ព័ត៌មាន
ឯកឧត្តម កែវ រ៉េមី ចុះសួរសុខទុក្ខ និងនាំយកថវិកា ជូនអង្គការកុមារកំព្រា
នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃ គ.ស.ម.ក. បានចុះទៅសួរសុខទុក្ខ សំណេះសំណាល និងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៅជូនអង្គការការអភិវឌ្ឍកុមារកម្ពុជា ដែលមានទីតាំងក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ថវិកាយកទៅប្រគល់ជូននេះ បានមកពីសប្បុរសជនដែលបានចូលរួមឧបត្ថម្ភ និងបានចូលរួមរត់ក្នុងកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌ និងអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបលើកទី៧៦ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង។

សូមបញ្ជាក់ថា នេះជាលើកទី១៦ហើយ ដែល គ.ស.ម.ក. បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគទៅប្រគល់ជូនអង្គការនេះ ដែលជាការរួមចំណែកមួយក្នុងការជួយសម្រាលបន្ទុករបស់អង្គការផង ហើយក៏ក្នុងន័យជួយធានាឱ្យកុមារដែលរស់នៅទីនោះមានឱកាសកាន់តែល្អប្រសើរឡើងក្នុងការទទួលបានប្រកបដោយសមភាព និងសមធម៌នូវសិទ្ធិសេរីភាពជាមូលដ្ឋានផ្សេងៗ ជាពិសេស សិទ្ធិសុខភាព និងសិទ្ធិទទួលបានការអប់រំ ជាដើម។ សូមបញ្ជាក់ថា ក្នុងចំណោមកុមារដែលរស់នៅក្នុងអង្គការនេះ មានកុមារមួយចំនួន ដែល គ.ស.ម.ក. បានសម្របសម្រួលយកចេញពីពន្ធនាគារដោយមានការឯកភាពពីម្ដាយរបស់ពួកគេ ដើម្បីឱ្យពួកគេមានលទ្ធភាពទទួលបានសិទ្ធិជាមូលដ្ឋានរបស់ខ្លួនដូចកុមារផ្សេងៗទៀតដែរ។ ទន្ទឹមនឹងនេះ គ.ស.ម.ក. ក៏តែងតែសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការនាំយកកុមារទាំងនោះទៅជួបជុំជាមួយម្ដាយពួកគេ ដែលជាទូទៅបីខែជួបម្តង និងបានស្នាក់នៅជាមួយម្ដាយបីយប់បួនថ្ងៃក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ផងដែរ។

នៅក្នុងឱកាសនោះ ក្រៅពីការសួរសុខទុក្ខ ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្ដាំផ្ញើឱ្យកូនៗទាំងអស់ត្រូវចេះស្ដាប់ដំបូន្មាន ចេះថែទាំសុខភាព និងខិតខំសិក្សារៀនសូត្រ ដើម្បីរៀបចំដំណើរជីវិតរបស់ខ្លួនឱ្យបានល្អប្រសើរ និងក្លាយជាពលរដ្ឋល្អក្នុងសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលតែងតែបើកនិងផ្ដល់ឱកាសឱ្យប្រជាជនទាំងអស់ ក្នុងការកសាងនិងអភិវឌ្ឍន៍ខ្លួនដោយស្មើៗគ្នានិងដោយគ្មានការរើសអើង។ បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានស្នើឱ្យគណៈគ្រប់គ្រងនិងបុគ្គលិកនៅក្នុងអង្គការបន្ដយកចិត្តទុកដាក់ថែទាំកុមារទាំងអស់ឱ្យបានល្អ និងត្រូវជៀសវាងដាច់ខាតនូវការប្រព្រឹត្តអំពើបំពានណាមួយទៅលើសិទ្ធិរបស់ពួកគេ ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្ស ដែលជាសសរស្ដម្ភនៃការកសាងនិងអភិវឌ្ឍន៍ជាតិ។

ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីថា នឹងបន្ដខិតខំស្វះស្វែងកៀរគរប្រមូលមូលនិធិពីសប្បុរសជននានា ដើម្បីជួយដល់អង្គការនេះបន្តទៀត ហើយ ឯកឧត្តម ក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ឱ្យចូលរួមឧបត្ថម្ភគាំទ្រដល់អង្គការនេះ ដែលជាកាយវិការមួយបង្ហាញនូវវប្បធម៌ចែករំលែក ស្មារតី មនុស្សធម៌ និងការលើកកម្ពស់សិទ្ធិកុមារ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ថា្នក់ដឹកនាំ និងសប្បុរសជនទាំងអស់ ហើយ ឯកឧត្តម ក៏មានជំនឿយ៉ាងមុតមាំថា ថា្នក់ដឹកនាំ និងសប្បុរសជនទាំងអស់ នឹងបន្ដគាំទ្រនិងគាំទ្រកាន់តែខ្លាំងឡើង ក្នុងករណី គ.ស.ម.ក. រៀបចំកម្មវិធីសប្បុរសធម៌ផ្សេងៗទៀតនាពេលខាងមុខ ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា អង្គការមនុស្សចាស់ និងអង្គការកុមារកំព្រា ជាដើម៕





-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច