ព័ត៌មាន
ព្រះមហាក្សត្រ៖ សុខសន្តិភាពរបស់កម្ពុជា បាននាំមកនូវសន្តិភាពនៅតំបន់ទន្លេមេគង្គ និងអាស៊ាន
តាមរយៈព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះអង្គទ្រង់មានព្រះរាជបន្ទូលថា សុខសន្តិភាពរបស់កម្ពុជា បាននាំមកនូវសន្តិភាពនៅតំបន់ទន្លេមេគង្គ ធានាបាននូវការកសាងសហគមន៍អាស៊ានដ៏ស្រស់បំព្រង និងជំរុញការធ្វើសមាហរណកម្មដ៏សកម្មរបស់កម្ពុជា ទៅក្នុងតំបន់និងសកលលោក ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម នយោបាយ សាសនា វប្បធម៌ ទេសចរណ៍។
ក្នុងឱកាសនោះព្រះករុណាព្រះមហាក្សត្រ មានព្រះហឫទ័យសោមនស្សរីករាយជាអនេក អបអរសាទរពិធីបើកសម័យប្រជុំពេញអង្គលើកទី ១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
ព្រះករុណាមានព្រះរាជបន្ទូលថា សភាអន្តរជាតិ IPTP សម្រាប់កម្ពុជា គឺជាការអនុវត្តគោលនយោបាយការទូតសភាកម្ពុជា ដែលមានស្ថាបនិកសន្តិភាព គឺសម្តេចអគ្គមហាសេនាបតីតេជោ ៊ុន សែន ដែលបានបង្កើតនូវគោលនយោបាយឈ្នះ-ឈ្នះ ដ៏មានប្រសិទ្ធភាព ហើយបានបញ្ចប់សង្គ្រាមទាំងស្រុងជាស្ថាពរ សម្រេចបាននូវសន្តិភាព ការផ្សះផ្សាជាតិ ឯកភាពជាតិ ឯកភាពទឹកដី ការពារបាននូវ សាមគ្គីភាពជាតិ ឯករាជជាតិ បូរណភាពទឹកដី និងវឌ្ឍភាពសង្គម ដែលរួមគ្នាជាធ្លុងមួយ ក្នុងដំណើរស្វែងរកសន្តិភាព និង ការផ្សះផ្សាជាតិ ជាមួយព្រះវររាជបិតារបស់ខ្ញុំ គឺ សម្តេចព្រះ នរោត្តម សីហនុ ដែលជាព្រះវរ រាជបិតាឯករាជជាតិ ព្រមទាំង ព្រមទាំងវីរជនជាតិដ៏ឆ្នើមៗមួយចំនួន ក្រោមអគ្គមគ្គុទ្ទេសក៍ឯក បញ្ញាញាណ គតិបណ្ឌិត និងឧត្តមគតិស្នេហាជាតិដ៏ខ្ពង់ខ្ពស់ និងមហាវិសេសវិសាលឥតកាត់ ថ្លៃបាន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
ព្រះករុណាមានព្រះរាជបន្ទូលបន្ថែមថា សុខសន្តិភាពរបស់កម្ពុជា បាននាំមកនូវសន្តិភាពនៅតំបន់ទន្លេមេគង្គ ធានាបាននូវការកសាងសហគមន៍អាស៊ានដ៏ស្រស់បំព្រង និងជំរុញការធ្វើសមាហរណកម្មដ៏សកម្មរបស់កម្ពុជា ទៅក្នុងតំបន់និងសកលលោក ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម នយោបាយ សាសនា វប្បធម៌ ទេសចរណ៍ ព្រមទាំងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាល កម្ពុជា បានពុះពារ លះបង់ និងប្តេជ្ញា យ៉ាងមុតមាំនិងខ្លាំងក្លាបំផុត ចាប់តាំងពីអាណត្តិទី១ នៃ រដ្ឋសភា មកដល់អាណត្តិទី៧ នេះ ។
ព្រះរាជាណាចក្រកម្ពុជា ក៏ទទួលជោគជ័យដ៏ឧត្តុង្គឧត្តមមួយទៀត ក្នុងការស្វែងរក និងផ្តល់យុត្តិធម៌អន្តរកាល ក្នុងស្មារតីធានាយុត្តិធម៌ដល់ជនរងគ្រោះដែលបានរងទារុណកម្ម និងការកាប់សម្លាប់ ទន្ទឹមពេលធានាសន្តិភាពដល់អ្នករស់រានមានជីវិត ពីរបបប្រល័យពូជ សាសន៍ដ៏ឃោរឃៅនិងយង់ឃ្នងរបស់ខ្មែរក្រហម ១៩៧៥-១៩៧៩។ តាមរយៈបទពិសោធន៍ នៃសន្តិភាពរបស់កម្ពុជា កម្ពុជាបានប្រែក្លាយពីប្រទេសទទួលកងកម្លាំងរក្សាសន្តិភាព ទៅជាប្រទេសនាំមុខមួយនៅក្នុងតំបន់ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការ សហប្រជាជាតិ ហើយបាននិងកំពុងចូលរួមក្នុងបេសកកម្មស្វែងរកសន្តិភាព និងកិច្ចការ មនុស្សធម៌ដទៃៗទៀតជុំវិញពិភពលោក៕



-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦