ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងអនុវត្តភារៈកិច្ចប្រកបដោយប្រសិទ្ធិភាព
រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ព្រោះថាសាមគ្គីភាពផ្ទៃក្នុងមានសារៈសំខាន់ណាស់។

ក្នុងអញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា មន្ទីរទាំងអស់ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង និងរាជធានី-ខេត្ត ដោយក្រសួងជាឪពុក ឯរាជធានី-ខេត្តជាម្ដាយ រាល់សកម្មភាពការងាររបស់មន្ទីរ គឺដឹកនាំបញ្ជាពីក្រសួង និងរាជធានី-ខេត្ត បើក្រសួង និងរាជធានី-ខេត្ត ដែលជាឪពុកម្ដាយ មិនស៊ីចង្វាក់គ្នា នោះការងាររបស់មន្ទីរក៏មានបញ្ហាទៅតាមនោះដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺបានបន្ស៊ីការងារគ្នា និងដាក់ទិសដៅតែមួយឲ្យមន្ទីរក្រោមឱវាទអនុវត្តមិនធ្លាប់មានបញ្ហាទេ។

ឯកឧត្តម ឌិត ទីណា បានបន្តថា តំណែងប្រធានមន្ទីរឥឡូវ ឋានៈស្មើនឹងប្រធាននាយកដ្ឋាន ពោលគឺតែងតាំងដោយអនុក្រឹត្យ ខណៈដែលពីមុនតែងតាំងដោយប្រកាសប៉ុណ្ណោះ។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តរបស់រាជរដ្ឋាភិបាល ប្រធានមន្ទីរទាំងអស់ត្រូវបំពេញការងារឲ្យបានល្អប្រសើរទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ។ មួយវិញទៀត ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ព្រោះថាសាមគ្គីភាពផ្ទៃក្នុងនេះ មានសារៈសំខាន់ណាស់ បើគ្មានសាមគ្គីភាពផ្ទៃក្នុងទេ ការអនុវត្តការងារពិតជាមិនទទួលបានជោគជ័យនោះទេ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងពីស្ថានភាពការងាររដ្ឋបាលរាជធានីភ្នំពេញ និងការងារសន្តិសុខសណ្ដាប់ធ្នាប់ទូទៅ ដែលការងារនេះរដ្ឋបាលរាជធានីភ្នំពេញអនុវត្តបានយ៉ាងល្អរហូតទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។

ឯកឧត្ដម ឃួង ស្រេង លើកឡើងថា ចំពោះការតែងតាំងប្រធានមន្ទីរថ្មីនេះ ធ្វើឡើងជាធម្មតាសម្រាប់មន្ត្រីរាជការ ដើម្បីសម្រួលភារកិច្ចឲ្យមន្ទីរអនុវត្តការងារកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្ដមអភិបាលរាជធានីបានស្នើឲ្យប្រធានមន្ទីរកសិកម្មថ្មីត្រូវសហការឲ្យបានល្អជាមួយមន្ត្រីក៏ដូចជាអាជ្ញាធរដែនដីលើវិស័យកសិកម្មនេះ ពិសេសរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង។

នៅក្នុងឱកាសនោះដែរ លោក ញ៉ែម តារារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញថ្មី បានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញដែលបានផ្ដល់នូវជំនឿទុកចិត្ត តែងតាំងលោកជាប្រធានមន្ទីរកសិកម្ម។ ដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តនេះ លោកបានប្តេជ្ញាចិត្តបំពេញការងារជូនអង្គភាព ក្រសួងកសិកម្ម និងរដ្ឋបាលរាជធានីភ្នំពេញឲ្យបានល្អបំផុត រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ធ្វើអ្វីៗដើម្បីផលប្រយោជន៍រួម។ លោកប្ដេជ្ញា បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋលើវិស័យកសិកម្មនេះឲ្យកាន់តែល្អប្រសើរជាមួយនឹងការពង្រឹងប្រមូលពន្ធតាមអ្វីដែលអាចធ្វើទៅបាន៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា