងពីមានផ្ទៃពោះរហូតដល់ពេលសម្រាលកូន ទាំងការពិនិត្យសុខភាពនៅមន្ទីរពេទ្យ រហូតដល់កុមារកើតមកអាយុ២ឆ្នាំ។
សម្ដេចតេជោមានប្រសាសន៍ថា បច្ចុប្បន្ន ស្ត្រីដែលជាកម្មការិនី ក្នុងអំឡុងពេលសម្រាកមាតុភាព៣ខែ មានប្រាក់បៀវត្សចំនួន១២០% ដែលសម្តេចបានលើកឡើងថាប្រហែលជាប្រទេសដទៃមិនទាន់មានគោលការណ៍នេះនៅឡើយទេ ហើយរាជរដ្ឋាភិបាលអាណត្តិថ្មីកំពុងតែខិតខំប្រឹងប្រែងដើម្បីអនុវត្តដូចគ្នានេះដែរ ចំពោះមន្ត្រីរាជការ។
សម្តេចតេជោ បានបន្តថា សម្ដេចក៏បានណែនាំឱ្យក្រសួងកិច្ចការនារី និងក្រសួងអប់រំ យកចិត្តទុកដាក់ក្នុងការជំរុញឱ្យស្ត្រី ទទួលបានការសិក្សាខ្ពស់ ដោយបច្ចុប្បន្ននេះ ចាប់ពីថ្នាក់បឋមដល់មធ្យមសិក្សាចំនួនស្ត្រីមានច្រើនប៉ុន្តែចំនួននេះបានថយចុះនៅពេលដែលចូលដល់កម្រិតបរិញ្ញាប័ត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិត ដោយសារកត្តាប្រពៃណីសង្គម។
សម្តេចបានជម្រាបថា ក្នុងនាមជាអនុប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សម្តេចបានបន្តរួមចំណែកនិងធ្វើការរួមគ្នាដើម្បីស្ត្រីតាមរយៈការទម្លាក់ថវិកាផ្ទាល់ ការបង្កើតក្រុមមេធាវី ការស្វះស្វែងផ្តល់ឱកាសដល់ស្ត្រីជាពិសេសគឺការដាក់ចេញនូវកូតាចំនួនស្ត្រីក្នុងគណៈអភិបាលខេត្ត-ស្រុក និងក្នុងជួរថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័ននានា។ តួយ៉ាងកម្ពុជាមានស្ត្រីជាប្រធានសភាដំបូងក្នុងប្រវត្តិសាស្ត្រ និងរដ្ឋមន្ត្រីជាច្រើននាក់ផ្សេងទៀតជាស្ត្រី។ សម្តេចមានប្រសាសន៍ថា កម្ពុជាជាប្រទេសមាតាធិបតេយ្យ ដូចនេះត្រូវវិនិយោគលើស្ត្រីបន្ថែមទៀត ដែលសម្តេចមានពាក្យស្លោកមួយថា «ជួយស្ត្រី គឺជួយខ្លួនឯង» ហើយអ្វីដែលត្រូវយកចិត្តទុកដាក់បន្តគឺស្ត្រីត្រូវជួយស្ត្រីគ្នាឯង។ សម្តេចបានជម្រាបជូនលោកស្រីសាស្ត្រាចារ្យថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១នៅក្នុងអាស៊ាន ចំពោះចំនួននៃការបញ្ជូនកងទ័ពស្ត្រីនៅក្នុងប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ក្នុងឱកាសនោះលោកស្រី យ៉ាម៉ាណាកា អាគិកុ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកស្រីចូលជួបសម្តែងការគួរសមនេះ។ លោកស្រីបានរំលឹកពីជំនួបជាមួយសម្តេចកាលពីជាង២០ឆ្នាំមុន ដែលសម្តេចបានផ្តល់កិត្តិយសក្នុងបទសម្ភាសន៍នៅក្នុងកម្មវិធី «Voice of Asia to the West» ក្រោមការរៀបចំរបស់មូលនិធិសាសាកាវ៉ា។ លោកស្រីសាស្ត្រាចារ្យបានវាយតម្លៃខ្ពស់ និងអបអរសាទរ សម្ដេចដែលបានដឹកនាំប្រទេស សម្រេចបានការអភិវឌ្ឍន៍យ៉ាងត្រចះត្រចង់ និងអបអរសាទរចំពោះភាពជោគជ័យដែលសម្ដេចបានបណ្ដុះបណ្ដាលបុត្រាបុត្រីសម្ដេចសម្រាប់បន្តវេន ដែលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស៕
-
ព័ត៌មាន7 days agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន7 days agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន6 days agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន6 days agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន6 days agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន6 days agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន6 days agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥