Connect with us

ព័ត៌មាន

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារ ជាមួយ​អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌​ចិន

នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី, ឯកឧត្ដម វង្សី វិស្សុត ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី, ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និង​ជា​ប្រធាន​គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអនុញ្ញាតឱ្យឯកឧត្ដម WANG Zhenjiang អនុ​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូល​ជួប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារ នៅក្នុងឱកាស​ដែល​ឯកឧត្តម​ដឹកនាំ​គណៈ​ប្រតិភូ​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា ដើម្បីពង្រឹងកិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅលើ​វិស័យ​ច្បាប់ និង​យុត្តិធម៌​រវាង​កម្ពុជា-ចិន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម វង្សី វិស្សុត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្ដម WANG Zhenjiang និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា និង​ជូនពរឱ្យទទួលបានជោគជ័យ។ ពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-ចិន, ឯកឧត្តម​ឧប​នាយករដ្ឋ​មន្រ្តី​ប្រចាំ​ការ មានប្រសាសន៍ថា ទំនាក់ទំនងជាមិត្តភាពរវាងកម្ពុជា-ចិន មានប្រវត្តិយូរ​លុង​ណាស់​មក​ហើយ​។ ចិនជាមិត្តល្អរបស់កម្ពុជា និងគួរប្រកាន់យក តាម រយៈព្រឹត្តិការណ៍ជា​ប្រវត្តិសាស្រ្ត​រាប់ពាន់ឆ្នាំកន្លងមក និងរីកលូតលាស់មកទល់សព្វថ្ងៃ។ ឯកឧត្តមបានបន្តថា ទំនាក់​ទំនងការទូតរវាងកម្ពុជា-ចិន ត្រូវបានបង្កើតឡើងដោយ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសចិន ហើយត្រូវបានពូនជ្រំ ថែបំប៉ន និង​បានបន្ដរីកលូតលាស់យ៉ាងរឹងមាំ ក្រោមការដឹកនាំរបស់សមេ្តចតេជោ ហ៊ុន សែន និង​ឯកឧត្តម​ប្រធានាធិបតី Xi Jinping ដោយបានប្រែក្លាយ​ទំនាក់​ទំនង​រវាង​ប្រទេ​ស​ទាំង​ពីរឈាន​ទៅ​ជា​ភាព​ដៃគូ​សហប្រតិបតិ្តការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ហើយ​បាន​បង្កើត​សហគមន៍​ជោគវាសនារួមកម្ពុជា-ចិន។ ទំនាក់ទំនងនេះ កាន់តែត្រូវបានពង្រឹង និងពង្រីក​ដល់​កម្រិត​ខ្ពស់​ថ្មីមួយទៀត គឺកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនពី សមេ្តចតេជោ ហ៊ុន សែន។

ឯកឧត្ដម WANG Zhenjiang បានសម្ដែងនូវ​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ​ឯកឧត្ដម​ឧបនាយក​រដ្ឋ​មន្ត្រីប្រចាំការ ដែលបានធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅ និងអនុញ្ញាតឱ្យ​មាន​ជំនួប​នា​ពេល​នេះ។​ ឯកឧត្ដមអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិនក៏បានជម្រាបជូនផងដែរ អំពីតួនាទី​ភារកិច្ច​សំខាន់​ៗ និងរចនាសម្ព័ន្ធរបស់ក្រសួងយុត្តិធម៌ចិន ក៏ដូចជា​សមិទ្ធផល​ដែល​សម្រេច​បាន​នា​ពេល​កន្ល​ង​មក ពិសេសពាក់ព័ន្ធនឹងការកសាងច្បាប់។ ទន្ទឹមនេះ ឯកឧត្តម​ក៏​បាន​ចែក​រំលែក​អំពី​កិច្ច​ដំណើរ​ការ និងបែបបទនីតិវិធី នៃការកសាងច្បាប់របស់ប្រទេសចិន ចាប់ពីដំណាក់កាលតា​ក់​តែង​ដំបូង រហូតដល់ដំណាក់កាលនៃការតាមដានអនុវត្តច្បាប់ ក៏ដូចជាសមត្ថកិច្ច​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ក្នុងដំណាក់កាលនីមួយៗ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបផងដែរ អំពីបទ​ពិសោធន៍ នៃ​ការកែទម្រង់ច្បាប់ និងគោល​ការណ៍​សំខាន់​ៗ​ក្នុង​ការ​កសាង​ប្រព័ន្ធ​ច្បាប់​របស់​ប្រទេស​ចិន សំដៅគាំទ្រដល់ការកសាង និងការធ្វើទំនើបកម្មសង្គមតាមបែបចិន ក៏ដូច​ជា​ការ​បំពេញ​សេចក្តី​ត្រូវការរបស់ប្រជាជនចិន។

ឯកឧត្តម វង្សី វិស្សុត បន្តមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា​ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាស​វៃ​របស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ តែងបានប្រកាន់ខ្ជាប់នូវ​គោលការណ៍​នៃ​ការ​ពង្រឹង​នីតិរដ្ឋនៅកម្ពុជា ដោយបាននិងកំពុងកសាងប្រព័ន្ធច្បាប់និងការកែទម្រង់ច្បាប់ ដោយឈរ​លើ​គោលការណ៍ភាពជាម្ចាស់, គុណតម្លៃនៃវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់, យុត្តិធម៌ និង​សមភាព​នៅ​ចំពោះមុខច្បាប់, ការពារសិទ្ធិនិងសេរីភាពប្រជាជន, បរិការណ៍នៃសង្គមនិងសេដ្ឋកិច្ច, ឧត្តមានុវត្តន៍ជាអន្តរជាតិ និងគោលការណ៍នៃការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា​ជាដើម។ល។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើង​អំពី​មុខងារ​របស់​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តីលើការងារពាក់ព័ន្ធនឹងការកសាងច្បាប់ ដែលមានក្រុមប្រឹក្សាអ្នកច្បាប់ និង​គណៈ​កម្មាធិការដឹកនាំការកែទម្រង់ច្បាប់ដែលជាសេនាធិការ ក៏ដូចជាតួនាទី និងភារកិច្ច​រវាង​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់ និងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ផងដែរ។

ឯកឧត្តម វង្សី វិស្សុត បានលើកឡើងផងដែរថា ទោះបីប្រព័ន្ធនយោបាយរវាងកម្ពុជា និងចិន មិន​ដូចគ្នាក៏ពិតមែន តែភាគីទាំងពីរក៏អាចធ្វើការរៀនសូត្រ និងចែករំលែកបទពិសោធល្អៗពីគ្នា ពាក់​ព័ន្ធ​នឹង​ការកសាងប្រព័ន្ធច្បាប់ និងការកែទម្រង់ច្បាប់បានផងដែរ។ ម្យ៉ាងវិញទៀត ប្រព័ន្ធ​ច្បាប់​របស់​ចិន​ក៏​មាន​ភាព​ជឿនលឿនផងដែរ ហើយបច្ចុប្បន្នចិន គឺជាដៃគូសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ធំ​ជាង​គេរ​បស់កម្ពុជា ហើយនៅកម្ពុជាក៏មានវត្តមាននៃវិនិយោគិនចិនកំពុងធ្វើការវិនិយោគ និង​ធ្វើ​ធុរកិច្ច​ច្រើន​ផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងឯកឧត្ដម WANG Zhenjiang បានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់គ្នាផងដែរ លើការពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការលើវិស័យនីតិកម្មរវាងទីស្ដីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌នៃប្រទេសចិន តាម​រយៈ​ការពិនិត្យលទ្ធភាពក្នុងផ្លាស់ប្តូរដំណើរទស្សនកិច្ចការងារ, ការបណ្តុះបណ្តាល និង​ការ​កសាង​សមត្ថភាពផ្នែកច្បាប់ ព្រមទាំងការផ្លាស់ប្តូរបទពិសោធល្អៗ ក្នុងការកែទម្រង់ច្បាប់។ នៅចុងបញ្ចប់ ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ និងប្រកប ដោយ​ផ្លែផ្កា៕​

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia