ព័ត៌មាន
ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ប្រជុំបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥
ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នារសៀលថ្ងៃទី២៤ ខែមករានេះ បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងាររបស់គណៈវិស្វករកម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា។
ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈវិស្វករកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ប្រកបដោយផ្លែផ្កា និងមានប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាល ការចុះបញ្ជី និងការផ្សព្វផ្សាយតាមក្រសួង ស្ថាប័ន និងរាជធានី ខេត្ត។ គិតត្រឹមឆ្នាំ២០២៤ មានវិស្វករដែលបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជាសរុបចំនួនជាង ៨,០០០នាក់ ក្នុងនោះវិស្វករបរទេស ចំនួន ១១៧នាក់។
ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ឯកឧត្តម ហេង សួរ បានផ្ដល់នូវអនុសាសន៍សម្រាប់សមាជិក សមាជិកា ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដូចជា៖ ត្រូវជួយសម្រួលនិងបង្កលក្ខណៈងាយស្រួលជូនថ្នាក់ដឹកនាំដែលមានបទពិសោធន៍ជំនាញ វិស្វកម្ម ចូលរួមវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្មដល់បេក្ខជនវិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន និងជួយជំរុញឱ្យមន្ដ្រី បុគ្គលិកក្រោមឱវាទ ឬពាក់ព័ន្ធការងារវិស្វកម្មក្នុងវិស័យរបស់ខ្លួនដែលជាវិស្វករ មកចុះបញ្ជីនៅគណៈវិស្វករកម្ពុជា, ជួយគាំទ្រនូវធនធានបច្ចេកទេសដល់ការងារបណ្តុះបណ្តាលបង្កើនសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈ ដល់វិស្វករចុះបញ្ជីនៅគណៈវិស្វករកម្ពុជាឱ្យស្របទៅតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងអនាគត។ និងចូលរួមសហការក្នុងទំនាក់ទំនងអន្តរជាតិ ជាមួយនឹងស្ថាប័នវិស្វកម្មអាស៊ាន, គណៈកម្មការសម្របសម្រួលអាជីពឆ្នើមអាស៊ាន និងស្ថាប័នសហព័ន្ធវិស្វកម្មអាស៊ី និងប៉ាស៊ីហ្វិក ដើម្បីសម្រួលចល័តភាពសេវាវិស្វកម្មក្នុងតំបន់។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្ដល់នូវអនុសាសន៍សម្រាប់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជាផងដែរដូចជា៖ ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួន ដូចជាការត្រួតពិនិត្យ វាយតម្លៃ ចុះបញ្ជី និងផ្តល់គោរមងារជាវិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន ប្រកបដោយគុណវុឌ្ឍិ ពិសេសគឺការនាំយកនូវជំនាញ និងបទពិសោធន៍ល្អៗ ផ្តល់ជូនដល់វិស្វករចុះបញ្ជីក្នុងការបង្កើនសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរស្របតាមតម្រូវការនៃការអនុវត្តសង្គមជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧